ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ស៊ូដង់​ពណ៌នា​ពី​ការ​ឈឺចាប់​របស់​ពួកគេ​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាល​ពី​ខែ​មេសា​មក


រូបឯកសារ៖ ស្ត្រី​ជនជាតិ​ស៊ូដង់​ដែល​បាន​គេច​ពី​ជម្លោះ​រង៉​ចាំឆ្លង​ដែន​កាលពីថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០២៣។
រូបឯកសារ៖ ស្ត្រី​ជនជាតិ​ស៊ូដង់​ដែល​បាន​គេច​ពី​ជម្លោះ​រង៉​ចាំឆ្លង​ដែន​កាលពីថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០២៣។

ស្រ្តី​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​បដិវត្តន៍​ដែល​បាន​ជួយ​បញ្ចប់​ការ​គ្រប់គ្រង​តាម​បែប​អត្តធិបតេយ្យ​អស់​រយៈពេល​៣​ទសវត្សរ៍​ដោយ​អតីត​ប្រធានាធិបតី​ស៊ូដង់​លោក Omar al-Bashir។

ការ​ជំរុញ​របស់​ពួកគេ​សម្រាប់​អន្តរកាល​ទៅ​កាន់​រដ្ឋាភិបាល​ស៊ីវិល​មួយ​បាន​ត្រូវ​បញ្ឈប់​នៅ​ពេល​ដែល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​៧​ខែ​មុន​រវាង​កងទ័ព​ស៊ូដង់​និង​កង​ឯកភាព​ប្រតិព័ទ្ធ (Rapid Support Forces)។ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់ មនុស្ស​រាប់​លាន​នាក់​គ្មាន​ទីកន្លែង​រស់នៅ ហើយ​មិន​មាន​សញ្ញា​បញ្ចប់។

អ្នក​ស្រី Hala Al-Karib នាយិកា​ប្រចាំ​តំបន់​នៃ​អង្គការ SIHAបាន​ថ្លែង​ថា៖

«ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​មក សំឡេង​ជន​ស៊ីវិល​និង​ស្ត្រី​បាន​ត្រូវ​គេ​បំផ្លាញ​ទាំង​ស្រុង។ យើង​មិន​មាន​លម្ហ​ដើម្បី​ប្រាប់​រឿងរ៉ាវ​របស់​យើង ដើម្បី​និយាយ​អំពី​ការ​ឈឺចាប់​របស់​យើង​ទេ»។

អ្នក​ស្រី Hala Al-Karib ធ្វើការ​ជាមួយ​កិច្ច​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​សម្រាប់​ស្ត្រី​នៅ​ក្នុង​តំបន់​រាង​ស្នែង​ក្របី​(Horn of Africa)នៃ​ទ្វីប​អាហ្វ្រិក។

អ្នក​ស្រី​បាន​និយាយ​ថា​អង្គការ​របស់​អ្នក​ស្រី​បាន​បើក​ជំនួប​កំពូល​រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​ណៃរ៉ូប៊ី​ពីព្រោះ​តែ ជំនួប​កំពូល​នេះ​ជា​ការ​សំខាន់​ដើម្បី​នាំ​ស្ត្រី​ស៊ូដង់​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មក​ជួប​គ្នា។

អ្នក​ស្រី Hala Al-Karib ​ថ្លែង​ថា៖

«យើង​មាន​អ្នក​ចូលរួម​ដែល​បាន​មក​ពី​តំបន់​ជម្លោះ​នានា​ហើយ​បាន​ទ្រាំ​រស់នៅ​នៅ​ក្រោម​ការ​បាញ់​ប្រហារ​ហើយ​ត្រូវ​រង​គ្រប់​អំពើ​ហិង្សា​ទាំង​អស់​ក្នុង​រយៈពេល​៧​ខែ​កន្លង​មក​នេះ។ វា​ជា​ការ​សំខាន់​ដើម្បី​ស្តាប់​រឿងរ៉ាវ​របស់​ពួកគេ ស្តាប់​បទ​ពិសោធន៍​របស់​ពួកគេ​និង​ស្តាប់​ជំហរ​និង​ទស្សនៈ​របស់​ពួកគេ»។

អ្នក​ចូលរួម​ខ្លះ​បាន​ចំណាយ​ពេល​ពី៣​ទៅ​១០​ថ្ងៃ​ធ្វើ​ដំណើរ​ដើម្បី​ឱ្យ​បាន​ទៅ​ដល់​ទីក្រុង​ណៃរ៉ូប៊ី រួម​មាន​អ្នក​ស្រី Nidal Usman Mosaដែល​មើល​ការ​ខុសត្រូវ​អង្គការ​មូលដ្ឋាន South Khartoum Kandakat ផង។

អ្នកស្រី​បាន​ថ្លែង​ថា៖

«យើង​បាន​ប្រឈម​ឧបសគ្គ​ជា​ច្រើន​ដូចជា៖ ការ​គ្មាន​ទីកន្លែង​រស់នៅ ជនភៀសខ្លួន ការ​ចាប់​រំលោភ​និង​អំពើ​ហិង្សា។ យើង​បាន​បាត់បង់​ការងារ​របស់​យើង។ កូន​របស់​យើង​មិន​បាន​ទទួល​ការសិក្សា​អប់រំ ហើយ​យើង​បាន​បាត់បង់​សំឡេង​របស់​យើង​នៅ​ក្នុង​សង្គ្រាម​នេះ»។

