អាជ្ញាធរឥណ្ឌូនេស៊ីជឿជាក់ថាពួកគេបានរកឃើញតួយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានធ្លាក់នៅក្នុងសមុទ្រជ្វានៅពេលដែលការរុករកជនរងគ្រោះបានត្រូវរំខានដោយអាកាសធាតុអាក្រក់។
ក្រុមមន្រ្តីនៃទីភ្នាក់ងាររុករកនិងជួយសង្គ្រោះនិយាយនៅថ្ងៃពុធនេះថារលកសមុទ្រដែលមានកំពស់រហូតដល់៣ម៉ែត្រ ខ្យល់និងភ្លៀងខ្លាំងកំពុងរារាំងកិច្ចខំប្រឹងប្រែងរុករកតាមអាកាសពេញទំហឹងនៅកន្លែងធ្លាក់យន្តហោះនៅជិតកោះ Borneo។
ក្រុមមន្រ្តីអាចស្រង់សាកសពមនុស្ស៤នាក់ចេញពីទឹករាក់ៗនៅថ្ងៃពុធនេះដោយធ្វើឲ្យចំនួនសាកសពទាំងអស់ដែលស្រង់ចេញពីទឹកឡើងដល់៧នាក់។ សាកសពខ្លះនៅមានសម្លៀកបំពាក់ពេញ ហើយសាកសពខ្លះទៀតស្ទើរតែអាក្រាធ។ លោក Bambang Hermanu ជាមន្រ្តីប៉ូលីសនិយាយថា សាកសពក្មេងជំទង់ប្រុសម្នាក់និងស្រ្តីម្នាក់បានត្រូវផ្ទេរទៅកាន់ទីក្រុង Surabaya នៃប្រទេសឥណ្ឌូនេស៊ីជាទីកន្លែងដែលយន្តហោះបានចាកចេញ។
លោកនិយាយថា «ខ្ញុំចង់ប្រាប់អស់លោកអ្នកថាសាកសពមនុស្ស២នាក់បានមកដល់ទីក្រុង Pengkalan Bun ហើយ។ សាកសពទីមួយគឺក្មេងស្រីជំទង់ដែលមានកម្ពស់១៦០សង់ទីម៉ែត្រពាក់ខោខូវប៊យនិងអាវ។ សាកសពមួយទៀតជាក្មេងជំទង់ប្រុសកំពស់១៤០សង់ទីម៉ែត្រពាក់អាវពណ៌ខៀវនិងខោពណ៌ត្នោត»។
គ្មានមនុស្សណាម្នាក់នៃអ្នកដំណើរនិងអ្នកបើកបរទាំង១៦២នាក់នៅលើយន្តហោះបានត្រូវគេរកឃើញនៅមានជីវិតទេ។
ដានលើកដំបូងរបស់យន្តហោះបានត្រូវរកឃើញកាលពីថ្ងៃអង្គារដែលស្ថិតនៅមិនឆ្ងាយពីទីកន្លែងដែលយន្តហោះ Airbus A320 បានបាត់ក្នុងអំឡុងពេលមានព្យុះនៅពេលដែលហោះពីទីក្រុង Surabaya ទៅកាន់ប្រទេសសិង្ហបូរី។
រូបភាពតាមប្រព័ន្ធសូណាប្រាប់ឲ្យដឹងថាតួសំខាន់របស់យន្តហោះបានក្រឡាប់នៅក្រោមបាតសមុទ្រនៅក្នុងតំបន់មួយដែលក្រុមមន្រ្តីនិយាយថា មានជម្រៅពី៣០ម៉ែត្រទៅ៥០ម៉ែត្រតែប៉ុណ្ណោះ។
ក្រុមអ្នកស៊ើបអង្កេតសង្ឃឹមថានឹងកំណត់ពីមូលហេតុនៃការធ្លាក់នោះនៅពេលណាក្រុមអ្នកមុជទឹករកឃើញប្រដាប់ថតសំឡេងនិងទិន្នន័យជើងហោះហើរក្នុងបន្ទប់របស់យន្តហោះនោះ។
នាវាពិឃាតឈ្មោះ USS Sampson របស់សហរដ្ឋអាមេរិកបានស្ថិតនៅកន្លែងកើតហេតុនោះដើម្បីជួយរុករក។ នាវាទី២មួយគ្រឿងទៀតដែលមានឈ្មោះថា USS Forth Worth កំពុងស្ថិតនៅប្រទេសសិង្ហបូរីហើយនិងធ្វើដំណើរមកកាន់ទីកន្លែងធ្លាក់យន្តហោះនោះប្រសិនបើគេត្រូវការ។
លោក Tony Fernandes ប្រធានក្រុមហ៊ុន AirAsia បានសុំអភ័យទោសដល់ក្រុមគ្រួសាររបស់ជនរងគ្រោះដោយនិយាយថា ក្នុងឋានៈជាប្រធានក្រុមហ៊ុនអាកាសចរណ៍ លោកនឹងមិនគេចចេញពីការទទួលខុសត្រូវទេ។ លោក និយាយទៀតថា ក្រុមហ៊ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុជាបន្ទាន់ដល់ក្រុមគ្រួសារ។
ជើងយន្តហោះលេខ៨៥០១របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានចេញដំណើរប្រហែលកន្លះម៉ោងនៅក្នុងការធ្វើដំណើរដែលគេរំពឹងថានឹងហោះហើរ២ម៉ោងនៅពេលដែលយន្តហោះបានបាត់ពីប្រព័ន្ធរ៉ាដា៕