ប្រទេសស៊ូដង់បានយល់ព្រមផ្តល់ប្រាក់សំណងដល់ក្រុមគ្រួសារទាហានជើងទឹកអាមេរិកាំង១៧នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកប្រឆាំងនឹងនាវាចម្បាំងរបស់អាមេរិក USS Cole កាលពីឆ្នាំ២០០០។
រដ្ឋាភិបាលអន្តរកាលរបស់ស៊ូដង់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមគ្រួសាររបស់ក្រុមទាហានដែលបានស្លាប់បាត់បង់ជីវិត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដកខ្លួនចេញពីបញ្ជីប្រទេសដែលឧបត្តម្ភដល់ពួកភេរវជន។
ក្រុមមន្ត្រីថ្លែងថា ការព្រមព្រៀងគ្នានេះត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែមិនបានបញ្ចេញឲ្យដឹងអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ។ សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ូដង់បានយល់ព្រមបង់ថវិកា៣០លានដុល្លារដល់ក្រុមគ្រួសាររបស់ទាហានដែលត្រូវបានសម្លាប់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងថា អាមេរិកបន្តពិនិត្យទៅលើការលុបចោលប្រទេសស៊ូដង់ចេញពីបញ្ជីប្រទេសដែលឧបត្តម្ភដល់ក្រុមភេរវជន ប៉ុន្តែលោកបានលើកឡើងថាមិនទាន់មានការសម្រេចចិត្តអ្វីនៅឡើយទេ៕