វ៉ាស៊ីនតោន៖ ក្រុមអ្នកតាក់តែងច្បាប់ទូទាំងប្រទេសបានតម្លើងពន្ធអាករលើបារីដើម្បីផ្តល់ថវិកាចំណូលចាំបាច់ឲ្យរដ្ឋាភិបាលតំបន់។ តែទីផ្សារងងឹតមានការលូតលាស់ខ្លាំងក្នុងការលក់បារី ដែលបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំច្រើនពាន់លានដុល្លារ។ ដូចសេចក្ដីរាយការណ៍របស់ Faiza Elmasry ឲ្យដឹងថា ទីភ្នាក់ងារគ្រប់ថ្នាក់បានសហការគ្នាក្នុងការស៊ើបអង្កេត និងប្រយុទ្ធតទល់នឹងការលក់បារីក្នុងផ្សារងងឹត។
តម្លៃបារីខុសៗគ្នាដ៏ច្រើន ពីទីកន្លែងមួយទៅទីកន្លែងមួយ នៅក្នុងស.រ.អ. ដោយសាររដ្ឋនិមួយៗបានដាក់កម្រិតពន្ធអាករ មកលើតម្លៃលក់រាយ នៃកញ្ចប់បារីមួយៗ។
ក្នុងរដ្ឋខ្លះ ពន្ធអាករ មានតែប៉ុន្មានសេនប៉ុណ្ណោះ។ តែរដ្ឋដទៃទៀត តម្លៃខុសគ្នាដល់ច្រើនដុល្លារ។ ហេតុដូច្នេះហើយ ដោយសារមានជនជាតិ អាមេរិកាំងជិត៤៥ លាននាក់ជក់បារី ការលក់បារី ជាមុខរបរដ៏ធំមួយ ដូចគ្នានឹងពាណិជ្ជកម្មជួញដូររត់ពន្ធបារីដែរ ។ ឈ្មួញបានប្រមូលទុកបារីដែលទិញពីរដ្ឋដែលយកពន្ធអាករតិច ឬទិញបារីពីតំបន់មិនយកពន្ធអាករក្នុងទីកន្លែងកាន់កាប់ដោយជនជាតិឥណ្ឌាស្បែកក្រហម រួចដឹកយកមកលក់ក្នុងរដ្ឋដែលលក់បារីតាមតម្លៃខ្ពស់។ នៅទីកន្លែងមានពន្ធបារីខ្ពស់ ឈ្មួញក៏លក់បារីបានច្រើន រួចទទួលប្រាក់ចំណេញក៏ច្រើនដែរ។
«ពេលនេះ រថយន្ដកាមីយ៉ុងវែងមួយ ដែលផ្ទុកទៅដោយបារីខុសច្បាប់ នឹងផ្ដល់ទៅឲ្យអ្នកបើកបរអាចទទួលប្រាក់ចំណេញប្រហែលពីរលានដុល្លារ»។
លោក Ted Deeds ជាអ្នកនាំពាក្យនៃក្រសួងបង្រ្កាបការជួញដូរបារីខុសច្បាប់ និងសណ្ដាប់ធ្នាប់ហៅ Law Enforcement Alliance of America ដែលជាក្រុមឯកជនមិនយកកម្រៃខាងការអនុវត្ដន៍ច្បាប់។ លោកចង្អុលឲ្យឃើញថា ប្រាក់ចំណេញរបស់ឈ្មួញរត់ពន្ធ មានន័យថា រដ្ឋមិនបានទទួលយកពន្ធ ជាប្រាក់ចំណូលត្រូវការដើម្បីយកទៅចំណាយមកលើសេវាតំបន់ ជាពិសេសក្នុងការអប់រំ។
កាសែត The Wall Street Journal រាយការណ៍ថា រដ្ឋនិមួយៗ បានខាតបង់ប្រាក់ជិតទៅ៥ពាន់លានដុល្លារ រាល់ៗឆ្នាំ គឺពីព្រោះតែគ្មានពន្ធនាំចូល ដែលបណ្ដាលមកពីទីផ្សារងងឹតលក់បារីខុសច្បាប់នេះប៉ុណ្ណោះ។