អ្នក​ស្រី Alaweya Baher Eldin ដែល​ជា​អតីត​បុគ្គលិក​សង្គម ហើយ​ឥឡូវនេះ​ជា​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ឆាដ​ដែល​ជា​ប្រទេស​ជិត​ខាង​បាន​ ត្រូវ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​អ្នក​ស្រី​នៅ​ទីក្រុង El Geneina ក្នុង​តំបន់ Darfur ភាគ​ខាង​លិច​ជា​ទីកន្លែង​ដែល​មនុស្ស​ប្រហែល​៧០០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រូវ​គេ​សម្លាប់នៅ​ដើម​ខែ​នេះ​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ស៊ូដង់ (SAF) និង​កង​ឯកភាព​ប្រតិព័ទ្ធ(RSF)។ នេះ​បើ​តាម​អង្គការទេសន្តរ​ប្រវេសន៍អន្តរជាតិ។

អ្នក​ស្រី Alaweya Baher Eldin ជនភៀសខ្លួន​ស៊ូដង់​នៅ​ក្នុង​ប្រទេស​ឆាដ​ថ្លែង​ថា៖

«វា​ពិបាក​ណាស់។ ស្ថានភាព​នៅ​ទី​នោះ​មាន​ការ​លំបាក​ណាស់​សម្រាប់​ស្ត្រី។ ជឿ​ខ្ញុំ​ចុះ»។

ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ទៅ​ដល់​តំបន់​មួយ​ចំនួន។ នេះ​បើ​តាម​អ្នកស្រី Nada Fadulដែល​ធ្វើការ​ជាមួយ​អង្គការ​ការ​ឆ្លើយតប​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ឬ SUDRO ។ អ្នកស្រី​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​ស្រី Fadul និយាយ​ថា​វា​ជា​ការ​ចាំបាច់​ដែល​ស្ត្រី​រួបរួម​គ្នា​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​និង​ត្រូវ​គាំទ្រ​សន្តិភាព​នោះ ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​ជាក់​ស្តែង​នៅ​កន្លែង​នោះ​កើតឡើង​ម្តង​ទៀត។

អ្នក​ស្រី​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«យើង​កំពុង​ពិភាក្សា​គ្នា​អំពី​មនុស្ស​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​អាច​ទទួល​បាន​ថ្នាំ​ចាក់ Insulin ដើម្បី​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម​របស់​ខ្លួន។ យើង​កំពុងពិភាក្សា​អំពី​ក្មេងៗ​ដែលមាន​ជំងឺ​គ្រុនចាញ់​ដែល​មិន​អាច​ទទួល​បាន​ថ្នាំ​ព្យាបាលជំងឺ​គ្រុនចាញ់។ យើង​កំពុង​ពិភាក្សា​អំពី​ស្ត្រី​ដែល​មិន​អាច​ទទួល​បាន​ផលិតផល​អនាម័យ​សាមញ្ញ​ៗ​សម្រាប់​ការ​ធ្លាក់​រដូវ​ដើម្បី​ឲ្យ​ពួកគេ​អាច​ឆ្លង​កាត់​បញ្ហា​នេះប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ»។

អ្នក​ដទៃ​ទៀត​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ​ជា​ការ​បង្ហាញការគាំទ្រ​រួម​មាន​ភារធារី​ហុល្លង់ដ៏​ប្រចាំ​ប្រទេស​ស៊ូដង់​លោក Wierish Ramsoekhដែល​ឥឡូវ​នេះ​កំពុង​រស់នៅ​នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី​ដែល​បាន​និយាយ​ថា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ទាំង​អស់​នោះ គឺ​ការអភិវឌ្ឍន៍​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ឱ្យ​ទទួល​បាន​អាសនៈ​មួយ​នៅ​ឯ​តុ​ចរចា។ លោក​បាន​ថ្លែង​ថា៖

«មាន​ឧបសគ្គ​ដ៏​ខ្លាំង​មួយ​សម្រាប់​ស្ត្រី​ដែល​ត្រូវ​ជម្នះ​នោះ​គឺ មិន​ត្រឹមតែ​ការរៀបចំ​ជាក់លាក់​ប៉ុណ្ណោះ​ទេ តែ​ទស្សនៈ​របស់​ពួកគេ​អំពី​អ្វីដែល​ពួកគេ​ចង់បាន​សម្រាប់​ស្ត្រី​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​ក៏​ត្រូវ​តែ​ឱ្យ​គេ​ឮ​ហើយ​ខ្ញុំ​ចូលចិត្ត​ស្មារតី​នៅ​ព្រឹក​នេះ​ដែល​សន្និសីទ​នេះ​បាន​និយាយ ​នោះ​គឺ​លោក​អ្នក​មិន​ចង់​រង់ចាំ​រហូតទាល់គេ​អញ្ជើញ​ឱ្យ​ចូលរួម​នោះ​ទេ លោក​អ្នក​ត្រូវ​តែ​ទៅ​យក​វា»។

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG