តុលាការចិន បានកាត់ទោសក្រុមនិស្សិតរបស់លោក Ilham Tohti ជាសាស្រ្តាចារ្យជាតិ Uighur ឱ្យជាប់គុកពី៣ឆ្នាំទៅ៨ឆ្នាំ ដែលត្រូវបានផ្តន្ទាទោសនៅដើមឆ្នាំនេះពីការទាមទារបំបែករដ្ឋ។
មេធាវីរបស់លោក Tohti បាននិយាយថា និស្សិតចំនួន៧នាក់ ត្រូវបានរកឃើញថាមានកំហុសដោយជួយក្រុមសកម្មជនទាមទារបំបែករដ្ឋ នៅក្នុងការកាត់ទោសសម្ងាត់មួយកាលពីថ្ងៃច័ន្ទក្នុងទីក្រុង Urumqi រដ្ឋធានីនៃតំបន់ Xinjiang ភូមិភាគខាងលិចដាច់ឆ្ងាយ។
ក្រុមរដ្ឋអំណាចចិន មិនបានធ្វើការអត្ថាធិប្បាយលើការកាត់ទោសនិស្សិត៦នាក់ទេ។ និស្សិតទាំង៦នាក់នោះជាជនជាតិភាគតិច Uighur ដែលបានត្អូញត្អែរពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលចិន។
លោក Tohti ត្រូវបានតុលាការកាត់ទោសពីការទាមទារបំបែករដ្ឋនិងត្រូវឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែកញ្ញា។ ការកាត់ទោសនេះពឹងផ្អែកលើការផ្តល់កសិណសាក្សីរបស់ក្រុមនិស្សិតលោក ដែលបានជួយរៀបចំចាត់ចែងគេហទំព័រ របស់ជនជាតិភាគតិច Uighur។
អតីតសាស្រ្តាចារ្យសេដ្ឋកិច្ចអាយុ៤៥ឆ្នាំ ជាអ្នកការពារជនជាតិភាគតិច Uighur យូរយារណាស់មកហើយ ហើយជារឿយបានរិះគន់រដ្ឋាភិបាលចិន។ ក៏ប៉ុន្តែ លោក បានច្រានចោលអំពីការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ។
ក្នុងប៉ុន្មានឆ្នាំៗថ្មីនេះ តំបន់នោះ បានត្រូវគេឃើញមានការកើនឡើងនូវកុប្បកម្មហើយនិងការវាយប្រហារលើប៉ូលីសនិងជនស៊ីវិល។ មនុស្សរាប់រយនាក់ បានស្លាប់នៅក្នុងចលាចលនេះ៕