ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ស.រ.អា.​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​នៅ​កម្ពុជារក​ដំណោះស្រាយ​នយោបាយ


លោក​ស្រី​ ជេស៊ីកា​ ឃីហ្គឹន ​(Jessica Keegan) ​នាយិកា​អង្គការ​ IRI ​ក្នុង​ប្រទេស​កម្ពុជា​​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (សុខ ខេមរា/វីអូអេ)​
លោក​ស្រី​ ជេស៊ីកា​ ឃីហ្គឹន ​(Jessica Keegan) ​នាយិកា​អង្គការ​ IRI ​ក្នុង​ប្រទេស​កម្ពុជា​​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (សុខ ខេមរា/វីអូអេ)​

វិទ្យាស្ថាន​អន្តរជាតិ​សាធារណ​រដ្ឋហៅ​ថា The International Republican Institute (IRI) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ជាច្រើន ​និង​ការ​បណ្តុះ​ បណ្តាល​យុវជន​ទូទៅ​ផង​នោះ​ បាន​និយាយ​ថា គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំងពីរ​គួរ​គិត​ពីការ​អភិវឌ្ឍ​ប្រទេស​ ហើយ​ស្វែងរក​គោល​នយោបាយ​រួមគ្នាមួយ​ ដែល​វិទ្យាស្ថាន​នេះ​ចាត់​ទុក​ថា ​ជា​រឿង​សំខាន់។ នេះ​ជាការ​អះអាង​របស់​លោក​ស្រី​ ជេស៊ីកា​ ឃីហ្គឹន ​(Jessica Keegan) ​នាយិកា​អង្គការ​ IRI ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បានផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ច័ន្ទ។​

«ខ្ញុំ​គិតថា​នេះ​ពិតជា​ពេលវេលា​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​ក្នុង​ន័យ​ថា​ មាន​ ការ​សម្រប​សម្រួល​ខ្លះ​ចំពោះ​គណបក្ស​ទាំងពីរ​ដើម្បីរួមគ្នា​ធ្វើការ​ឆ្ពោះ​ទៅ​កាន់​ការ​ កែ​ទម្រង់ ដែល​ពិតជា​រឿង​សំខាន់​នៅ​ពេល​ឥឡូវ​នេះ។​ រឿង​នោះ​គឺ​ថា​ ក្រុម​ការងារ​គណបក្ស​នយោបាយ​ទាំងពីរ​គឺគណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ជាមួយ​គ្នា​ ហើយ​ស្វែងរក​ចំណុច​រួមគ្នា​ធ្វើការ​ជាមួយគ្នា​ឆ្ពោះទៅ​កាន់​ការ​អភិវឌ្ឍ​ និង​ការ​កែទម្រង់ ដែល​ជំរុញ​ឲ្យ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទិសដៅ​ ដែល​នឹង​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ខ្លឹមសារ»។​

អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​កើតឡើង ​ប៉ុន្មាន​សប្តាហ៍ក្រោយពី​គណបក្ស​ទាំងពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ពុំបាន​ត្រូវរ៉ូវគ្នា​ក្នុង​ការ​ចរចា​ រឿង​កែ​ទម្រង់ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ឬ​ប្រព័ន្ធ​បោះឆ្នោត​និងច្បាប់​បោះឆ្នោត ដែល​គេ​ដឹង​ថា ​មាន​ចំណុច​ចំនួន​១៥​នៅមិន​ទាន់​ត្រូវរ៉ូវ​គ្នា​ រាប់​ទាំង​ការ​ជ្រើស​រើស​ប្រធាន​និង​ថ្នាក់​ដឹកនាំ​គ.ជ.ប.​ ​និង​ថ្នាក់​មូលដ្ឋាន ​បញ្ហា​ជំទាស់​និង​សញ្ជាតិ​២​ និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត។​ បញ្ហា​ជាប់គាំង​ទាំងនេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ផ្តល់​ជូន​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ។​

លោកស្រី​បាន​អះអាង​ថា ​វិទ្យាស្ថាន ​IRI ​បាន​ធ្វើ​កិច្ចការ​ជាមួយ​នឹង​ដៃ​គូ​របស់​ខ្លួន​ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ហ្វឹកហ្វឺន​យុវជន​ជំនាន់​ក្រោយ​រាប់ពាន់នាក់​ឲ្យយល់​ដឹង​ ពី​សិទ្ធិ​ និង​ការ​ទទួលខុស​ត្រូវ​របស់​ខ្លួន។​

«អស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ​ អង្គការ ​IRI ​បាន​ផ្តោត​ការ​យក​ចិត្ត​ ទុក​ដាក់​ទៅលើ​ការ​អប់រំ ​ការ​ផ្តល់​អំណាច​ដល់​យុវជន​ខ្មែរ​ដើម្បីបន្ត​មុខ​តំណែង​ ជា​អ្នក​ដឹកនាំ​ ទាំង​ក្នុង​អង្គការ​សង្គម​ស៊ីវិល​ និង​ទាំង​ក្នុង​នយោបាយ។​ ដូច្នេះ​ហើយ​យើង​ធ្វើ​កិច្ចការ​ដើម្បី​ផ្តល់​ឲ្យយុវជន​ក្មេងៗ​នូវ​វេទិកា​ ដែល​ពួក​គេ​អាច បញ្ចេញ​សំឡេង ​និង​និយាយ​ចេញមក​អំពី​បញ្ហា​កង្វល់​ក្នុង​សហគមន៍​របស់​ពួក​គេ»។​

