ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជក់​បារី​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ប្លោក​នោម​ច្រើន​ជាង​ការ​ស្មាន​ពី​មុន​


ការ​ជក់​បារី​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ប្លោក​នោម​ច្រើន​ជាង​ការ​ស្មាន​ពី​មុន​
ការ​ជក់​បារី​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ប្លោក​នោម​ច្រើន​ជាង​ការ​ស្មាន​ពី​មុន​

ក្រុម​អ្នក​ជំនាញការ​បាន​ដឹង​ពី​មុន​ថា​ការ​ជក់​បារី​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ច្រើន​ប្រភេទ។​ ការវិភាគ​ថ្មី​មួយបង្ហាញ​ថា​ ការ​ជក់​បារី​ជា​មូលហេតុ​ពាក់​កណ្តាល​នៃ​ជំងឺ​មហារីក​ប្លោកនោម​ទាំង​អស់​ដែល​កើត​មាន​នៅ​នឹង​បុរស​និង​ស្ត្រី គឺ​ច្រើន​ជាង​ចំនួន​ដែល​គេ​បាន​ដឹង​ពី​មុន។

មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ច្រើន​ជាង​៣៥​ម៉ឺន​នាក់​ បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ឃើញ​ថា​មាន​ជំងឺ​មហារីក​ប្លោកនោម​ គឺ​ជា​សរីរាង្គ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ពោះ​របស់​មនុស្ស​ សម្រាប់​ផ្ទុក​និង​បញ្ចេញ​ទឹកម៉ូត្រ។

ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០០៩​ នៃ​ក្រុម​អ្នក​ជក់​បារី​នៅ​ក្នុង​រដ្ឋ​ នូ ហាំស្ហឺរ​ (New​ Hampshire)​ របស់​សរអា​ បាន​ទាក់​ទាញ​អារម្មណ៍​របស់​លោក​ នៀល ហ្វ្រ៊ីដម៉ាន់​ (Neal Freedman)​ អ្នក​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ម្នាក់​ នៅ​វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​របស់​សរអា​ ឬ​ហៅ​ US​ National​ Cancer​ Institute។​ លោក​ Freedman​ និង​សហសេវិក​បាន​សង្កេត​ឃើញ​ថា​មាន​ចំនួន​ខ្ពស់​មិន​ធម្មតា​មួយ​នៃ​ករណី​អ្នក​កើត​ជំងឺ​មហារីក​ប្លោកនោម​ ដែល​គេ​បាន​កំណត់​ថា​មាន​ទាក់ទង​ទៅ​នឹង​ការ​ជក់បារី។

ពួកគេ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​អំពី​ទំនាក់​ទំនង​នេះ​ ដោយ​ធ្វើ​វិភាគ​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​មនុស្ស​៥០​ម៉ឺន​នាក់​ដែល​ចូល​រួម​នៅ​ក្នុង​ការ​សិក្សា​អំពី​អាហារ​និង​សុខភាព​របស់​វិទ្យាស្ថាន​ជាតិ​ខាង​ផ្នែក​សុខភាព។​ ក្រុម​អ្នក​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​រយៈ​ពេល​យូរ​ ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៩៥ មាន​អាយុ​រវាង​ពី​៥០​ទៅ​៧១​ឆ្នាំ​នៅ​ពេល​ចាប់ផ្តើម។

នៅ​ពេល​លោក​ Freedman​ ពិនិត្យ​មើល​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​អ្នក​មក​ចូល​រួម​នៅ​ឆ្នាំ​២០០៦​ លោក​បាន​រក​ឃើញ​ថា​បុរស​និង​ស្ត្រី​៤​ពាន់​៥​រយ​នាក់​ បាន​កើត​ជំងឺ​មហារីក​ប្លោកនោម។

