មន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារ៍នេះបានបញ្ចេញប្រតិកម្មរិះគន់រួមគ្នាពាក់ព័ន្ធទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិមួយដែលមានឈ្មោះថា Human Rights Watch ថាមានភាពលំអៀងនិងទម្លាក់ការទទួលខុសត្រូវមកលើរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះពីបូរីញ៉ីវយ៉កសហរដ្ឋអាមេរិក អង្គការ Human Rights Watchបានចេញសេចក្តីថ្លែងការណ៍មួយដោយបានដាក់ចំណងជើងថាប្រទេសចិនត្រូវតែទទួលខុសត្រូវចំពោះការបាត់ខ្លួនជនជាតិចិនភាគតិចវីហ្គ័រ (Uighur)។
អង្គការដដែលនេះបាននិយាយថារយៈពេលមួយឆ្នាំបន្ទាប់ពីជនជាតិចិនភាគតិចវីហ្គ័រចំនួន២០នាក់ដែលបានចាប់បញ្ជូនចេញដោយបង្ខំពីប្រទេសកម្ពុជា រដ្ឋាភិបាលចិនបានព្យាយាមលាក់កំបាំងនូវព័ត៌មានទាំងនេះ។
អង្គការ Human Rights Watch បានស្តីបន្ទោសដល់ប្រទេសកម្ពុជាថាការចាប់បញ្ជូនចេញនូវជនជាតិចិនភាគតិចវីហ្គ័រទៅកាន់ប្រទេសចិនថាបានទទួលរងនូវសម្ពាធពីរដ្ឋាភិបាលចិន ហើយកម្ពុជាមិនបានគោរព ទៅតាមសន្ធិសញ្ញាក្រុងហ្សឺណែវដែលប្រទេសកម្ពុជាបានចុះហត្ថលេខាតាំងពីឆ្នាំ១៩៥១។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយថាកម្ពុជានិងចិនមានអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន ដូច្នេះគ្មានប្រទេសណាមួយដាក់ការគៀបសង្កត់មកលើប្រទេសណាមួយទេ។
លោកបានមានប្រសាសន៍ថាកម្ពុជា ជាសមាជិកអនុសញ្ញាក្រុងហ្សឺណែវ មែន ក៏ប៉ុន្តែកម្ពុជាមានច្បាប់អន្តោប្រវេសន៍របស់ខ្លួនផងដែរ។
«ពួកអ្នកទាំងនោះស្ថិតនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្រោមអធិបតេយ្យភាពពេញលេញរបស់កម្ពុជា។ តែពេលអ្នកទាំងនោះស្ថិតនៅក្នុងប្រទេសចិនគឺស្ថិតនៅក្រោមអធិបតេយ្យភាពពេលលេញរបស់ប្រទេសចិន។ ដូច្នេះកម្ពុជា ក៏មិនមានអ្វីសួរដេញដោលទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនហើយចិនក៏គ្មានកាតព្វកិច្ចអ្វីរាយការណ៍ជូនប្រទេសកម្ពុជាវិញដែរ»។
រហូតមកដល់ពេលនេះអស់រយៈពេលមួយឆ្នាំគត់ បន្ទាប់ពីជនជាតិចិនភាគតិចវីហ្គ័រត្រូវបានចាប់បញ្ជូនចេញពីប្រទេសកម្ពុជាក្រោយពីពួកគេបានស្នាក់នៅក្រោមការមើលថែពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដែលហៅកាត់ថា UNHCR អស់រយៈពេលចំនួនមួយខែ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននិយាយថា អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សនេះមិនគួរទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជាតែម្នាក់ឯងទេ។
«ជាផ្លូវច្បាប់យើងត្រូវប្រគល់ឲ្យគេ។ ប្រទេសចិននិងកម្ពុជា មានចំណងទាក់ទងនឹងគ្នា។ អញ្ចឹងកម្ពុជាគ្មានហេតុផលអ្វីថាមិនបញ្ជូនគេទៅវិញ។ អញ្ចឹងសូមកុំទម្លាក់រឿងហ្នឹងមកលើកម្ពុជាទាំងអស់នោះ។ ដោះស្រាយមិនចេញឲ្យគេលាងគូថខ្លួនឯងម្តេចកើត»។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនំាពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការបញ្ជូនចេញជនជាតិចិនភាគតិចវីហ្គ័រ គឺយើងអនុវត្តទៅតាមច្បាប់របស់ប្រទេសកម្ពុជា។
កាលពីឆ្នាំទៅជនជាតិចិនវីហ្គ័រចំនួន២១រូបបានភៀសខ្លួនចេញពីខេត្តស៊ីនជាង (Xingiang) ដែលជាតំបន់ រំជើបរំជួលមួយរបស់ប្រទេសចិនរួចហើយបានមកស្នាក់នៅក្នុងប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
លោកចាន់ សាវ៉េត មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្ស ADHOC បាន និយាយថារដ្ឋាភិបាលកម្ពុជាអាចសុំការពន្យល់ពីរដ្ឋាភិបាលចិនថាតើសេចក្តីសុខរបស់ជនជាតិចិនវីហ្គ័រទាំង២០រូប នឹងទៅជាយ៉ាងណាក្នុងនាមជាប្រទេសមានទំនាក់ទំនងល្អជាមួយគ្នា។
«គឺយើងនៅតែមានការទទូចស្នើសុំឲ្យរដ្ឋាភិបាលយើងនេះបង្កើនការគោរពច្បាប់ដែលខ្លួនបានចុះហត្ថលេខាទទួលស្គាល់មិនអាចធ្វើឲ្យខុសពីច្បាប់ហ្នឹងបានទេ។ ហើយបើសិនជាការអនុវត្តផ្ទុយនឹងច្បាប់ អន្តរជាតិដែលយើងបានទទួលស្គាល់ហើយយើងនៅតែប្រព្រឹត្តនូវអំពើរំលោភសិទ្ធិមនុស្ស វាធ្វើឲ្យមានការ រិះគន់ហើយ។ ហើយការរិះគន់នេះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសយើង»។
កាលពីសបា្តហ៍មុន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន ដោយពាំនាំមកវិញនូវប្រាក់ជំនួយនិងទឹកប្រាក់វិនិយោគប្រមាណ៦០០លានដុល្លារសហរដ្ឋអាមេរិក។
លោកកុយ គួង បានមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាមិនបាននិយាយជាមួយរដ្ឋាភិបាលចិនអំពី ជនជាតិចិនវីហ្គ័រទេនៅពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសចិននោះ៕