ពន្ធអាករលើបារីជាប្រភពប្រាក់ចំណូលសំខាន់សម្រាប់រដ្ឋ ញូយ៉ក ដែលលក់បារីថ្លៃជាងគេបំផុត នៅក្នុងស.រ.អ. តាមតម្លៃ១៥ដុល្លារក្នុងមួយកញ្ចប់។ ពន្ធអាកររបស់រដ្ឋទទួលប្រាក់ចំណូលជាង៤ដុល្លារក្នុងបារីមួយកញ្ចប់។ ទីក្រុងញូយ៉កយកពន្ធបន្ថែមមួយដុល្លារកន្លះ។ រដ្ឋនានាសហការជាមួយ ក្រសួងបង្រ្កាបបទល្មើសរបស់សហពន្ធគឺការិយាល័យសុរា ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ ឬ ATF ក្នុងការបង្រ្កាបលើផ្សារងងឹតលក់បារី។ លោក Brad Maione បុគ្គលិករបស់ក្រសួងពន្ធអាករនិងហិរញ្ញវត្ថុក្នុងរដ្ឋញូយ៉ក និយាយថា ទីភ្នាក់ងាររបស់លោកបានដឹកនាំការស៊ើបអង្កេតសម្ងាត់រយៈពេលយូរ។
«កិច្ចការនោះមានគ្រោះថ្នាក់ច្រើន ហើយលំបាកពាក់ព័ន្ធនឹងកិច្ចប្រតិបត្ដិការជាមួយរដ្ឋខាងក្រៅ។ យើងបានជោគជ័យខ្លះៗជាច្រើនឆ្នាំមកហើយក្នុងការប្រយុទ្ធតទល់នឹងជំនួញស្រាខុសច្បាប់។ យើងបានបំពេញករណីមួយដែលបណ្ដាលឲ្យមានការចាប់ខ្លួនមនុស្សច្រើននាក់។ សហគ្រាសជួញស្រាខុសច្បាប់នោះ បានធ្វើឲ្យរដ្ឋខាតបង់ពន្ធអាករប្រហែល១១លានដុល្លារ»។
លោក Cohen និយាយថា៖
«ATF បានធ្វើការជាមួយករណីច្រើនរយ នៅក្នុងប្រទេសទាំងមូលកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ»។
Jeff Cohen គឺជាអ្នកនាំពាក្យរបស់ទីភ្នាក់ងារ ATF។ លោកបន្ថែមថា៖
«ជោគជ័យដ៏ត្រចះត្រចង់របស់យើងមួយគឺករណីមួយកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះពាក់ព័ន្ធនឹងភ្នាក់ងាររបស់ក្រុមភេរវកម្មហេបូឡានៅក្នុងរដ្ឋ North Carolina ដែលដឹកបារីចូលទៅក្នុងរដ្ឋ Michigan ហើយទទួលប្រាក់ចំណេញដ៏ច្រើនសន្ធឹកពីបារីគ្មានពន្ធ ហើយយកប្រាក់ចំណូលទាំងនោះទៅទិញអាវុធយុទ្ធភណ្ឌ»។
ទោះបីជាមានជោគជ័យជាច្រើនក៏ដោយ លោកCohen និយាយថា ការប្រយុទ្ធប្រឆាំងឈ្មួញរត់ពន្ធបារីកាន់តែលំបាកខ្លាំង។
«បញ្ហាមួយដ៏ធំនៅជុំវិញពិភពលោក គឺការធ្វើបារីក្លែងក្លាយ និងការចែក បោះ លក់បារីក្លែងក្លាយ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនទាំងនោះមានល្បិចកាន់តែខ្ពស់ រហូតដល់ចំណុចមួយដែលគេមិនអាចដឹងថា បារីណាមួយក្លែងក្លាយ ឬណាមួយមិនក្លែងក្លាយ»។
