កិច្ចព្រមព្រៀងចែកអំណាចនេះចែងពីរយៈពេលអន្តរកាលចំនួន៣ឆ្នាំ ដើម្បីឈានទៅរកការបោះឆ្នោតបង្កើតរដ្ឋាភិបាលស៊ីវិលមួយ។ ទោះជាអស្ថេរភាពនយោបាយបានបង្កឲ្យមានបញ្ហាបន្ថែមយ៉ាងណាក្តី ជនរងគ្រោះជាច្រើននិយាយថា ការវិវត្តថ្មីនេះបានជួយឲ្យពួកគេរួបរួមគ្នានៅក្នុងសហគមន៍។
ខណៈដែលការចរចានយោបាយពីការបង្កើតរដ្ឋាភិបាលថ្មីមួយនៅតែបន្តនៅក្នុងក្រុងខាទុំ ផ្ទះសម្បែងរាប់ពាន់ខ្នងរបស់ប្រជាពលរដ្ឋកំពុងតែលិចទឹក។
លោក Abdu el-azzem Majid ដែលជាជនរងគ្រោះម្នាក់បាននិយាយថា៖
«នេះជាផ្ទះរបស់ខ្ញុំ។ ទឹកបានឡើងដល់កម្ពស់នេះហើយ។ ទឹកលិចពេញផ្ទះរបស់ខ្ញុំ។ ផ្ទះនោះលិចទឹកខ្លាំងជាងផ្ទះខ្ញុំទៅទៀត ហើយផ្ទះពីរនោះដែរ។ ផ្ទះរបស់យើងខូចខាតអស់ហើយ»។
បញ្ហាកង្វះប្រេងឥន្ធនៈ ដែលជាមូលហេតុមួយនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលជាច្រើនខែមកហើយរហូតបណ្តេញលោកប្រធានាធិបតី Omar al-Bashir ចេញពីតំណែង បានធ្វើឲ្យតំបន់លិចទឹកជួបបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែម៉ាស៊ីនបូមទឹកត្រូវការប្រេងឥន្ធនៈ។
ក្នុងរយៈពេលអន្តរកាលនយោបាយនេះ អង្គការផ្តល់ជំនួយក្នុងស្រុកនានា ដូចជាអង្គការ Nafeer មិនច្បាស់ថាតើគេអាចទទួលបានជំនួយរបស់រដ្ឋនៅពេលណា ឬដោយរបៀបណានោះទេ។
លោក Hassan Mustafa ដែលជាអ្នកស្ម័គ្រចិត្តរបស់អង្គការ Nafeer បាននិយាយថា៖
«គួរឲ្យសោកស្តាយណាស់ រឿងនេះកើតឡើងជារៀងរាល់ឆ្នាំ ហើយនេះជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផែនការរៀបចំក្រុង និងអនាម័យ។ ការអន្តរាគមន៍របស់រដ្ឋាភិបាលមានភាពយឺតយ៉ាវណាស់ ហើយវិបត្តិនយោបាយបានប៉ះពាល់ដល់បញ្ហានេះរួចទៅហើយ ដោយសារតែមិនមានការបង្កើតរដ្ឋាភិបាលថ្មីទេ។ បញ្ហានយោបាយនេះក៏បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរផងដែរ»។
អង្គការ Nafeer ដែលមានន័យថា ជំនួយសហគមន៍ មានអ្នកស្ម័គ្រចិត្តដែលវាយតម្លៃលើការខូចខាត ចែកចាយទឹក និងថ្នាំ ហើយជួនកាលជួយជម្លៀសជនរងគ្រោះពីតំបន់រងគ្រោះ។
ជនរងគ្រោះមួយចំនួននិយាយថា ខណៈដែលប្រទេសជាតិកំពុងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីមានការធ្វើបាតុកម្មនោះ ការរួបរួមគ្នានៅក្នុងសហគមន៍ក្នុងប្រទេសបានកើនឡើង។
លោក Mohamed Salah ដែលជាជនរងគ្រោះម្នាក់បាននិយាយថា៖
«ការផ្លាស់ប្តូរនយោបាយដែលកើតឡើងគឺជាលទ្ធផលនៃការផ្លាស់ប្តូរសង្គម។ យើងឃើញថា មានការរួបរួមគ្នាច្រើនជាងមុន ហើយអ្នកស្ម័គ្រក្មេងៗដែលធ្វើការជំនួសរដ្ឋាភិបាលមានចំនួនកើនឡើង។ ពួកគេកំពុងប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែពួកគេអាចបំពេញតួនាទីរបស់រដ្ឋាភិបាលបានក្នុងពេលមិនមានរដ្ឋាភិបាលថ្មីនៅឡើយ។ យុវជនក្មេងៗបានធ្វើការយ៉ាងល្អក្នុងពេលឥឡូវនេះ»។
ទឹកជំនន់បានសម្លាប់មនុស្សអស់រាប់សិបនាក់ និងធ្វើឲ្យមនុស្សរាប់សែននាក់ត្រូវជម្លៀសខ្លួន កាលពីខែសីហា។ ប៉ុន្តែខណៈដែលរដ្ឋាភិបាលថ្មីចេញជារូបរាង ហើយរដូវទឹកជំនន់បានបញ្ចប់នោះ ពលរដ្ឋមានក្តីសង្ឃឹមថា ដំណើរការស្តារប្រទេសនឹងអាចចាប់ផ្តើមវិញបាន៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