រាជរដ្ឋាភិបាលកម្ពុជា នឹងបិទការឃោសនាផ្សាយលក់ថ្នាំជក់នាពេលឆាប់ៗនេះ ដែលមានគោលដៅប្រឆាំងនឹងការជក់បារី បន្ទាប់ពីមានច្បាប់មួយដែលបានដាក់ស្នើកាលពីខែកក្កដា តម្រូវឱ្យមានសញ្ញាព្រមានសុខភាពលើកញ្ចប់បារី។
ពួកសកម្មជនប្រឆាំងការជក់បារី និយាយថា ផែនការរបស់ប្រទេសកម្ពុជាដើម្បីហាមឃាត់ការឃោសនាពាណិជ្ជកម្មនិងផ្សព្វផ្សាយថ្នាំជក់ ជាព្រិត្តិការណ៍ដ៍សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអត្រាការជក់បារីរបស់ប្រទេសជាតិ។
វេជ្ជបណ្ឌិត Yel Daravuth ជាអ្នកជំនាញការខាងត្រួតត្រាថ្នាំជក់នៅការិយាល័យរបស់អង្គការសុខភាពពិភពលោកក្នុងទីក្រុងភ្នំពេញ។ លោកមានប្រសាសន៍ថា ការហាមឃាត់មានសារៈសំខាន់ដល់ការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជំងឺដែលពាក់ព័ន្ធនឹងថ្នាំជក់។ លោក Yel មានប្រសាសន៍បន្តទៀតថា ជំងឺនានាដូចជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺសួត ហើយនឹងមហារីកសួត កំពុងកើនឡើងក្នុងប្រទេសកម្ពុជា ហើយការណ៍នេះមានន័យថា ពេលវេលាដែលត្រូវធ្វើគឺឥឡូវនេះ។
VOA - R. Carmichael
«ប្រសិនបើយើងមិនការពារ ហើយមិនត្រួតត្រាការរាលដាលថ្នាំជក់ទេ យើងអាចមើលឃើញជំងឺក្នុងរយៈពេល៥ឆ្នាំទៀត នឹងមានការកើនឡើងយ៉ាងខ្លាំង»។
លោក Yel Daravuth មានប្រសាសន៍បន្តទៀតថា ការសិក្សាបង្ហាញថា ពួកប្រទេសកំពុងអភិវឌ្ឍន៍អាចរំពឹងកាត់បន្ថយការជក់បារីជាទូទៅរបស់ខ្លួនចំនួន៨% ក្នុងរយៈពេលជាង១ទសវត្សរ៍ ប្រសិនបើពួកគេអនុវត្តការហាមឃាត់ការឃោសនាពាណិជ្ជកម្មបារីនេះ។
ផ្ទុយទៅវិញ ប្រទេសទាំងឡាយដែលមិនបានអនុវត្តការហាមឃាត់បានឃើញការធ្លាក់ចុះការជក់បារីតែ១%ពិន្ទុគត់។
ការជក់បារីក្នុងប្រទេសកម្ពុជាមានចំនួនលើសលុបក្នុងចំណោមបុរស។ ការស្ទង់មតិនាពេលថ្មីៗបំផុតនេះ ដែលបានចេញផ្សាយក្នុងឆ្នាំ២០០៦បានបង្ហាញថា បុរសចំនួន៤៨% ដែលមានអាយុលើសពី១៥ឆ្នាំបានជក់បារី។
ចំនួននេះប្រៀបធៀបទៅនឹងជាង៥០% ក្នុងប្រទេសចិន រុស្ស៊ីនិងប្រទេសជាតិអាហ្រ្វិកខ្លះ។ ក្នុងប្រទេសជាតិអភិវឌ្ឍន៍ភាគច្រើន អត្រាជក់បារីស្ថិតនៅក្រោម៣០% ចំពោះបុរស។
ដូចគ្នានឹងប្រទេសភាគច្រើនក្នុងទ្វីបអាស៊ី ចំនួនភាគរយនៃស្រ្តីប្រើប្រាស់ថ្នាំជក់មានចំនួនតិចជាងចំនួនបុរសយ៉ាងច្រើនក្នុងប្រទេសកម្ពុជា។ ស្រ្តីចំនួន៤% ជក់បារីក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៍ដោយ លោកវេជ្ជបណ្ឌិត Yel Daravuth មានប្រសាសន៍បន្តទៀតថា ស្រ្តីខ្មែរជិត២០% បានចុកថ្នាំជក់។
