ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនប្រឈម​មុខ​នឹង​ភាពតានតឹង​ជាបន្តបន្ទាប់​នៅ​តំបន់​ស៊ីនជាំង​ដ៏រំជើបរំជួល


ជន​ជាតិ​ភាគតិចអ៊ូហ្គួយ ​(Uighurs) ដើរកាត់វិហារឥស្លាម​ជិតតំបន់អេឌូចាវ (Erduoqiao) នៅអ៊ូរុមជី ក្នុងភាគពាយព្យនៃតំបន់​ស៊ីនជាំង​​ (Xinjiang) ​ប្រទេសចិន។
ជន​ជាតិ​ភាគតិចអ៊ូហ្គួយ ​(Uighurs) ដើរកាត់វិហារឥស្លាម​ជិតតំបន់អេឌូចាវ (Erduoqiao) នៅអ៊ូរុមជី ក្នុងភាគពាយព្យនៃតំបន់​ស៊ីនជាំង​​ (Xinjiang) ​ប្រទេសចិន។

​តំបន់​ស៊ីនជាំង (Xinjiang) នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ជា​កន្លែង​រស់​នៅ​ដ៏​សំខាន់របស់​ជន​ជាតិ​អ៊ូហ្គួយ ​(Uighurs)​កាន់​សាសនា​ឥស្លាម​ ដែល​ខឹងសម្បារជាយូរមកហើយចំពោះការ​គ្រប់​គ្រង​របស់ប្រទេស​ចិន​។ ​កាល​ពីប៉ុនា្មន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ហេតុការណ៍ដ៏ហិង្សាជាច្រើន​រវាង​ប្រជាពលរដ្ឋមូលដ្ឋាន​និង​កង​កម្លាំង​សនិ្តសុខ ប៉ុន្តែថា​តើ​អ្នក​ណាជាអ្នកខុស​ ​នៅ​តែជាចំណោទបញ្ហានៃជម្លោះ​នេះ​នៅ​ឡើយ។

នៅ​ចុង​ខែ​ធ្នូ រដ្ឋាភិបាល​ចិន​ បាន​រាយការណ៍​ពី​ការ​បាញ់​ប្រហារ​មួយ​នៅ​ស៊ីនជាំង​ ដែល​មនុស្សបំា្របីនាក់​ត្រូវ​បាន​សម្លាប់។

លោក​ ហុង ឡី (Hong Lei) អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស ​រៀប​រាប់ព្រឹតិ្តការណ៍​នេះជា​ផ្លូវការ។

លោកថ្លែងថា ការ​បាញ់​ប្រហារ​នោះ ជា​ប្រតិបត្តិការណ៍របស់​ក្រុមប៉ូលីស ​ដែលសំដៅ​ជួយ​សង្រ្គោះ​បុរសអ្នក​គង្វាល​សត្វ​ចំនួន​២​នាក់។ អ្នកទាំងពីរ ត្រូវ​បាន​ចាប់ជំរិត​ដោយ​កុ្រមភេរវករ ​ដែល​មាន​គោលដៅ​ទៅ​លើអ្វីដែល​ទីក្រុងប៉េកាំង​ ពណ៌នា​ថាជា​«ក្រុម​ជីហាដបរទេស» ឬហៅជាភាសាអង់គ្លេសថា foreign jihad camps។

ទីភ្នាក់ងារសារព័ត៌មាន​ស៊ីង​ហូរ​របស់​រដ្ឋ បាន​ឲ្យ​ដឹងថា ​ការ​ប្រឈម​មុខ​ដាក់គ្នា​នេះ ជាប់ពាក់ព័ន្ធ​ជាមួយនឹង​«ពួក​ភេរវករ​ហិង្សា»ចំនួន១៥នាក់​។ ​របាយការណ៍​នេះ​ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​តើ​ភេរវករ​ទាំង​នោះ​ ជា​ជន​ជាតិ​អ៊ូហ្គួយ​ ដែល​ជា​ជន​ជាតិភាគ​តិចកាន់​សាសនា​ឥស្លាម ដែល​មាន​ចំនួន​ប្រហែល៩០​ភាគរយក្នុងចំណោមប្រជាពលរដ្ឋនៃ​តំបន់ហូតាន់ (Hotan) ជា​កន្លែង​ដែល​ជម្លោះ បាន​ផ្ទុះឡើង​។

