ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កំពុងអំពាវនាវរកថវិកាចំនួន៣៧៥លាន៥សែនដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ដល់កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសរាប់សិបក្នុងពិភពលោក នៅពេលដែលមានការបំពាន និងធ្លាក់ចុះនៃសិទ្ធិជាមូលដ្ឋាន។
សិទ្ធិមនុស្សជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង៣របស់អង្គការសហប្រជាជាតិ ដែលរួមមាន សន្តិភាពនិងសន្តិសុខ សិទ្ធិមនុស្ស និងការអភិវឌ្ឍ។ ប៉ុន្តែការិយាល័យដែលជាស្ថាប័នតាមដានស្ថានភាពសិទ្ធិមនុស្សនៅជុំវិញពិភពលោកនេះ កំពុងតែខ្វះខាតប្រាក់យ៉ាងខ្លាំង។
កាលពីឆ្នាំមុន ការិយាល័យនេះបានអំពាវនាវរកថវិកាចំនួន៣២១លាន៥សែនដុល្លារអាមេរិក ប៉ុន្តែទទួលបានថវិកាស្ទើរតែមិនបានកណ្តាលផង។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិសង្ឃឹមថា ការអំពាវនាវនៅឆ្នាំនេះ នឹងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិប្រសើរជាងមុន។
លោក Jeremy Laurence អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនិយាយថា មានការងារជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ។ ការងារទាំងនោះរួមមានការតាមដានមើលការគោរពតាមច្បាប់សិទ្ធិមនុស្សដោយប្រទេសជាតិនានា ការការពារជនមានពិការភាព លើកកម្ពស់សិទ្ធិស្ត្រី និងយេនឌ័រ បង្ការមិនឱ្យមានជម្លោះ ការធ្វើទុក្ខបុកម្នេញ និងការរើសអើងគ្រប់ទម្រង់។
លោក Jeremy Laurence បាននិយាយថា៖
«នៅឆ្នាំនេះ យើងមានបំណងពង្រឹងកិច្ចប្រឹងប្រែងទៅលើបញ្ហាសំខាន់ៗទាំង៥ ដែលកំពុងតែមានផលប៉ះពាល់កាន់តែខ្លាំងឡើងៗទៅលើសិទ្ធិមនុស្សដ៏សំខាន់មួយនេះ។ បញ្ហាទាំងនោះរួមមាន បម្រែបម្រួលអាកាសធាតុ បច្ចេកវិទ្យាឌីជីថល អសមភាព អំពើពុករលួយ និងការធ្វើចំណាកស្រុក»។
លោក Laurence បានប្រាប់ VOA ថា កិច្ចការដែលត្រូវធ្វើនៅឆ្នាំនេះ ភាគច្រើននឹងពាក់ព័ន្ធជាមួយនឹងទ្វីបអាហ្វ្រិក។ លោកនិយាយថា ទីភ្នាក់ងាររបស់លោកនឹងផ្គត់ផ្គង់ធនធាន ជំនួយបច្ចេកទេស និងការគាំទ្រផ្សេងៗទៀតដើម្បីជួយដល់តំបន់ងាយរងគ្រោះ ដើម្បីធ្វើឱ្យប្រជាជននៅទីនោះទទួលបានសិទ្ធិមនុស្សកាន់តែប្រសើរឡើង។
លោក Laurence បាននិយាយថា៖
«នៅឆ្នាំនេះ យើងនឹងបង្កើតការិយាល័យថ្មីមួយនៅក្នុងប្រទេសស៊ូដង់ ហើយយើងនឹងព្យាយាមពង្រឹងកម្មវិធីរបស់យើងនៅក្នុងប្រទេសអេត្យូពី។ យើងក៏នឹងព្យាយាមធ្វើយ៉ាងណាឱ្យមានអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចកាន់តែច្រើន កើតចេញពីការធ្វើអន្តរកាលនយោបាយរបស់ប្រទេសទាំងនោះ។ យើងក៏នឹងពង្រីកការងាររបស់យើងនៅក្នុងតំបន់ Sahel រួមនឹងការិយាល័យរបស់យើងនៅប្រទេសនីហ្សេផងដែរ»។
លោក Laurence និយាយថា នៅទ្វីបអាមេរិក ការិយាល័យឧត្តមស្នងការនេះ នឹងពង្រឹងកិច្ចសហការបច្ចេកទេស និងការការពារនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោកនិយាយថា គម្រោងធំមួយទៀត នឹងជួយធ្វើឱ្យស្ថានភាពក្នុងប្រទេសបូលីវីមានភាពស្ងប់សុខ។ ប្រទេសបូលីវី កំពុងជួបប្រទះនូវអស្ថិរភាព ដែលបង្កឡើងដោយលោក Evo Morales អតីតប្រធានាធិបតី ដែលត្រូវបានគេបណ្តេញចេញពីតំណែង។
លោកនិយាយថា មន្ត្រីសិទ្ធិមនុស្សនឹងព្យាយាមបង្កើតនូវកិច្ចសន្ទនាពិតប្រាកដមួយ និងរួមបញ្ចូលគ្រប់ភាគីទាំងរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីបញ្ចប់វិបត្តិនេះ៕