«នៅ​ក្នុង​ការ​សិក្សា​របស់​យើង​ អ្នក​ជក់​បារី​មាន​គ្រោះថ្នាក់​កើត​ជំងឺ​មហារីក​ប្លោក​នោម ច្រើន​ជាង​អ្នក​មិន​ដែល​ជក់​បារី​សោះ​ដល់​ទៅ​៤​ដង។ ហើយ​ចំនួន​នេះ​ខ្ពស់​ជាង​ចំនួន​ដែល​គេ​បាន​សង្កេត​ឃើញ​ពី​មុន​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​គេ​បាន​ធ្វើ​ការ​សិក្សា​នៅ​ក្នុង​រយៈ​ពេល​ដំបូងៗ គឺ​រវាង​ទសវត្ស​១៩៦០​ ១៩៧០​ និង​១៩៨០»។

លោក​ Freedman​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ការ​សិក្សា​នៃ​ក្រុម​អ្នក​ចូលរួម​ដំបូងៗ គ្រោះថ្នាក់​កើត​ជំងឺ​មហារីក​ប្លោកនោម​នៃ​ក្រុម​អ្នក​ជក់​បារី​នៅ​ពេល​នោះ​មានតែ​៣ដងខ្ពស់​ជាង»។

«ការ​រក​ឃើញ​សំខាន់​ផ្សេង​ៗទៀត​ដែល​យើង​បាន​ឃើញ​នោះ​ គឺ​ថា​ការ​ជក់​បារី​បាន​បង្ហាញ​ថា​ជំងឺ​មហារីក​ប្លោកនោម​ប្រមាណ​៥០​ភាគរយ​បាន​កើត​មាន​ជា​មួយ​បុរស​និង​ស្ត្រី​ នៅ​ក្នុង​ការ​សិក្សា​របស់​យើង។​ ការ​សិក្សា​ពី​មុនៗ​បាន​ធ្វើ​ឡើង​ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​ស្ត្រី​ជក់​បារី​តិច​ជាង​បុរស។​ ហើយ​នៅ​ក្នុង​ការ​សិក្សា​ទាំង​ឡាយ​នោះ​ ការ​ជក់​បារី​បាន​បង្ហាញ​ថា​បុរស​កើត​ជំងឺ​មហារីក​ប្លោកនោម​ មាន​ប្រមាណ​៥០​ភាគរយ​ ប៉ុន្តែ​ស្ត្រី​មាន​រវាង​ត្រឹម​តែ​២០​និង​៣០​ភាគរយ​ប៉ុណ្ណោះ»។

ជាបន្ថែម​ លោក​ Freedman​ មាន​ប្រសាសន៍​ថា​ សមាសធាតុ​បារី​បាន​ផ្លាស់ប្តូរ​ចាប់​តាំង​ពី​សម័យ​ឆ្នាំ​១៩៦០។​ នៅ​ពេល​ដែល​ កម្រិត​ជ័រ​កន្ទុយ​បារី​និង​ជាតិ​នីកូទីន​ត្រូវ​បាន​កាត់​បន្ថយ​ អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ហាក់​ដូច​ជា​មាន​ការ​កើន​ចំនួន​នៃ​ជាតិ​គីមី​ដែល​គេ​ដឹង​ថា​ជា​មូលហេតុ​បណ្តាល​ឲ្យ​កើត​មហារីក​ រួម​មាន​ជាតិ​ Beta​ napthylamine​ ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ជំងឺ​មហារីក​ប្លោក​នោម។

ការ​សិក្សា​ថ្មី​ក៏​បាន​រក​ឃើញ​ថា​មាន​ការ​កើន​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​ប្លោក​នោម​នៅ​ក្នុង​ក្រុម​អ្នក​ធ្លាប់​ជក់​ពី​មុន​ដែរ។​ អ្នក​ទាំង​នោះ​ទំនង​ជា​អាច​កើត​ជំងឺ​នេះ​ ពីរ​ដង​ច្រើន​ជាង​អ្នក​ដែល​មិន​ជក់​សោះ។

អត្ថបទ​មួយ​ដែល​រៀប​រាប់​អំពី​ការ​សិក្សា​ជំងឺ​មហារីក​ប្លោក​នោម​ បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ពេទ្យ​ឈ្មោះ​ the​ Journal​ of​ the​ American​ Medical​ Association៕

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG