សកម្មជនសិទ្ធិមនុស្សនិយាយថា ស្ថានភាពពលករនៅបរទេស ដែលធ្វើការនៅក្នុងប្រទេសសហភាពអារ៉ាប់រួម (United Arab Emirates) កាន់តែមានសភាពអាក្រក់ឡើងៗ ចាប់តាំងពីការចាប់ផ្តើមមានវិបត្តិហិរញ្ញវត្ថុសកលលោក។
កាលពីថ្ងៃទី៨ ខែតុលា មានការប្រកួតចម្រៀងប្រចាំឆ្នាំសម្រាប់ក្រុមកម្មករ ដែលរស់នៅក្នុងជំរំការងារ ត្រូវបានធ្វើឡើងនៅទីក្រុងឌូបៃ ដែលជាអាណាចក្រមួយក្នុងចំណោមអាណាចក្រ (sheikhdoms) ចំនួន៧ ដែលបង្កើតបានជាសហភាពអារ៉ាប់រួម។
ការប្រកួតនេះ ត្រូវបានធ្វើឡើង មិនដល់មួយខែផង បន្ទាប់ពីមេដឹកនាំនៅទីក្រុងឌូបៃ គឺព្រះអង្គម្ចាស់ Sheikhm Mohammed Bin Rashid Al Maktoum បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៊្លូមប៊ើក(Bloomberg News) ថា អាណាចក្ររបស់ព្រះអង្គបាន «ត្រឡប់មកវិញហើយ» បន្ទាប់ពីបានផាត់ចោលបញ្ហាហិរញ្ញវត្ថុនានា ដោយបានថ្លែងថា ការរស់នៅដែលគ្មានការប្រកួតប្រជែងសោះ គឺ«គួរឲ្យធុញទ្រាន់ណាស់»។
ក្រុមពលករមកពីបរទេសជាច្រើន នៅក្នុងសហភាពអារ៉ាប់រួម ទំនងជាមិនយល់ស្របឡើយ។
ពលករភាគច្រើន រស់ក្នុងស្ថានភាព ដែលត្រូវបានពិពណ៌នាឲ្យចំទៅ គឺជួបបញ្ហាលំបាក ដោយធ្វើការងារដ៏យ៉ាប់យ៉ឺន ដើម្បីទទួលប្រាក់បៀវត្សរ៍តិចតួច សម្រាកនៅក្នុងកន្លែងស្នាក់នៅយ៉ាងតូចចង្អៀត ហើយផ្ញើប្រាក់ដែលរកបានស្ទើរតែទាំងអស់ទៅបរទេស ដើម្បីទំនុកបម្រុងក្រុមគ្រួសាររបស់ពួកគេ។
លោក Mohsin Khan អ្នកឈ្នះរង្វាន់រួមគ្នានៃ«តារាឌូបៃ ឬ Dubai Idol»ប្រចាំឆ្នាំនេះ ស្ថិតក្នុងចំណោមអ្នកមិនយល់ស្របដែរ។ បន្ទាប់ពីទទួលបានរង្វាន់ជាសាច់ប្រាក់ និងទូរទស្សន៍ថ្មីមួយគ្រឿង លោកបានថ្លែងថា លោកមិនបង្អែបង្អង់យូរទេ ក្នុងការប្រាប់ក្រុមគ្រួសាររបស់លោកនៅប្រទេសឥណ្ឌា អំពីអ្វីដែលលោកនឹងផ្ញើទៅឲ្យពួកគេ។
«ឥឡូវនេះ ខ្ញុំនឹងប្រាប់ពួកគេថា ខ្ញុំបានឈ្នះការប្រកួត។ ដូច្នេះ ខ្ញុំនឹងបញ្ជូនទូរទស្សន៍មួយគ្រឿងទៅទៀត»។
ប៉ុន្តែ ក្រុមអ្នកជំនាញបាននិយាយថា ការហៅទូរស័ព្ទទៅផ្ទះដ៏សប្បាយរីករាយ មិនសូវមានញឹកញាប់ទេ ចាប់តាំងពីបញ្ហាបំណុលនៅទីក្រុងឌូបៃ បានចាប់ផ្តើមកាលពីជិតមួយឆ្នាំកន្លងទៅនេះ។ កម្មកររាប់ម៉ឺននាក់ បានបាត់បង់ការងារ ហើយកម្មករភាគច្រើន ត្រូវជាប់គាំងនៅតាមជំរំ បន្ទាប់ពីភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច បាននាំឲ្យនិយោជករបស់ពួកគេ គេចចេញពីប្រទេសនេះ។
ប្រព័ន្ធជួយធានាឧបត្ថម្ភ ដែលត្រូវបានស្គាល់ឈ្មោះថាកាហ្វាឡា (Kafala) មានអនុវត្តនៅក្នុងសហភាពអារ៉ាប់រួម ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនទាំងឡាយ ឲ្យធ្វើសកម្មភាពខុសច្បាប់ ដូចជាការដកហូតលិខិតឆ្លងដែនរបស់កម្មករ និងមិនផ្តល់ប្រាក់បៀវត្សរ៍ជាដើម។
ផែនការនេះ បានទទួលការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមមន្ត្រីសិទ្ធិមនុស្សមួយចំនួន ដោយរាប់បញ្ចូលទាំង លោក Samer Muscati អ្នកស្រាវជ្រាវនៅទីក្រុងឌូបៃ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬហៅថា Human Rights Watch។ លោកមានប្រសាសន៍ថាបញ្ហានោះកាន់តែធ្ងន់ធ្ងរឡើងថែមទៀត នៅ ពេលដែល ពលករជាច្រើនបានទៅខ្ចីប្រាក់ដែលមានការប្រាក់ខ្ពស់ ដើម្បីបង់ថ្លៃចូលធ្វើការងារដោយខុសច្បាប់ ហើយមកកាន់សហភាពអារ៉ាប់រួម ដោយមានជំពាក់បំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
«ដោយសារការបញ្ឈប់ពីការងារ និងការពិតដែលថា ពលករមួយចំនួនត្រូវបានជាប់គាំង យើងឃើញកំណើននៃការធ្វើអត្តឃាត ដែលពលករមួយចំនួនមានអារម្មណ៍ថា ច្រកចេញតែមួយគត់ គឺសម្លាប់ខ្លួន ដោយសង្ឃឹមថា មនុស្សដែលឲ្យពួកគេខ្ចីប្រាក់ នឹងមិនតាមរកគ្រួសារ ឬរឹបអូសផ្ទះសម្បែងរបស់ពួកគេ នៅឯប្រទេសឥណ្ឌា ឬក៏កន្លែងផ្សេងទៀតនៅអាស៊ីខាងត្បូងទេ។ ជាអកុសល ការធ្វើបែបនោះមិនមែនជាដំណោះស្រាយទេ។ អ្នកឲ្យខ្ចីប្រាក់ នៅតែតាមរកក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីការស្លាប់របស់ពលករអន្តោប្រវេសន៍ទាំងនោះ»។
លោកមូស្កាទី បានបន្ទោសអាជ្ញាធរសហភាពអារ៉ាប់រួម ពីបទមិនបានធ្វើកិច្ចការគ្រប់គ្រាន់ល្មម ដើម្បីធ្វើឲ្យសភាពការណ៍ប្រសើរឡើងនៅក្នុងប្រទេសនោះ។
«ជាអកុសល រដ្ឋាភិបាលនៅទីនេះ ហាក់ដូចជាមិនបានតាំងចិត្តធ្វើឲ្យមានការផ្លាស់ប្តូរជាសារវ័ន្តនូវរបៀបដែលពលករអន្តោប្រវេសន៍ត្រូវបានបញ្ជូនមក និងរបៀបដែលគេប្រព្រឹត្តមកលើពលករអន្តោប្រវេសន៍ ដូច្នេះខ្ញុំគិតថា វាជាបញ្ហាមួយ ដែលនឹងមាននៅទីនេះមួយរយៈ ជាពិសេស បើពិនិត្យទៅលើការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច។ វានឹងធ្វើឲ្យការរៀបចំសេដ្ឋកិច្ចឡើងវិញមានភាពលំបាកបន្តិចដែរ»។
តែទោះជាយ៉ាងណា អ្នកផ្សេងទៀតនិយាយថា ម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះស្ថានភាពរបស់និយោជិត។
លោកស្រី Saher Shaikh ស្ថាបនិកនៃអង្គការ Adopt-a-Camp បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់សហភាពអារ៉ាប់រួម កំពុងចាត់វិធានការណ៍ជាប្រចាំ ដើម្បីការពារអ្នកធ្វើការងារនៅបរទេស។
«ខ្ញុំពិតជាគិតថា រដ្ឋាភិបាលទីក្រុងឌូបៃ កំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងមានភាពតឹងតែងខ្លាំងជាងមុន ទៅលើក្រុមម្ចាស់ជំរំការងារ។ គណៈកម្មការអធិការកិច្ច ពិតជាស្វែងយល់អំពីជំរំ ដែលកំពុងប្រព្រឹត្តមិនល្អ ហើយគណៈកម្មការនេះបានទៅដល់ទីនោះ ព្រមទាំងផាកពិន័យពួកគេ ដូច្នេះ នោះជាជំហានវិជ្ជមានខ្លាំង ពីខាងភាគីរដ្ឋាភិបាល ដែលពួកគេកំពុងព្យាយាមធ្វើឲ្យរឿងរ៉ាវទាំងនេះជឿនលឿនទៅមុខ»។
លោកស្រីShaikh បានធ្វើទស្សនកិច្ចជាប្រចាំទៅកាន់ជំរំការងារ ក្នុងអំឡុងពេល៤ឆ្នាំចុងក្រោយនេះ។ ទិសដៅរបស់លោកស្រី គឺត្រូវបង្កើតឲ្យមានស្ថានភាពរស់នៅដ៏អនុគ្រោះ សម្រាប់ក្រុមកម្មករ តាមរយៈការរៀបចំសិក្ខាសាលាតូចៗ និងចែកកញ្ចប់ថែរក្សាសុខភាព ដោយមានរបស់របរជាច្រើន ដូចជាសាប៊ូកំចាត់ចៃ និងថ្នាំព្យាបាលស្បែកកន្ទួលដោយសារកំដៅជាដើម។
ប៉ុន្តែ លោកស្រីបានថ្លែងថា ការងាររបស់លោកស្រី កាន់តែលំបាកខ្លាំងឡើង ចាប់តាំងពីបញ្ហាបំណុលរបស់ទីក្រុងឌូបៃ ត្រូវបានប្រកាសឲ្យដឹង។
«ខ្ញុំធ្លាប់ស្រឡាញ់ការងាររបស់ខ្ញុំ។ ខ្ញុំនៅតែស្រឡាញ់ ប៉ុន្តែការងារនេះធ្លាប់មានភាពរីករាយ។ ការងារនេះធ្លាប់ជាការបង្រៀនភាសាអង់គ្លេសដល់ពលករ សិក្ខាសាលាស្តីពីអនាម័យ ទិវាស្តីពីកញ្ចប់ថែរក្សាសុខភាព និងមើលឃើញសកម្មភាពដ៏អស្ចារ្យ និងធ្វើកិច្ចការដ៏អស្ចារ្យ និងស្នាមញញឹមរបស់បុរសទាំងនោះ។ ហើយឥឡូវនេះ ការងាររបស់ខ្ញុំ ដែលលើសពីអ្វីៗទាំងអស់ គឺគួរឲ្យខកចិត្តយ៉ាងខ្លាំង ដោយសារតែថា ជាជាងការបង្ហាត់បង្រៀនពួកគេ ការធ្វើឲ្យពួកគេយល់ច្បាស់ ពង្រីកចំណេះដឹងរបស់ពួកគេនៅទីនេះ និងព្យាយាមផ្តល់បទពិសោធន៍ល្អដល់ពួកគេ នៅទីក្រុងឌូបៃ ការងាររបស់ខ្ញុំបែរជាក្លាយទៅដូចជាមនុស្សម្នាក់ ដែលកំពុងអត់ឃ្លាន។ អាទិភាពចម្បងសម្រាប់ខ្ញុំ គឺត្រូវផ្តល់អាហារដល់ពួកគេ ផ្តល់ទឹកដល់ពួកគេ ហើយការដែលឃើញបុរសទាំងនោះស្ថិតនៅក្នុងស្ថានភាពបែបនេះ គឺជារឿងខកចិត្តយ៉ាងខ្លាំង»។
ដោយនិយាយចេញពីបទពិសោធន៍របស់លោកស្រីផ្ទាល់ លោកស្រី Shaikh បានថ្លែងថា មានតែជំរំការងារចំនួន២០ភាគរយតែប៉ុណ្ណោះ ដែលមានស្ថានភាព«ល្អប្រសើរ»។
ការស្ទាបស្ទង់មតិឯករាជ្យមួយ ដែលចេញផ្សាយកាលពីឆ្នាំមុន បានបង្ហាញថា កម្មករសំណង់បរទេសភាគច្រើន នៅសហភាពអារ៉ាប់រួម បានគិតថា ស្ថានភាពបច្ចុប្បន្ន របស់ពួកគេមានភាពប្រសើរជាងស្ថានភាព នៅក្នុងប្រទេសកំណើតរបស់ពួកគេ៕
ប្រែសម្រួលដោយ លី សុខឃាង