ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចរន្ត​ទឹក​ខ្លាំង​រារាំង​ការ​រុករក​​យន្តហោះ​ AirAsia


សមាជិក​នៃ​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី​ KRI Bung Tomo បង្ហាញ​ពី​កៅអី​អង្គុយ​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រតិបត្ដិការ​ស្វែង​រក​សម្រាប់​ជើង​ហោះ​ហើរ​មាន​វាសនា​អាក្រក់​មួយ​នេះ​​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​មួយ​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៃ​កង​នាវា​កងទ័ព​ជើងទឹក​ភាគ​ខាង​កើត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Surabaya ភាគ​​ខាង​កើត​កោះ​ជ្វា​ ប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារ​រុករក​បាន​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​សមុទ្រ​ស្ងប់​ស្ងាត់​បន្តិច​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ពង្រីក​ការ​ខំ​ស្វែង​រក​កំទេច​បាក់​បែក​និង​ជន​រង​គ្រោះ​នៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជ្វា​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១៤។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្រុម​មន្រ្តី​និយាយ​ថា ចរន្ត​នៅ​ក្រោម​ទឹក​នៅ​ទី​កន្លែង​ដែល​គេ​ជឿ​ជាក់​ថា​ជា​កំទេច​បាក់​បែក​ដ៏​សំខាន់​នោះ​នៅ​ខ្លាំង​នៅ​ឡើយ​សម្រាប់​ក្រុម​អ្នក​មុជ​ទឹក​នៅ​ទី​នោះ។ ចរន្ត​ទឹក​នេះ​ក៏​ជា​មូលហេតុ​ក្នុង​ការ​ពង្រីក​ការរុករក​នោះ​ផង​ដែរ ​នៅ​ពេល​ដែល​កំទេច​បាក់​បែក​អាច​អណ្តែត​ទៅ​ឆ្ងាយ។

លោក Henry Bambang Soelistyo ​ប្រធាន​ទី​ភ្នាក់ងារ​ស្វែង​រក​និង​ជួយ​សង្គ្រោះ​ជាតិ​និយាយ​ថា «​ក្រុម​មុជ​ទឹក​រួម​មាន​ទាំង​អ្នក​មុជ​ទឹក​ជន​ជាតិ​រុស្ស៊ី ​នៅ​តែ​មិន​អាច​មុជ​ទឹក​បាន។ ​មាន​តែ​អ្នក​មុជ​ទឹក២​នាក់​គត់​ដែល​អាច​គ្រប់​គ្រង​ស្ថាន​ភាព​មុជ​ទឹក​ទៅ​បាន ក៏​ប៉ុន្តែ​ដោយ​សារ​ចរន្ត​ទឹក​នៅ​ខ្លាំង​នៅ​ឡើយ ឥឡូវ​នេះ​ពួកគេ​នៅ​ប្រចាំ​ការ»។

​ការរុករក​ឥឡូវ​នេះ​មាន​រយៈពេល​៩​ថ្ងៃ​ហើយ។ ​ដោយ​បាន​រក​ឃើញ​សាក​សព​មនុស្ស​៣​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ សាកសព​៣៧​នាក់​ត្រូវ​បាន​រក​ឃើញ ​ក៏​ប៉ុន្តែ​មាន​សាកសព​តែ​១៣​នាក់​គត់ ​ដែល​បាន​កំណត់​អត្តសញ្ញាណ។​ អាកាស​ធាតុ​អាក្រក់​ជិត​រយៈ​ពេល​មួយ​សប្តាហ៍​បាន​រារាំង​កិច្ច​ខំ​ប្រឹងប្រែង​រុករក។

យន្តហោះ​ធុន​ Airbus A320 ដែល​មាន​អ្នក​ដំណើរ​១៦២​នាក់​នៅ​លើ​នោះ បាន​ធ្វើ​ដំណើរ​ពីប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សឹង្ហបុរី​បាន​ធ្លាក់​ក្នុង​ពេល​មាន​ព្យុះ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ៕

XS
SM
MD
LG