ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចៅក្រម​អាមេរិកាំង​បញ្ជា​ឱ្យ​ក្រុម​មេធាវី​ចូល​បំភ្លឺ​ករណី​បង្ខំ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​

  • ម៉ែន គឹមសេង

រូប​ឯកសារ៖ ពលករ​ធ្វើ​ការ​នៅ​ផ្សារ​ត្រី​មួយ​នៅ​ខេត្ត​ Samut Sakhon ជិត​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៤។

​មេធាវី​ជនរងគ្រោះ​បញ្ជាក់​ថា​ តុលាការ​នេះ ​ពិតជា​មាន​យុត្តាធិការ​លើ​សំណុំរឿង​នេះ​​តាម​ច្បាប់​ការ​ការពារ​ជនរងគ្រោះ​នៅក្រៅ​ប្រទេស។

ចៅក្រមនៅរដ្ឋ​កាលីហ្វ័រញ៉ា​បាន​បញ្ជា​ឱ្យ​មេធាវី​ដើម​បណ្តឹង​និង​មេធាវី​ចុង​ចម្លើយ​នៅ​ក្នុងសំណុំ​រឿង​ប្តឹង​ដោយ​អតីត​ជនរងគ្រោះ​ខ្មែរ​ដែល​ធ្លាប់​ធ្វើការ​នៅ​រោងចក្រ​ផលិត​គ្រឿង​សមុទ្រ​ថៃ​ចូល​ជួប​មុខ​គ្នាដើម្បី​សម្រេច​កំណត់​ពេល​ដោះស្រាយសំណុំរឿង​នេះ​និង​ត្រូវ​បើក​សវនាការ​កាត់​ទោស​ឬ​យ៉ាងណា។

នៅ​ក្នុង​កំណត់​ហេតុ​ប្រជុំចុះ​ថ្ងៃទី​៩ខែ​សីហា​ដែល​ VOA ​ទទួល​បាន​ លោក​ចៅក្រម​ John F. Walter ​នៃ​តុលាការ​សហព័ន្ធ​ប្រចាំ​តំបន់​ភាគ​កណ្តាល​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​កំណត់​យក​ថ្ងៃ​ទី​១៩ខែ​កញ្ញា​ឱ្យ​មេធាវី​តំណាង​ភាគី​ទាំងសងខាង​បាន​ជួប​មុខ​គ្នា​នៅ​ចំពោះ​មុខ​លោក។

នៅ​ក្នុង​ដីកាបង្គាប់​តុលាការ​ក៏​បញ្ជា​ឱ្យ​ភាគី​ទាំងពីរ​ដាក់​របាយការណ៍​រួមគ្នាត្រឹម​ថ្ងៃ​ទី​៨ខែ​កញ្ញា​ដើម្បីបង្ហាញ​ហេតុផល ភស្តុតាង​ និង​ចំណាត់ការមួយ​ចំនួន​ក្នុង​នោះ​រួម​មាន​ហេតុអ្វី​បាន​ជា​តុលាការ​នេះ​មាន​ឬ​មិន​មាន​យុត្តាធិការលើ​សំណុំរឿង​នេះ​ កំណត់​ចំនួន​ការខូចខាត​ដែល​ត្រូវ​សង​ឬ​ការ​បដិសេធ​មិន​សង ​ការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះ​ស្រាយ​ ផល​ប្រយោជន៍ដែល​កើត​ចេញពី​ការ​សម្រេច​ក្តី ​និង​ការ​សម្រេច​ថា​សំណុំរឿង​នេះ​គួរតែ​ធ្វើ​សវនាការ​ពេញអង្គ​ឬទេ ​ព្រម​ទាំង​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​សវនាការ​ដែល​ភាគី​ទាំងពីរ​ចង់​បាន​ដើម្បី​បញ្ចប់​រឿង​ក្តី។

ដីកា​នោះ​បាន​បន្ថែម​ថា៖

«ប្រសិនបើ​មេធាវី​មិន​បាន​ដាក់​របាយការណ៍​រួម​ដែល​តុលាការ​តម្រូវ​ទេ​ឬ​ខកខាន​មិន​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំណត់​ពេល​សវនាការ​ហើយ​ការ​ខកខាន​នេះ​មិន​មាន​ហេតុផល​សមស្រប​ពន្យល់​ដល់​តុលាការ​ទេ​គឺ​តុលាការ​នឹង​ទាត់ចោល​សំណុំរឿង​នេះ​បើ​ភាគី​ដើម​បណ្តឹង​មិនមក​បង្ហាញ​ខ្លួន​និង​បើ​ភាគី​ចុងចម្លើយ​មិន​មក​បង្ហាញ​ខ្លួន​តុលាការ​នឹង​ចេញដីកា​សម្រេច​កំបាំងមុខ​‍»។