កាលពី៥ឆ្នាំមុន ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាតគម្រោងការងារសម្រាប់ត្រួតត្រាថ្នាំជក់ ដែលជាសន្ធិសញ្ញាសុខភាពសាធារណៈសកលលោកដើម្បីប្រយុទ្ធប្រឆាំងជំងឺនានាដែលពាក់ព័ន្ធថ្នាំជក់។ នៅក្រោមសន្ធិសញ្ញានេះ ប្រទេសនានាសន្យាហាមឃាត់ការឃោសនាផ្សាយពាណិជ្ជកម្ម ការឧបត្ថម្ភ ហើយនឹងការផ្សព្វផ្សាយថ្នាំជក់។
ក្រៅពីការខូចខាតខាងសុខភាពដែលបណ្តាលមកពីការជក់បារី លោកវេជ្ជបណ្ឌិត Yel Daravuth មានប្រសាសន៍បន្តទៀតថា ការកាត់បន្ថយការជក់បារី អាចធ្វើ ឱ្យធ្លាក់ចុះកម្រិតភាពក្រីក្រក្នុងប្រទេសកម្ពុជា។
«យើង អាចរកឃើញថា ពួកអ្នកជក់បារី ចំណាយប្រាក់ចំណូលយ៉ាងហោចណាស់ក៏៩% ដែលពួកគេរកបានជារៀងរាល់ថ្ងៃដើម្បីទិញបារី ដែលជាចំនួនប្រាក់យ៉ាងច្រើនរបស់ពួកគេ។ ពួកគេ អាចប្រើប្រាស់ប្រាក់ទាំងនេះសម្រាប់ការសិក្សាអប់រំ ផ្គត់ផ្គង់កូនចៅសម្រាប់រៀនសូត្រ ផ្គត់ផ្គង់គ្រួសារ ម្ហូបអាហារ គឺវាមានសារៈសំខាន់ណាស់»។
ក្រុមហ៊ុនថ្នាំជក់ British American Tobacco ឬ BAT ជាក្រុមហ៊ុនថ្នាំជក់ដ៏ធំបង្អស់មួយនៃក្រុមហ៊ុនថ្នាំជក់ដ៏ធំបង្អស់នានាក្នុងពិភពលោក ហើយក្រុមហ៊ុននេះបានត្រួតត្រាទីផ្សាររបស់ប្រទេសកម្ពុជាដោយមានភាគហ៊ុនចំនួន៣៥%។
ក្រុមហ៊ុនថ្នាំជក់ BAT ប្រាប់ឱ្យដឹងថា ខ្លួនបានគាំទ្រការរឹតត្បិតការឃោសនាពាណិជ្ជកម្ម ហើយថា ច្បាប់ថ្មីស៊ីគ្នាយ៉ាងខ្លាំងជាមួយគោលនយោបាយផ្ទាល់របស់ក្រុមហ៊ុន BAT។ ក្រុមហ៊ុននេះ ប្រាប់ឱ្យដឹងទៀតថា ឧទាហរណ៍ ខ្លួនមិនលក់បារីឱ្យយុវជនក្មេងៗឬប្រើប្រាស់ជនល្បីល្បាញក្នុងការឃោសនាពាណិជ្ជកម្មទេ។ ក្រុមហ៊ុនក៏មិនជួយឧបត្ថម្ភកម្មវិធីឬពីធីនានាទេ លុះណាតែពួកអ្នកចូលរួមនិងពួកអ្នកមើលទាំងនោះជាមនុស្សពេញវ័យ។ ក៏ប៉ុន្តែ ការរឹតត្បិតរបស់ក្រុមហ៊ុន BAT មិនត្រូវបានអនុវត្តតាមដោយក្រុមហ៊ុនទាំងអស់ក្នុងទីផ្សារកម្ពុជាទេ។
លោកវេជ្ជបណ្ឌិត ម៉ម គង់ នាយកអង្គការចលនាសុខភាពកម្ពុជា ចង់បានការរឹតត្បិតលើការប្រើប្រាស់ថ្នាំជក់និងសុរា។
VOA - R. Carmichael
លោកវេជ្ជបណ្ឌិត Mom Kong ជាប្រធានអង្គការ Cambodian Movement for Health ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលបានតស៊ូមតិឲ្យមានការរិតត្បិតការផ្សាយពាណិជ្ជកម្មថ្នាំជក់និងគ្រឿងស្រវឹង។ លោកថា ច្បាប់ថ្មីនឹងរារាំងមិនឲ្យក្រុមហ៊ុនថ្នាំជក់ផ្សព្វផ្សាយផលិតផលរបស់គេដល់យុវជន។លោកមានប្រសាសន៍ថា ក្រុមហ៊ុនថ្នាំជក់ខ្លះបានលក់យ៉ាងចំហរដល់ពួកយុវជនក្មេងៗ ជាបញ្ហាដែលច្បាប់ថ្មីនឹងរារាំង។
