ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ឥណ្ឌា​កើន​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន ខណៈ​ប្រទេស​ម៉ិកស៊ិកមាន​ចំនួន​អ្នក​ស្លាប់​​ដោយ​ជំងឺកូវីដ១៩​ច្រើន​ជាង​អ៊ីតាលី


ក្រុម​បុគ្គលិក​សុខាភិបាល​មក​ធ្វើ​តេស្ត​ពលរដ្ឋ​រក​មើល​កូវីដ១៩ នៅ​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។

ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ដែល​មិន​ធ្លាប់​មាន​កាល​ពីពេល​មុន​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ បាន​បន្ត​កើន​នៃ​ចំនួន​ឆ្លង ហើយ​ប្រទេស​ម៉ិកស៊ិក មាន​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ច្រើន​ជាង​ប្រទេស​អ៊ីតាលី។

មន្រ្តីសុខាភិបាល​ឥណ្ឌា​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មាន​ការ​ឆ្លង​ថ្មី​ចំនួន​២៨.៧០១​ករណី​ក្នុង​រយៈ​ពេល​២៤​ម៉ោង​កន្លង​មក​នេះ។ ឥណ្ឌា​ស្ថិត​នៅ​ពីក្រោយ​សហរដ្ឋ​អាមេរិក​និង​ប្រេស៊ីល​ក្នុង​ចំនួន​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ការ​ផ្ទុះ​បាន​ចាប់​

ផ្តើម​កាល​ពី​ចុង​ឆ្នាំ​មុន ​ហើយ​ពួក​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ​ជាច្រើន​កំពុង​ដាក់​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដើម្បី​ខិតខំ​ពន្យឺត​ការ​រាលត្បាត​នៃ​វីរុស​នេះ។​

ក្រសួង​សុខាភិបាល​ប្រទេស​ម៉ិកស៊ិក​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ប្រទេស ​បាន​កើន​ឡើង​ដល់​៣៥.០០៦​នាក់​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី៤​ក្នុង​ពិភព​លោក ហើយ​ក្រសួង​សុខាភិបាល​ បាន​រំលឹក​ប្រជា​ពលរដ្ឋ​ពី​ភាព​ចាំបាច់​នៃ​ការអនុវត្ត​គម្លាត​សង្គម ពាក់​ម៉ាស់​និង​លាង​ដៃ​របស់​ខ្លួន។​

លោក ​Andres Manuel Lopez Obrador ប្រធានាធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក បាន​និយាយ​ថា ការផ្ទុះ​នេះ​កំពុង​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ម៉ិកស៊ិក ហើយ​ថា ករណី​ឆ្លង​នេះ​ បាន​កើន​ឡើង​ប្រហែល​១ភាគ៤​នៅ​ក្នុង​រដ្ឋ​នានា​នៅ​ក្នុង​ប្រទេស​នេះ។ លោក បាន​លើក​ហេតុផល​ពី​តម្រូវការ​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួន ក៏ប៉ុន្តែ​ ក៏​រក្សា​ឲ្យ​សេដ្ឋកិច្ច​រីក​លូត​លាស់​ដែរ។

សហរដ្ឋ​អាមេរិក​ មាន​ការ​ឆ្លង​ជាង​៦ម៉ឺន​ករណី​ថ្មី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​ករណី​ឆ្លង​កើន​ឡើង​នៅ​ក្នុង​រដ្ឋ​ជាច្រើន រួម​មាន​រដ្ឋ​ Florida តិចសាស​ Louisiana​ និង​រដ្ឋ​អារីហ្សូណា។

រដ្ឋ ​Florida​ បាន​រាយការណ៍​កាល​ពី​ថ្ងៃអាទិត្យ​ថា​ ការ​ឆ្លង​ក្នុង​រយៈ​ពេល​២៤​ម៉ោង​បាន​កើន​ឡើង​ទៅ​ដល់​១៥.២៩៩​ករណី​ដែល​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​មួយ​ថ្ងៃ​មុន​ចំនួន​៣.៥០០​ករណី៕

XS
SM
MD
LG