​ជន​រងគ្រោះ​ខ្មែរ​ចំនួន​៧​នាក់​ដែល​មាន​បុរស​ប្រាំ​នាក់​និង​ស្ត្រី​ពីរ​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុនអាមេរិកាំង​គឺ​ក្រុមហ៊ុន ​Rubicon Resources ​និង​ក្រុមហ៊ុន​ Wale& Co. Universe, Ltd. ​និងក្រុមហ៊ុន​ថៃ​ Phatthana Seafood Co., Ltd ​និង​ក្រុមហ៊ុន​ S.S. Frozen Food Co., Ltd ​កាលពី​ថ្ងៃ​ទី​១៥ខែ​មិថុនា។ ក្នុង​ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា​ជនរងគ្រោះ​ទាំងនោះ​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ក្នុង​ស្រុកមក​បញ្ចុះ​បញ្ចូល​ឱ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ​ Phatthana Seafood Co. Ltd. ​ចន្លោះ​ពី​ឆ្នាំ២០១០ដល់​២០១២​ហើយ​បាន​ប្រឈម​មុខនឹង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ងារ​លើស​កម្លាំង ទាសភាព ​និង​ ការ​ធ្វើ​ការ​ដើម្បី​សង​បំណុល​ថៅកែ។

ក្រុម​ជន​រង​គ្រោះ​កម្ពុជា​តំណាង​ដោយ​ក្រុមហ៊ុន​មេធាវី​សិទ្ធិមនុស្ស​អាមេរិកាំង​ឈ្មោះ​ Cohen Milstein Sellers &Toll PLLC​ ដែល​មាន​ស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ហើយភាគី​ក្រុមហ៊ុន​ថៃ​និង​អាមេរិកាំង​តំណាង​ដោយ​ក្រុមហ៊ុន​មេធាវី ​Sheppard, Mullin, Richter & Hampton​LLP​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡូសអាន់ជឺឡេស​ រដ្ឋ​កាលីហ្វញ៉ា។

មេធាវី​តំណាង​ឱ្យ​ភាគី​ទាំងពីរ​បាន​ជជែក​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អស់​រយៈពេល​មួយ​ម៉ោង​កន្លះ​កាល​ពី​ថ្ងៃ​ទី៣​ខែ​សីហា។ នៅ​ក្នុង​ការពិភាក្សា​នោះ​ក្រុម​មេធាវី​របស់​ក្រុមហ៊ុន​ព្យាយាម​បកស្រាយ​ថា​តុលាការ​សហរដ្ឋ​អាមេរិក​នេះមិន​មាន​យុត្តាធិការ​លើ​សំណុំរឿង​នេះ​ទេ​ហើយ​អ្វីដែល​បាន​កើត​មាន​ឡើង​គឺមិន​មាន​លក្ខណៈ​ជា​ការ​ធ្វើ​ទារុណកម្ម​ ឬ​ធ្វើការ​ដោយ​បង្ខំ​ទេ។ នេះ​បើតាម​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍រួម​ដែល ​VOA ​ទទួល​បាន។

ក្រុម​មេធាវី​ចុងចម្លើយ​បាន​បន្ថែម​ថា៖

«តាម​ទស្សនៈ​របស់​ក្រុម​មេធាវី​ការពារ​ចុងចម្លើយ​គឺ​ការចោទ​ប្រកាន់​ដែល​បាន​លើកឡើង​គឺ​គ្រាន់​តែ​ជា​ជម្លោះ​ការងារ​ដែល​កើត​ឡើង​ទាំងស្រុង​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក‍»។​

​ប៉ុន្តែ​មេធាវី​ជនរងគ្រោះ​បញ្ជាក់​ថា​តុលាការ​នេះ ​ពិតជា​មាន​យុត្តាធិការ​លើ​សំណុំរឿង​នេះតាម​ច្បាប់​ការ​ការពារ​ជនរងគ្រោះ​នៅក្រៅ​ប្រទេស។