ក្រៅពី​ការ​ស្លាប់មនុស្ស​ប្រំាបី​នាក់នេះ មនុស្ស​បួន​នាក់បាន​រង​របួសនៅក្នុង​ការ​បាញ់​ប្រហារ ហើយនិងមនុស្សបួន​នាក់​ទៀត ​ត្រូវ​បាន​ឃុំ​ខ្លួន។​ សម្រាប់​អាជ្ញាធរ​ចិន ទោស​កំហុស​របស់​អ្នក​ជាប់ពាន់ព័ន្ធ​ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ។

លោក​ហុង ថ្លែង​ទៀតថា ​សកម្មភាព​នេះ​ ពិតជាអំពើ​ភេរវកម្ម។

នៅ​ពេល​ដែល​មាន​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ​ ​នៅ​ក្នុងតំបន់​ស៊ីងជាំងកាលពីអតីតកាល​ ក្រុម​ជន​ជាតិ​អ៊ូហ្គួយនៅឯបរទេស ​មានជំទាស់យ៉ាង​ដាច់អហង្ការទៅនឹង​ការបកស្រាយហេតុការណ៍​របស់ប្រទេស​ចិន ហើយលើកនេះក៏មិនខុស​ពី​លើក​មុនដែរ​។

លោក ​ឌីលហ្សាត់ រីកស៊ីត (Dilshat Rexit) អ្នក​នាំ​ពាក្យរបស់​ សមាជ​ជន​ជាតិ​អ៊ូហ្គួយ​ពិភពលោក (World Uighur Congress) ​ដែល​ជា​ក្រុម​អ្នក​និរទេសខ្លួន​មាន​មូលដ្ឋាន​នៅទីក្រុមម្ញូនីក (Munich) ថ្លែង​ថា ​ជនជាតិអ៊ូហ្គួយ​ចំនួន​១៥នាក់ ដែលកំពុង​ប្រឈម​នឹង​ការ​សង្ស័យ ​មិន​សប្បាយចិត្ត​ក្នុងរស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​ ហើយកំពុងព្យាយាមភៀសខ្លួនចេញ​ពី​ប្រទេសនេះ​។​ លោក​ ​បាន​បដិសេធ​ថា ​ក្រុម​នេះ​មាន​ទំនាក់​ទំនង​ជាមួយអង្គការ​ភេរវកម្ម​។

លោក​ រីកស៊ីត​ ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន ពី​បទភ្ជាប់ប្រជាពលរដ្ឋអ៊ូហ្គួយ​ជាមួយ​ក្រុម​ភេរវកម្ម​សកលលោក ដើម្បីធ្វើ​ជាលេស​មួយ​សម្រាប់​អ្វី ​ដែលលោក​ពណ៌នាថាជា ការ​បង្រ្កាបបែប​ប្រព័ន្ធ​នៅ​តំបន់​ស៊ីងជាំង​តែ​ប៉ុណ្ណោះ។

លោក​ រីកស៊ីត ​និយាយថា ​ជន​ជាតិ​អ៊ូហ្គួយ​ជា​ច្រើន ​មាន​ទុក្ខកង្វល់ដោយ​សារ​តែការជ្រៀត​ជ្រែក​កាន់​តែ​ខ្លាំង​ឡើង​របស់ចិន ទៅលើ​សកម្មភាព​សាសនា​និង​វប្បធម៌​របស់​ជនជាតិ​ភាគ​តិច​ ហើយ​ថា គោល​នយោបាយ​បែបនេះ​ គឺ​ជា​មូល​ហេតុ​ចំបង​នៃភាពរំជើបរំជួលក្នុង​តំបន់។

នៅ​ដើម​ឆ្នាំ​នេះ ​បុរសជនជាតិ​អ៊ូហ្គួយចំនួន​១៨​នាក់​ ដែល​ប្រឆាំង​នឹង​ការ​ហាម​ឃាត់ស្រ្តី​ឥស្លាម​មិន​ពាក់​ស្បៃ​បាំង​មុខ​ បានវាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ​ប៉ូលីស​ហូតាន​ដោយប្រើគ្រាប់​បែក​និង​កាំបិត ​ដែល​បាន​សម្លាប់​ប៉ូលីស​២​នាក់​ ​និង​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំងទៀត​ផង។

លោក ​រ៉ាហ្វាឡូ ផានតូស៊ី ( Raffaello Pantucci) ​ជា​សមាជិក​ម្នាក់មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ​ (Shanghai) ​នៅឯមជ្ឈមណ្ឌលអន្តរជាតិ​សម្រាប់​ការ​សិក្សា​ពី​និយមមូល​វិវត្ត (International Center for the Study of Radicalization) ​នៃ​មហា​វិទ្យាល័យ ទីក្រុង​ឡុង​ឃីង(London's Kings College)​។

លោក ​មាន​ប្រសាសន៍​ថា ​ទោះ​បីជាមាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​អំពី​ហេតុការណ៍​ថ្មី​ៗ​បំផុត​នេះ​នៅ​តំបន់​ហូតានក៏ដោយ​ ការ​ពិតមួយ​មាន​ភាព​ដូចគ្នា​ ទាក់​ទង​នឹង​រឿង​រ៉ាវ​ទាំង​ពីរ​នេះ។

«វា​ហាក់ដូច​ជា​ច្បាស់ណាស់​ថា ​រឿងរ៉ាវ​ទាំង​ពីរ​នេះ មាន​ភាព​ស្របគ្នាត្រង់ថា​ មានប្រជាពលរដ្ឋ ដែល​កំពុង​ចាក​ចេញ។ ប្រជាពលរដ្ឋកំពុងព្យាយាម​ចាកចេញ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​មាន​ភាព​តាន​តឹង​មួយ​ចំនួន ​ដែល​កំពុង​កើត​ឡើងនៅ​ក្នុង​តំបន់​ជា​មិន​ខាន​។»

លោក​ ផានតូស៊ី​ ទទួលស្គាល់ថា​ មាន​ក្រុម​អ៊ូហ្គួយ​ជ្រុល​និយមតូចៗ ​ដែល​ត្រូវ​បាន​រាយការណ៍​ថាបាន​បង្ហោះខ្សែ​វិដីអូ​គំរាម​កំហែង​ទៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត ប៉ុនែ្ត ​លោក ​បាន​និយាយ​ថា លោក ​មិន​ឃើញ​មាន​ទំនោររបស់​ជនជាតិ​អ៊ូហ្គួយជារួម ចំពោះ​ក្រុម​ភេរវកម្ម​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ​ បើ​ទោះ​ជា លោក ​បានព្រមានថា ​ប្រសិន​បើ​គោលនយោបាយរបស់រដ្ឋាភិបាលចិន​ មាន​ភាពឃោ​ឃៅ​ពេក ពួក​គេ​អាច​ជំរុញ​ជនជាតិ​អ៊ូហ្គួយកាន់តែច្រើន ឲ្យប្រកាន់​យកភាព​ជ្រុល​និយម​។

«តាម​ប្រតិកម្ម​តបទៅ​នឹង​ការ​បង្ហាញពី​ការ​គោរព​សាសនា ឬជំនឿយ៉ាងមុតមាំ ​ថាជាការ​ស្តែង​ឲ្យ​ឃើញ​ពី​ភាពជ្រុល​និយមដែល​អាច​នាំទៅ​រក​អំពើ​ហឹង្សា អ្នក​កំពុងជំរុញយ៉ាងខ្លាំងក្លាឲ្យ​បុគ្គល​ម្នាក់ៗ ដែលប្រហែលជាកំពុង​យល់ឃើញថា​សាសនាជាប្រភពនៃសេចក្តីស្ងប់ ឲ្យ​ទៅ​ជា​ទិស​ដៅ​មួយ​ប្រកបដោយ​គ្រោះ​ថា្នក់​និង​ហិង្សា​កាន់តែខ្លាំង​ទៅ​វិញ​ទេ​។»

ការដុតបញ្ឆេះភាព​តាន​តឹង​ខាង​ជនជាតិនៅតំបន់អ៊ុយ​រុំជី(Urumqi) ក្នុង​ទី​ក្រុងរបស់ស៊ីនជាំង​ បាន​ផ្ទុះ​ឡើង​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩​។ ជន​ជាតិ​អ៊ូហ្គួយ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការសម្លាប់​ដោយសារបុព្វហេតុជនជាតិ នៅ​ឯរោងចក្រ​មួយ​កន្លែង ដែល​ស្ថិត​នៅភាគ​ខាង​ត្បូង​ប្រទេស​ចិន​។ ការ​តវ៉ានេះ​ ​បាន​ក្លាយ​ទៅ​ជា​ហិង្សា​ ដោយជន​ជាតិ​អ៊ូហ្គួយ​ ​វាយប្រហារសំ​ដៅ​ទៅ​លើ​អ្នក​ស្រុក​ជន​ជាតិ​ហាន (Han) ដែល​ជាជនជាតិភាគ​ច្រើន​របស់​ចិន​។ មនុស្សប្រហែល​២០០​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ហាន ​ត្រូវ​បាន​សម្លាប់។

ប្រែសម្រួល​ដោយ៖ សៀក អេង

XS
SM
MD
LG