លោក​ស្រី​ ឃីហ្គឹន​នៃ​អង្គការ ​IRI ​បាន​ថ្លែង​ថា​ IRI​ កំពុង​ធ្វើការ​ជាមួយ​នឹង​ដៃគូ​ជា​ច្រើន​ រួមមាន​អង្គការ​យុវជន​កម្ពុជា ​YCC ​ដែរ​ ហើយ​រំពឹង​ថា​ នៅក្នុង​ពេល​បោះ​ឆ្នោត​សាកល​ខាង​មុខ ​IRI ​នឹង​ជួយ​បន្តអប់​រំយុវជន​ឲ្យយល់​បន្ថែម​ទៀត​អំពីការ​ទទួល​ខុសត្រូវ​នឹង​សិទ្ធិ​របស់​ពួកគេ​ហើយនឹង​កិច្ចការ​ទាក់ទង​នឹង​ការ​អប់រំ​អំពី​ការ​បោះឆ្នោត។​

«ដូច្នេះ​យើង​សង្ឃឹម​ថា ​នឹងអាច​ជួយ​កិច្ចការ​នេះ​ ដូចលោក​អ្នកដឹង​ស្រាប់​ហើយ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ពេល​ដ៏​សំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​ប្រជា​ធិបតេយ្យ​ របស់​ខ្លួន ​ហើយ​វាជា​រឿង​សំខាន់ ​ដែល​យុវជន​កម្ពុជា​នៅ​បន្ត​ធ្វើ​ទំនាក់​ទំនង​និង​បន្ត​កិច្ចការ​សកម្ម។ ​មាន​យុវជន​ខ្មែរ​ចំនួន​៩​លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​អាយុ​ក្រោយ​៣០​ឆ្នាំ​ ហើយ​ការ​ធ្វើទំនាក់​ទំនង​ជាមួយ​សហគមន៍​នឹង​ទំនាក់​ទំនង​ផ្នែក​នយោបាយ​នេះ​ជារឿង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ក្នុង​ពេល​អនាគត»។​

នាយក​ស្តីទី​អង្គការ​ក្រុមប្រឹក្សា​យុវជន ​YCC ​លោក ​កួយ គឹមរើនបាន​ថ្លែង​ថា ​ក្រោម​ការ​ឧបត្ថម្ភ​ពីអង្គការ​ IRI ​ចាប់តាំង​ពីឆ្នាំ​២០០១​មក​ អង្គការ​លោក​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​យុវជន​ជាង​៤៥០០០​នាក់​ហើយ​នៅក្នុង​ខេត្ត​ចំនួន​១៣​ទាក់ទង​នឹង​ការ​យល់​ដឹង​ពី​ដំណើរការ​ប្រជា​ធិបតេយ្យ​ ដំណើរការ​បោះឆ្នោត​ កិច្ចការ​សហគមន៍​ និង​ការ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាដើម។​

«យើង​រៀបចំ​វគ្គនេះ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ ជាពិសេស​គឺ​យុវជន​ បាន​ដឹង​ពី​គោល​ការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​អំពី​អភិបាល​កិច្ច​ល្អ​ ហើយ​នឹង​ដឹង​អំពី​ការ​ចូលរួម ​អំពី​សហគមន៍ ​អំពី​សារៈ​សំខាន់​ក្នុង​សហគមន៍​ ដោយសារ​បន្ទាប់​ពី​វគ្គសិក្ខា​សាលា​នេះ ​យើង​នឹង​មាន​យុវជន​ស្ម័គ្រ​ចិត្ត​គាត់​ចូល​រួម​ជាមួយ ​YCC ​យើង ​ហើយពេល​ហ្នឹងគាត់​នឹង​ចូលរួម​ធ្វើ​សកម្មភាព​ក្នុង​សហគមន៍​របស់​គាត់»។​

លោក​បន្ត​ថា ​អង្គការ​ YCC ​បានជ្រើស​រើស​យុវជន​ជាង​៣០​ឃុំ​ហើយ​នៅក្នុង​ខេត្ត ជា​ច្រើន​ពាសពេញ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​កិច្ចការ​ក្នុង​សហគមន៍។​

នៅ​ក្នុង​បញ្ហា​យុវជន​នេះ​ដែរ ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ស.រ.អា.​សម្រាប់​ការ​អភិវឌ្ឍ(USAID)​ បាន​ប្រកាស​ថា ​ខ្លួន​មាន​គម្រោង​ការ​ថ្មី​ក្នុង​ការ​ហ្វឹកហ្វឺន​គ្រូ​ និង​និស្សិត​រាប់រយ​នាក់​ក្នុង​តំបន់​មេគង្គ​ក្រោម ​ដែល​រួមមាន​ប្រទេស​កម្ពុជា ​ឡាវ​ ថៃ ​និង​វៀតណាម​ដើម្បី​ឲ្យ​យុវជន​ក្នុង​តំបន់​នេះ​ទទួល​បាន​ចំណេះ​ដឹង​ មុខ​ជំនាញ​នានា​និង​មាន​ការងារ​ធ្វើ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ ​USAID​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។​ ការ​បង្រៀន​នោះ​ត្រូវ​គេ​ដឹង​ថា​ នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​និស្សិត​បញ្ចប់​ការ​សិក្សា​ក្នុង​វិស័យ​នានា ​ដូចជា​វិទ្យាសាស្ត្រ​ បច្ចេក​វិជ្ជា​ គណិត​វិទ្យា​ គណនេយ្យ ​និង​ទេសចរណ៍​ជាដើម​ ដែល​អាច​ឲ្យ​ពួក​គេ​បង្កើន​ចំណេះ​វិជ្ជា​តាម​តម្រូវការ​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​ក្នុង​តំបន់៕

XS
SM
MD
LG