សមាជិកគ្រួសារនិងមិត្តភក្ដិរបស់គ្រូបង្រៀនស៊ូដង់ម្នាក់ដែលត្រូវបានសម្លាប់ បានអបអរសាទរនិងហ៊ោកញ្ជ្រៀវនៅក្រៅបន្ទប់សវនាការមួយក្នុងទីក្រុង Omdurman កាលពីថ្ងៃអង្គារ នៅពេលដែលមន្ត្រីប៉ូលិសស៊ើបការណ៍សម្ងាត់២៩នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទធ្វើទារុណកម្មនិងសម្លាប់លោក Ahmed al-Khair នៅទីក្រុង Khasum al-Girba ប៉ែកខាងកើតប្រទេសស៊ូដង់។
ចុងចោទទាំង២៩នាក់ត្រូវបានរកឃើញថាមានទោសចំពោះការបំពានដែលឈានទៅធ្វើឱ្យបាត់បង់ជីវិតគ្រូបង្រៀនម្នាក់នោះ។
តុលាការបានរកឃើញថា លោក Ahmed al-Khair ត្រូវបានគេវាយដំនិងធ្វើទារុណកម្មរហូតដល់ស្លាប់ ដោយក្រុមមន្ត្រីនៅឯមណ្ឌលឃុំឃាំងមួយកន្លែង ក្រោយពីគ្រូបង្រៀនរូបនេះ ត្រូវបានចាប់ខ្លួនកាលពីចុងខែមករាឆ្នាំមុន។
លោក Ahmed al-Khair បានស្លាប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល១អាទិត្យនៅក្នុងមន្ទីរឃុំឃាំងនោះ។
លោក Hind Awadassaid នៃសហជីពគ្រូបង្រៀនស៊ូដង់ បានហៅការកាត់ទោសប្រហារជីវិតនោះថាជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ពលរដ្ឋដែលទាមទារយុត្តិធម៌។
លោកនិយាយថា៖
«ពេលនេះ ពលរដ្ឋមានភាពស្មើគ្នានៅចំពោះមុខច្បាប់ហើយ»។
លោក Bakhit Mohammed Ahmed ដែលជាគ្រូបង្រៀននិងជាសហសេវិកម្នាក់របស់លោក Ahmed al-Khair បានធ្វើដំណើរពីក្រុងKhasum al-Girba ទៅកាន់រដ្ឋធានីខាទុម ដើម្បីចូលរួមស្តាប់សវនាការកាត់ទោសនេះ។ លោកបាននិយាយថាមុនពេលតុលាការកាត់ទោស លោកមិនជឿជាក់លើប្រព័ន្ធយុត្តិធម៌ស៊ូដង់នោះទេ។ ប៉ុន្តែ ក្រោយពីតុលាការកាត់ទោសរួចហើយ លោកបានសរសើររដ្ឋាភិបាលអន្តរកាល ចំពោះការធានាថាយុត្តិធម៌ត្រូវតែមាន។
សាច់ញាតិរបស់លោក al-Khair ក៏បានសម្ដែងការពេញចិត្តចំពោះសាលក្រមរបស់តុលាការដែរ៕