លោក Cohen ថ្លែងទៀតថា កិច្ចប្រឹងប្រែងរបស់ក្រុមអនុវត្ដច្បាប់ក្នុងកិច្ចការបង្រ្កាបត្រូវរារាំងដោយមិនសូវមានធនធានច្រើនទេ ហើយដាក់អាទិភាពទៅលើរឿងដទៃ។
«ជាពិសេសនៅក្នុងក្រសួង ATF យើងផ្ដោតទៅលើឧក្រិដ្ឋកម្មឃោរឃៅមុនគេបង្អស់។ ពេលដែលមានមនុស្សជួញដូរអាវុធ ឬពាក់ព័ន្ធនឹងការដាក់គ្រាប់បែកផ្ទុះមកលើអគារ ឬរត់គ្រឿងញៀន ជួនកាល ការរត់ពន្ធបារីខុសច្បាប់មិនបានចាត់ទុកជាអាទិភាពខ្ពស់ទេ ហើយម្យ៉ាងទៀតគឺឧក្រិដ្ឋជនមានល្បិចច្រើន។ ពួកគេចេះលាក់ខ្លួននៅពីក្រោយការទិញដូរច្រើនកន្លែង ដើម្បីបំភ័ន្តភ្នែកនៅទីកន្លែងដែលបារី បានត្រូវយកទៅលក់ជាទីចុងក្រោយ»។
ការផ្សព្វផ្សាយឲ្យសាធារណជនយល់ដឹងអំពីឧក្រិដ្ឋកម្មដូច្នេះ មានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ជំនួញខុសច្បាប់នេះ នេះបើតាមពាក្យរបស់លោក Ted Deeds នៃក្រុម Law Enforcement of Alliance of America។
«ប៉ូលិសនៅស.រ.អ. ត្រូវធ្វើការឲ្យប្រសើរឡើង ដោយប្រាប់គេគ្រប់គ្នាឲ្យដឹងថា ប្រទេសអាមេរិកមាន ទីផ្សារងងឹតលក់បារី។ គ្រប់រូបនៅក្នុងប្រទេសអាមេរិកត្រូវមានជម្រើសល្អជាងមុន ដោយចៀសវាងមិនទិញបារីខុសច្បាប់។ បើគេមើលឃើញថា មាននរណាមួយលក់វត្ថុខុសច្បាប់ លាក់ទុកនៅក្នុងឡានកាំមីយ៉ុង គេត្រូវហៅប៉ូលិស ហើយរាយការណ៍ប្រាប់ក្រសួងនោះ។ ទីពីរ ក្រសួងបង្ក្រាបត្រូវមានមុខនាទីនៅពេលមានកិច្ចប្រជុំអំពីមធ្យោបាយបន្ដបន្ទាប់ ប្រហែលជាយើងត្រូវការពារព្រំប្រទល់ ឬតម្លើងប្រាក់ផាកពិន័យមកលើជនរត់ពន្ធបារីខុសច្បាប់នោះ ប្រហែលជាយើងអាចកាត់បន្ថយប្រាក់ចំណេញរបស់ឈ្មួញខុសច្បាប់បាន។ ខ្ញុំមិនច្បាស់ទេ តែខ្ញុំដឹងថា ដើម្បីឲ្យមានមធ្យោបាយហ្មត់ចត់ យើងត្រូវឲ្យមានប៉ូលិសជួយរៀបចំរូបមន្ដមកលើមធ្យោបាយនោះ»។
លោក Deeds និយាយទៀតថា ការស្ថាបនាឲ្យមានកិច្ចសហប្រតិបត្ដិការគ្នាក្នុងចំណោមទីភ្នាក់ងារសហព័ន្ធ និងតំបន់អាចជួយក្នុងកិច្ចការប្រយុទ្ធតទល់នឹងអំពើរត់ពន្ធ។ លោកថ្លែងបន្ថែមថា វានឹងមានប្រយោជន៍សំខាន់ដល់មន្ដ្រីនៃក្រសួងបង្រ្កាបច្បាប់អាមេរិកាំងក្នុងកិច្ចការសម្រួលជាមួយទីភ្នាក់ងារ និងរដ្ឋាភិបាលបរទេស ដោយមកពីការរត់ពន្ធ ការជួញដូរបារីបានកើនខ្លាំង រួចក្លាយទៅជារឿងឧក្រិដ្ឋកម្មគ្មានព្រំដែន៕
ប្រែសម្រួលដោយលោក អ៊ូ ធួក