ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិចិត្រករស៊ូដង់ធ្វើបាតុកម្មដោយគូរបដាប្រវែង៣គីឡូម៉ែតប្រឆាំងនឹងការគាបសង្កត់


បាតុករម្នាក់កំពុងឲ្យវិចិត្រករគូររូបទង់ជាតិស៊ូដង់នៅលើមុខរបស់នាង នៅក្នុងបរិវេណក្រសួងការពារជាតិស៊ូដង់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ខណៈ​ដែល​ការ​ចរចា​រវាង​បាតុករ​ជនជាតិ​ស៊ូដង់​និង​ក្រុម​យោធា​ទាក់ទិន​នឹង​បញ្ហាការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល មាន​ការ​វិវត្ត​ទៅ​មុខ​តិច​តួច​បំផុត ក្រុម​មួយ​បាន​ប្រើ​មធ្យោបាយ​បែប​ច្នៃប្រណិត​មួយ​ ដើម្បី​ជួយជំរុញឲ្យ​ដំណើរការ​ចរចា​លឿន​ទៅ​មុខ។ ក្រុម​បាតុករ​ដែល​ជា​អ្នក​សិល្បៈ​កំពុង​គូ​បដា​ប្រវែង​បី​គីឡូម៉ែត្រដែល​និយាយ​ពី​បដិវត្តន៍​របស់​ស៊ូដង់​ដែល​កំពុង​កើត​មាន។

នៅ​ទីធ្លា​មួយ​ដែល​មាន​ចម្ងាយ​ ១០០ ​ម៉ែត្រ​ពី​កន្លែង​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី​ខាទុំ (Khartoum) វិចិត្រករ​ជាច្រើន​នាក់​នៅ​ទីនេះ​កំពុង​លុត​ជង្គង់​នៅ​លើ​ផ្ទាំង​ក្រណាត់​ដ៏​ធំ​មួយ។ ពួកគេ​កំពុង​គូរ​រូប​គ្រឿង​សព្វាវុធ ទាហាន និង​ការបកស្រាយ​បែប​សិល្បៈ​ចំពោះ​ទង់ជាតិ​ស៊ូដង់។ អ្នក​ខ្លះវិញ​គ្រាន់​តែ​គូរ​ពី​អារម្មណ៍​ខ្លួន​ឯងនៅពេល​នោះ​ប៉ុណ្ណោះ។

លោក Mohamed Ashraf វិចិត្រករ​អាយុ​ ៤០ ឆ្នាំ ពាក់អាវ​ក​បើក​ពណ៌​លឿង​និង​ខៀវ គឺ​ជា​វិចិត្រករ​ម្នាក់​ក្នុង​ចំណោម​វិចិត្រករ​ដែល​កំពុង​ធ្វើបាតុកម្ម។

លោក Ashraf បាន​មក​ភាគ​កណ្តាល​រដ្ឋធានីខាទុំ តាំង​ពី​ខែ​ធ្នូ​មក​ម៉្លេះ ដើម្បី​ធ្វើ​បាតុកម្ម​ជាមួយ​នឹង​ជនជាតិ​ស៊ូដង់​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ ប្រឆាំង​នឹង​កង្វះ​អាហារ​ កង្វះ​ប្រេង​ និង​បញ្ហា​ស្ថានភាព​នយោបាយ។

បាតុករ​ម្នាក់​ស្រែក​សំដៅ​ទៅ​រដ្ឋាភិបាល​យោធា​ថា៖ « ចុះចេញទៅ! ចុះចេញ​ទៅ!»

ក្រុម​បាតុករ​បាន​ជំរុញ​ក្រុម​យោធា​ឲ្យ​ផ្តួល​រំលំ​ប្រធានាធិបតី Omar al-Bashir បន្ទាប់​ពី​លោក​បាន​កាន់​តំណែង​អស់​បី​ទសវត្សរ៍​ ហើយ​ពួកគេ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល។

លោក Ashraf និង​វិចិត្រករ​ផ្សេង​ទៀត​កំពុង​បង្កើត​បដា​ក្រណាត់​ប្រវែង ​៣ ​គីឡូម៉ែត្រ​ ដើម្បី​ផ្សព្វ​ផ្សាយ​សារ​នេះ។

លោកបាន​និយាយ​ថា៖ «វា​ធ្វើ​ឲ្យ​យើង​ជឿជាក់​ថា ​ទីនេះ​គឺ​មាន​សន្តិភាព ដូច​ជា​ការ​សន្ទនា​បែប​ទន់ភ្លន់​មួយ​អំពី​សេរីភាព។ វា​គឺ​ជា​ការ​អធិដ្ឋាន​មួយ​សម្រាប់​យើង​ ដើម្បី​ធ្វើ​ឲ្យ​ចក្ខុវិស័យ​និង​បុព្វហេតុ​របស់​យើង​កាន់​តែ​លេច​ធ្លោ»។​

វិចិត្រករ​រាប់​ពាន់​នាក់​បាន​គូរ​លើ​បដា​នេះ ដែលនិយាយ​អំពី​បដិវត្តន៍​ស៊ូដង់​សព្វ​ថ្ងៃ​និង​ការ​គាប​សង្កត់​ពី​អតីតកាល។

ពួកគេ​គ្រោង​នឹង​បញ្ចប់​គំនូរ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ហើយ​បើ​សិន​ជា​នៅ​តែ​មិន​មាន​រដ្ឋាភិបាលស៊ីវិល ពួកគេ​នឹង​យក​វា​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​យោធា។​

ប្រទេស​ស៊ូដង់​ធ្លាប់​មាន​ការ​បះបោររបស់​ប្រជាជន​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ កាលពីមុន ប៉ុន្តែ​ត្រូវ​បាន​យោធា​បង្រ្កាប។​

ទោះ​យ៉ាង​ណា​ លោក Ashraf ជឿ​ថា ​បដិវត្តន៍​លើក​នេះ​នឹង​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ។

លោក​បាន​និយាយថា៖ «៣០​ឆ្នាំ​ក្រោយ ការ​ផ្លាស់ប្តូរ​ណា​ក៏​ដោយ​គឺ​ជា​ការ​ផ្លាស់​ប្តូរ។ ប៉ុន្តែ​រយៈ​ពេលចុង​ក្រោយ​នេះ​ផ្តល់​ការ​លំបាក​ខ្លាំង​ដល់​យើង ​ហើយ​សេរីភាព​បន្តិច​បន្តួច​ដែល​យើង​មាន​នៅ​ពេល​នេះ បាន​ផ្តល់​ជាកម្លាំង​ឲ្យ​យើង​ដើរ​ទៅ​មុខ ដើម្បី​ទទួល​បាន​សេរីភាព​ពិត​ប្រាកដ។»

មេឃ​បាន​ចាប់​ផ្តើម​ងងឹត​អំឡុង​បាតុកម្ម​នៅ​រដ្ឋធានីខាទុំ។ ក្រុម​បាតុករ​ថ្មីៗ​នៅ​តែ​មក​ចូល​រួម​ដោយ​មាន​យក​មក​នូវបដា​និង​ស្គរ​ជា​ច្រើន។ ពួកគេ​ទាមទារ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល។

បាតុករ​រាប់រយ​នាក់​គ្រវី​ពិល​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ ហាក់​ដូច​ជា​ចង់​ប្រាប់​ថា​ពួកគេ​សង្ឃឹម​ចង់​បាន​ពន្លឺ​ថ្ងៃ​បន្ទាប់​ពី​ភាព​ងងឹត​អស់​បី​ទសវត្សរ៍៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG