របាយការណ៍ថ្មីចំនួនពីរបានផ្សព្វផ្សាយថា ឆ្នាំ២០១៧គឺជាឆ្នាំដែលមានសុវត្ថិភាពបំផុតនៅក្នុងកំណត់ត្រារបស់ឧស្សាហកម្មអាកាសចរណ៍ស៊ីវិល។
ទីប្រឹក្សាអាកាសចរណ៍ហូឡង់ To70 បានសរសេរនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា គ្មានករណីផ្ទុះយន្តហោះធ្ងន់ធ្ងរកើតឡើងនៅក្នុងពិភពលោកនោះទេ។ លោក Adrian Young អ្នកស្រាវជ្រាវនៅក្រុមហ៊ុន To70 បាននិយាយថា៖ «២០១៧ជាឆ្នាំដែលមានភាពប្រសើរច្រើនជាងការរំពឹងទុក និងមានភាពល្អគួរឲ្យកត់សម្គាល់ជាងឆ្នាំមុន»។ លោក Young ថ្លែងបន្តថា ការធ្វើដំណើរតាមយន្តហោះគឺមានសុវត្ថិភាពជាងគេបង្អស់ ដែលឥឡូវនេះឱកាសនៃការស្លាប់ដោយផ្ទុះយន្តហោះគឺមួយក្នុងចំណោម១៦លាន។ ដោយឡែកចរាចរណ៍ផ្លូវអាកាសក្នុងពិភពលោក បានកើនឡើង៣ភាគរយលើសពីឆ្នាំមុន។ ករណីគ្រោះថ្នាក់របស់យន្តហោះយោធាមិនបានដាក់បញ្ជូលនៅក្នុងការសិក្សាស្រាវជ្រាវនេះទេ។ ការសិក្សាស្រាវស្រាវលើកទី២ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយបណ្តាញសុវត្ថិភាពអាកាសចរណ៍ ហៅកាត់ថា ASN បានឲ្យដឹងថា ករណីផ្ទុះយន្តហោះដឹកអ្នកដំណើរ និងយន្តហោះដឹកទំនិញចំនួន១០ដង កាលពីឆ្នាំមុន បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៤៤នាក់។ កាលពីឆ្នាំមុន ASN បានរាយការណ៍ថា មានករណីផ្ទុះយន្តហោះចំនួន១៦ដង និងបានសម្លាប់មនុស្សចំនួន៣៣០នាក់។
លោក Harro Ranter ប្រធាន ASN បាននិយាយថា យោងតាមការដកស្រង់ពីការធ្លាក់ចុះនៃចំនួនមនុស្សស្លាប់ដោយសារការធ្វើដំណើរតាមយន្តហោះនៅជុំវិញពិភពលោកជាងមួយទសវត្សរ៍មកនេះ ការធ្លាក់ចុះនៃករណីផ្ទុះយន្តហោះនេះ «គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ» ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ហាក់ដូចជាចង់និយាយថា កាលដែលគ្មានករណីធ្ងន់ធ្ងរកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើរនេះ គឺដោយសារតែគោលនយោបាយរបស់លោក។ លោកបានសរសេរនៅលើ Twitter របស់លោកកាលពីថ្ងៃអង្គារម្សិលមិញថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក «ខ្ញុំបានរឹតបន្តឹងផ្នែកពាណិជ្ជកម្មអាកាសចរណ៍នេះយ៉ាងខ្លាំង។ នេះជាដំណឹងល្អ។ គេទើបតែរាយការណ៍ថា គ្មានមនុស្សស្លាប់ទេកាលពីឆ្នាំ២០១៧។ វាគឺជាឆ្នាំដែលល្អបំផុត និងមានសុវត្ថិភាពបំផុតនៅក្នុងកំណត់ត្រា»៕