ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស៊ូដង់​​រាយការណ៍​​ថា ​មាន​មនុស្ស​១៣នាក់​ស្លាប់​ដោយសារ​​​ជំងឺ​កញ្ជ្រិល


រូបឯកសារ៖ មន្ត្រីសុខាភិបាលស៊ូដង់ម្នាក់ប្រកាសព័ត៌មានអំពីការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រិល នៅទីក្រុង Juba នៃប្រទេសស៊ូដង់ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០។
រូបឯកសារ៖ មន្ត្រីសុខាភិបាលស៊ូដង់ម្នាក់ប្រកាសព័ត៌មានអំពីការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រិល នៅទីក្រុង Juba នៃប្រទេសស៊ូដង់ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០។

ក្រុម​មន្ត្រីធ្វើការ​ជាមួយអង្គការ​វេជ្ជសាស្ត្រ​អន្តរជាតិ​ MSF និយាយ​ថា ពួក​គេ​នៅតែ​ខ្វល់ខ្វាយ​អំពី​កំណើន​ករណីជំងឺ​កញ្ជ្រិលក្នុង​ចំណោមក្រុម​ក្មេងៗ​ក្នុង​រដ្ឋ White Nile ​នៃ​ប្រទេសស៊ូដង់។

ថ្លែង​ប្រាប់វីអូអេ​តាម app ផ្ញើ​សារ​ពី​ក្រុង​ណៃរ៉ូប៊ី លោក Mitchell Sangma ទី​ប្រឹក្សា​ខាង​សុខភាព​របស់អង្គការ ​MSF និយាយ​ថា ក្រុម​អ្នក​ធ្វើការ​នៅ​នឹង​កន្លែង​របស់ ​MSF ​បាន​ចងក្រង​ឯកសារ​អំពីករណី​ជាង​ ២០០ ជាប់​សង្ស័យ​ថា​ជា​ជំងឺកញ្ជ្រិលក្នុង​ចំណោមក្រុម​កុមារកាលពី​ខែមុន។

លោកបានថ្លែងថា​ ក្នុងបណ្តាចំនួន​នេះ ៧២ នាក់ បានចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ហើយ​ ១៣​ នាក់​បាន​ស្លាប់។

លោក​ថ្លែង​ថា៖ «យើង​ក៏​ឃើញកំណើន​ចំនួន​នៃ​ការសង្ស័យ​ថា​ជា​ជំងឺកញ្ជ្រិល​ក្នុង​គម្រោង​ឯទៀតៗរបស់​យើង​ ដូចជា​នៅក្នុង​រដ្ឋ Blue Nile ​នា​ប្រទេស​ស៊ូដង់​ជាដើម។ ​ហើយនៅ Renk នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រំដែនក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង ​យើង​ក៏​ឃើញ​ការ​កើន​ឡើង​ករណី​ជំងឺ​កញ្ជ្រិល​នៅក្នុង​ផ្នែក​ដាក់​អ្នក​ជំងឺ​កញ្ជ្រិល​ឱ្យ​នៅ​ដាច់ពី​គេរបស់​យើងដែរ។ ដូច្នេះ ​ស្ថានភាព​មនុស្សរត់គេច​ខ្លួនចេញ​ពី​សង្គ្រាម​នាំឱ្យមាន​ការ​ខ្វល់ខ្វាយ»។

មន្ត្រី MSF ​រូបនេះ​និយាយថា ​ក្នុងពេល​ជិត​បីខែនៃសង្គ្រាម​នៅ​ស៊ូដង់រវាង​កងទ័ព​និង​ក្រុម​ប៉ារ៉ា​ជាគូ​បដិបក្ខ​បាន​បង្កើត​ឱ្យ​មាន​សេចក្តី​ត្រូវការ​ខាង​វេជ្ជសាស្ត្រច្រើន​ ហើយ​មាន​សម្ពាធ​ខ្លាំង​លើ​កន្លែង​ថែទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

