ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ក្រុង​ឡុងដ៍​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​កាំបិត


ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ដើរ​ល្បាត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ទីលាន Russell នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ដើរ​ល្បាត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ទីលាន Russell នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

អ្នក​ទីក្រុង​ឡុងដ៍​បាន​ភ្ញាក់​ពី​ដំណេក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឃើញ​វត្តមាន​ប៉ូលិស​ដ៏​ច្រើន​នៅ​តាម​ផ្លូវ​នានា​ទូទាំង​រាជធានី​បន្ទាប់​ពី​បុរស​ម្នាក់​បាន​ចាក់​ស្រ្តី​ម្នាក់​ស្លាប់​ហើយ​មនុស្ស​៥​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​អ្វី​ដែល​ប៉ូលិស ​ជឿជាក់​ថា ​អាច​ជា​សកម្មភាព​ភេរវកម្ម។

ប៉ូលិស ​បាន​ចាប់​ខ្លួន​បុរស​អាយុ​១៩​ឆ្នាំ​ម្នាក់​នៅ​ទីលាន Russell ​នៅ​ជិត​សាកល​វិទ្យាល័យ London ​បន្ទាប់​ពី​ធ្វើ​ឲ្យ​បុរស​នោះ​កម្រើក​ខ្លួន​លែង​រួច​ដោយ​ការ​ប្រើ​ប្រដាប់​ឆក់ Taser។​ បុរសដែល​គេ​មិន​ទាន់​ប្រាប់​ឈ្មោះ​ជា​សាធារណៈ​នោះ ​បច្ចុប្បន្ន​នេះ ​បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស​នៅ​ក្បែរ​មន្ទីរពេទ្យ។

​លោក Bernard Hogan-Howe ​ប្រធាន​ប៉ូលិស​ក្រុង ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «ក្នុង​ទីកន្លែង​សំខាន់ៗ​ខ្លះ​របស់​យើង ​យើង​មានប៉ូលិស​ដើរ​ល្បាត​ប្រដាប់​អាវុធ​រួច​ទៅ​ហើយ​ បើ​អស់​លោក​អ្នក ​មើល​សភា គេហដ្ឋាន​នាយក​រដ្ឋ​មន្រ្តី​នៅ Downing Street វា​មិនមែន​ថ្មី​ទាំង​ស្រុង​ទេ។​ ខ្ញុំ ​គិត​ថា ​ពលរដ្ឋ​យល់​ថា​ទី​កន្លែង​ណា​ដែល​អស់​លោក ​អ្នក​ធ្វើ​ដំណើ​រទៅ​មាន​មនុស្ស​ជា​សត្រូវ​ដែល​មាន​កាំភ្លើង ​យើង​ក៏​ត្រូវ​មាន​កាំភ្លើង​ដែរ‍»។

ការ​សម្រេច​ដើម្បី​ដាក់​ប៉ូលិស​ប្រដាប់​អាវុធ​នៅ​តាម​ផ្លូវនានា​ក្នុង​ទីក្រុង​ឡុងដ៍ ​ជា​ការ​សំខាន់​ពី​ព្រោះ​តែ​មន្រ្តី​ប៉ូលិសភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​អង់គ្លេស ​មិន​មាន​អាវុធ​ ​ជា​បទដ្ឋាន​មួយ​ដែល​នឹង​នៅ​តែ​មាន​ជា​ធរមានសម្រាប់​មន្រ្តី​ប៉ូលិស៣ម៉ឺន​១​ពាន់​នាក់​របស់​ទីក្រុង​ឡុងដ៍។

ស្រ្តី​អាយុ​៦០​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ព្យាបាល​របួស​នៅ​កន្លែង​កើត​ហេតុ​ដោយ​បុគ្គលិក​ពេទ្យ​សង្គ្រោះ​បន្ទាន់ ​ក៏ប៉ុន្តែ ភា្លមៗ​នោះ​ត្រូវ​បានគេ​ប្រកាស​ថា​ស្លាប់។ ជន​រងគ្រោះ​៣​នាក់​ទៀត ​បាន​ត្រូវ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ស្ថានភាព​របស់​ជន​រងគ្រោះ​២​នាក់​ទៀត​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

XS
SM
MD
LG