VOA​បាន​ព្យាយាម​ទូរស័ព្ទ​ទៅទាក់​ទង​ក្រុមហ៊ុន​មេធាវី​Sheppard, Mullin, Richter & Hampton LLP កាលពីថ្ងៃ​ពុធ។ ស្ត្រី​ដែល​លើក​ទូរស័ព្ទ​បាន​បញ្ជូន​បន្ត​ទៅក្រុម​មេធាវី​ប៉ុន្តែ​បាន​ចូល​ទៅ​ក្នុង​សារជា​សំឡេង។ ​លោក Bryan D. Daly ​ប្រធាន​ក្រុម​មេធាវីមិន​បាន​ឆ្លើយ​តប​តាម​សារ​សំឡេង​ដែលVOAបាន​ទុក​នោះ​នៅឡើយ​ទេ។ ​

តាមគម្រោង​ការដើម​គឺ​ក្រុមហ៊ុន​ត្រូវ​ឆ្លើយតប​និង​ផ្តល់​ភស្តុតាង​ចាប់ពី​ថ្ងៃ​១៥​ខែកក្កដា​មកប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ក្រុមហ៊ុន​បាន​សុំ​ពេល​មួយ​ខែ​រហូត​ដល់​ថ្ងៃទី១០​ខែសីហា​ដោយ​យោង​ហេតុផល​ថា​កូនក្តី​របស់​ខ្លួន​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយ៉ាល​ក្នុង​ប្រទេស​ថៃ​ដែល​ខ្លួនត្រូវ​ទៅ​ជួប​ហើយ​នៅ​ទីនោះ​គ្មាន​សេវា​អ៊ីនធឺណិត​ដែល​អាច​ដាក់ពាក្យ​ការពារ​ទាន់​ពេល​ ការ​ជាប់​ការពារ​ក្តី​ផ្សេងទៀត ​និង​រឿងក្តី​មាន​លក្ខណៈ​ស្មុគស្មាញ​ជាដើម។ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល​រៀបចំ​ដោយ​មាន​ការ​ព្រមព្រៀង​រវាង​មេធាវី​ទាំងសងខាង។

លោក កែវ រដ្ឋា​ ជនរងគ្រោះ​ម្នាក់​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​បាន​បញ្ជាក់​ប្រាប់ ​VOA ​ថា​លោក​តែង​តែ​ចង់ឱ្យរឿងក្តីនេះ​បាន​ចប់​ឆាប់ៗ។

លោក​ចោទសួរ​ពី​ចេតនា​របស់​ក្រុម​មេធាវី​ក្រុមហ៊ុន៖

«រឿង​នេះ​វា​មាន​តាំងពី​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​នេះ​របៀប​ដូច​ជា​ឆ្លៀត​ឱកាស​មួយ​ដើម្បី​រៀបចំ​ធ្វើ​អ្វី មួយ​ដែល​មិនល្អ​ឬ​ក៏​យ៉ាងម៉េច​ទេ​។ ខ្ញុំ​ក៏​គិត​មិន​ដឹង​ដែរ‍»។

រីឯ​លោក​មឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​(ហៅ​កាត់​ថាសង់ត្រាល់)បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ដែល​ដំណើរ​រឿងក្តី​នេះ​បាន​អូសបន្លាយ​ពេល​កាន់​តែ​យូរ។

«ខ្ញុំ​មើល​ទៅ​ឃើញ​រឿង​ហ្នឹង​វា​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១២​ចឹង​ទៅ​ការ​ពន្យារ​ពេល​សម្រាប់​ខ្ញុំ​មិន​គាំទ្រ​ឱ្យ​តុលាការ​ពន្យារ​ពេល​រឿង​ហ្នឹង​ទេ​ដោយ​សារ​តែ​ជនរងគ្រោះ​ហ្នឹង​គាត់​រង់ចាំ​រឿង​ហ្នឹង​យូរ​ហើយ​តាំងពី​ឆ្នាំ​២០១២​មក​ហើយ​រហូត​ដល់​ឥឡូវ​ឆ្នាំ​២០១៦​ហើយ​បួន​ឆ្នាំ​ជាង​គាត់​រង់ចាំ​យុត្តិធម៌ ​សម្រាប់​គាត់​យូរ‍»។

សវនាការ​ដើម្បី​ស្តាប់​ញត្តិ​ត្រូវ​បាន​តុលាការ​សម្រេច​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ខែ​តុលា​ខាង​មុខ​ផង​ដែរ​ដែល​ក្នុង​ឱកាស​នោះ​តុលាការ​នឹង​សម្រេច​ថា​នឹង​ត្រូវ​ទាត់​ចោល​សំណុំរឿង​នេះ​ឬ​ក៏​បន្តទៅ​សវនាការ​ពេញអង្គ៕​

XS
SM
MD
LG