លោក Sangma ​ថ្លែង​ថា MSF​ និង​ទីភ្នាក់ងារផ្តល់ជំនួយ​ឯទៀតៗខ្វល់ខ្វាយ​អំពី​ការ​ដួល​រលំប្រព័ន្ធ​សុខាភិបាល។ លោក​និយាយថា មជ្ឈមណ្ឌលដែល​នៅ​មាន​ដំណើរការ​កំពុង​តស៊ូ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​និង​បុគ្គលិក​មាន​កម្រិត។

លោក Sangma ​កត់​សម្គាល់​ថា​ នៅ​ពេល​រដូវភ្លៀង​ជិត​មក​ដល់​ មាន​កំណើន​លទ្ធភាពនៃ​ការរាល​ដាលជំងឺ​ក្នុងចំណោម​មនុស្ស​រាប់លាន​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែងដោយសារ​សង្គ្រាម។

អង្គការ​នេះ​ពោល​ថា ​សេចក្តី​ត្រូវការ​បង្កើនសេវា​នានា​ ដូច​ជាការចាក់ថ្នាំ ​ការគាំទ្រ​ខាង​អាហារូបត្ថម្ភ ​ទីជម្រក ​ទឹក​និង​អនាម័យ។

លោក​ Sangma ថ្លែងថា៖ «រដូវភ្លៀងជិតមក​ដល់​ហើយ​ ហើយ​យើង​ខ្វល់ខ្វាយ​ណាស់អំពី​កំណើន​ជំងឺ​នាំ​មក​ដោយទឹកដូចជា​ជំងឺ​អាសន្នរោគ​ជា​ដើម​ ហើយក៏គួរកត់​សម្គាល់​ដែរ​ថា​ ជំងឺគ្រុន​ចាញ់​ក៏​ឆ្លង​ខ្លាំងណាស់​ដែរក្នុងតំបន់​នេះ។ យើង​ត្រូវការបង្កើនវិធានការទប់ទល់​នឹង​ជំងឺ​ទាំង​នេះ ​យើង​ត្រូវការ​ពួក​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​នៅ​នឹង​កន្លែង​តែម្តង»។

វីអូអេ​បាន​ទាក់ទង​នឹង​លោក Mustafa Jabrallah Ahmed ​អគ្គនាយក​នៅ​ក្រសួង​សុខាភិបាល​រដ្ឋ ​ Blue Nile ​អំពី​រឿង​នេះ ​តែ​លោកបាន​ប្រកែក​មិន​ធ្វើអត្ថាធិប្បាយ​ ដោយ​និយាយ​ថា​ លោក​ជាប់​រវល់​ប្រជុំ។

បើតាម​របាយការណ៍​មួយចេញ​ផ្សាយដោយ​អង្គការ​ទេសន្តរប្រវេសន៍អន្តរជាតិ​ នៅ​សប្តាហ៍ទី​ ១ ​នៃ​ខែ​កក្កដា​ មនុស្ស​ជាង​ ២លាន ៨សែន​នាក់​បាន​រត់​ចាកចោល​លំនៅដ្ឋាន​នៅ​ក្នុង​ប្រទេស​ដោយសារ​សង្គ្រាម​នៅស៊ូដង់។

អំពើ​ហិង្សា​ធ្វើឱ្យ​ប្រជារាស្ត្រ​មាន​ការពិបាក​ក្នុង​ការ​ទទួល​សេវា​ថែទាំ​សុខភាព ​ដោយ​មាន​មនុស្ស​ច្រើន​នាក់មាន​ការព្យាបាលយូរ​ក្រោយមាន​ជំងឺ ​ហើយ​ក៏មាន​គ្រោះ​ថ្នាក់​ដែរ​ ក្នុង​ការធ្វើ​ដំណើរទៅ​កាន់​មន្ទីរថែទាំ​សុខភាព៕

ប្រែ​សម្រួល​ដោយ​លោក​ ឈឹម សុមេធ វីអូអេ

XS
SM
MD
LG