ក្រុមចលនាគាំទ្រប្រជាធិបតេយ្យស៊ូដង់ កាលពីថ្ងៃសៅរ៍ បានបោះបង់ចោលគម្រោងបាតុកម្មនានានៅសប្តាហ៍ខាងមុខបន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងបែងចែក អំណាចជាមួយនឹងក្រុមប្រឹក្សាយោធាគ្រប់គ្រងអំណាច បន្ទាប់ពីការជាប់គាំងរយៈ ពេលមួយសប្តាហ៍លើតួនាទីយោធានៅពេលអន្តរកាលនេះ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រដើម្បីបង្កើតក្រុមប្រឹក្សាបូរណភាព ស៊ីវិល និងយោធារួមគ្នាដើម្បីដឹកនាំប្រទេសក្នុងអំឡុងពេលអន្តរកាល៣ឆ្នាំនិង៣ខែ។ ការណ៍នេះបានធ្វើឲ្យមានការអបអរសាទរតាមផ្លូវក្នុងរដ្ឋធានី ខាទុំ និង ទីក្រុងផ្សេងៗទៀតពាសពេញប្រទេស។
ទោះជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាម បានរិះគន់កិច្ចព្រមព្រៀងដែលគេទង្ទឹងរង់ចាំជាយូរមកហើយនេះ ថាជាកិច្ចព្រមព្រៀងក្បត់នឹងបដិវត្តន៍ដែលបានបណ្តេញលោក ប្រធានាធិបតីផ្តាច់ការ អាល់បាសៀ ( al-Bashir) កាលពីខែមេសា ដោយបាតុកម្មពាស ពេញប្រទេសប្រឆាំងនឹងការដឹកនាំរបស់លោកជិត៣ទសវត្សរ៍នោះ។
ចលនា «កម្លាំងប្រកាសពីសេរីភាពនិងការផ្លាស់ប្តូរ» ដែលជាអ្នកតំណាងឲ្យក្រុម បាតុករក្នុងការចរចាជាមួយក្រុមប្រឹក្សាយោធាបានបោះបង់ចោលការប្រកាសពីលើក មុនក្នុងការដង្ហែក្បួនបាតុកម្មនៅសប្តាហ៍ខាងមុខ ចំថ្ងៃប្រារព្ធខួប៤០ថ្ងៃនៃការបង្ក្រាប ផ្តាច់ផ្តិលជីវិតបាតុករពួកគេ ក្នុងពេលធ្វើបាតុកម្មដោយអង្គុយចុះនៅខាងក្រៅទី បញ្ជាការយោធាកាលពីថ្ងៃទី៣ ខែមិថុនា។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនស្វាគមន៍ ចំពោះដំណើរការជឿនលឿនក្នុងកិច្ចចរចា ដែលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងនាំទៅ ដល់ការបង្កើតរដ្ឋាភិបាលអន្តរកាលដឹកនាំដោយក្រុមស៊ីវិល ដែលរឿងនេះជាការ ដែលពលរដ្ឋស៊ូដង់អាចទទួលយកបានយ៉ាងទូលំទូលាយ៕