«ខ្ញុំកត់សំគាល់ថា ច្បាប់ថ្មីមានសារៈសំខាន់បំផុតសម្រាប់ពួកក្មេងជំទង់និងកូនក្មេងខ្មែរ ដែលចាប់ផ្តើមជក់បារីនៅកន្លែងប្រគុំតន្រ្តី Pop។ ឧស្សាហកម្មថ្នាំជក់បានអញ្ជើញជនល្បីល្បាញក្មេងៗ ឱ្យផ្តល់ការឃោសនាអំពីផលិតផលថ្នាំជក់។ ហើយក្នុងកន្លែងប្រគុំតន្រ្តីមួយៗ អស់លោកអ្នកអាចឃើញពួកយុវជនរាប់ពាន់នាក់ រួមបញ្ចូលទាំងពួកកូនក្មេងហើយនឹងស្រ្តី ហើយអស់លោកអ្នកគ្រាន់តែនឹកស្រមើស្រមៃថា ប្រសិនបើក្នុងកន្លែងប្រគុំតន្រ្តីមួយ មានទស្សនិកជនប្រហែល១ឬ២ភាគរយចាប់ផ្តើមជក់បារី ថាតើកូនក្មេង ពួកយុវជនក្មេងៗខ្មែរ ប៉ុន្មាននាក់ក្លាយជាអ្នកជក់បារី?»។
លោកម៉ម គង់ មានប្រសាសន៍បន្តទៀតថា ការហាមឃាត់ការឃោសនាពាណិជ្ជកម្មជាបញ្ហាមួយ ក៏ប៉ុន្តែការអនុវត្តន៍ច្បាប់អាចជាការពិបាកកាន់តែខ្លាំងឡើង ពីព្រោះវាតម្រូវឱ្យមានការសម្របសម្រួលជាមួយពួកអាជ្ញាធរមូលដ្ឋាន ប៉ូលីស និងតុលាការ។
ការធ្វើដំណើរដ៏ខ្លីមួយទៅផ្សារ Supermarket ក្បែរនោះឆ្លុះបញ្ចាំងពីការបារម្ភដែលលោកម៉ម គង់ បានលើកឡើងនេះ។ កាលពីខែកក្កដា ច្បាប់មួយដែលចូលជាធរមានបានតម្រូវឱ្យគ្រប់កញ្ចប់បារីមានដាក់ការព្រមានពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ ដែលបានបោះពុម្ភលើផ្ទៃកញ្ចប់បារីចំនួន៣០%។
ក្រុមហ៊ុន BAT បានធ្វើតាមច្បាប់នោះ ក៍ប៉ុន្តែ ការពិនិត្យជាទូទៅរយៈពេល២ខែលើកញ្ចប់បារីដែលដាក់លក់នៅតាមហាងបង្ហាញថា ពួកអ្នកប្រកួតប្រជែងភាគច្រើនរបស់ក្រុមហ៊ុននោះមិនបានបោះពុម្ភការព្រមាននោះនៅលើកញ្ចប់បារីរបស់ខ្លួនទេ។
ក៏ប៉ុន្តែ រដ្ឋាភិបាលហាក់ដូចជាចាប់អារម្មណ៍ខ្លាំងអំពីការប្រយុទ្ធប្រឆាំងការហាមឃាត់ការឃោសនាពាណិជ្ជកម្មនេះ។ នៅដើមខែនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្ញើរលិខិតទៅក្រុមហ៊ុនទាំងនោះ ដោយព្រមានពួកគេថា ពួកគេអាចមានគ្រោះថ្នាក់បាត់បង់អាជ្ញាប័ណ្ណពាណិជ្ជកម្មប្រសិនបើពួកគេខកខានមិនបានអនុវត្តច្បាប់ទេ។
លោក Yel Daravuth នៃអង្គការសុខភាពពិភពលោក មានប្រសាសន៍ថា នេះជាសញ្ញាដ៏គួរឱ្យលើកទឹកចិត្ត។ វាផ្តល់ឱ្យលោកនូវសេចក្តីសង្ឃឹមថា គោលដៅដើម្បីកាត់បន្ថយអត្រាការជក់បារីចំនួន៥%នៅឆ្នាំ២០១៥ នឹងត្រូវធ្វើបាន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន