ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិលជំរុញ​ឲ្យ​រដ្ឋាភិបាល​​ជួយ​​​ពលរដ្ឋ​ខ្មែរ​​ជាប់​គាំង​នៅ​ម៉ាឡេស៊ី​​​ត្រឡប់​​មក​កម្ពុជា​វិញ


រូបឯកសារ៖ ទេសចរ​បរទេស​ឡើង​ជិះ​យន្ដហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​សុក្រ​ ទី​២៣ ខែមេសា ឆ្នាំ​២០២០។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​ ៣២ នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ឲ្យពលរដ្ឋ​ខ្មែរ​ប្រមាណ ១៥០ ​នាក់​ ដែល​កំពុង​ជាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ត្រឡប់​មក​កម្ពុជា​វិញ ​«ដោយ​សុវត្ថិភាព​និង​ជា​បន្ទាន់»។

សេចក្តី​ថ្លែង​ការណ៍រួម​គ្នា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ​ខែ ឧសភា ​ឆ្នាំ​ ២០២០​ រៀបរាប់​ថា៖​

«ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​ចូល​ប្រទេស​របស់​ខ្លួន​វិញ ​គឺ​ស្របតាម​មាត្រា​ទី​ ៤០ ​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ស្រប​តាម​កាតព្វកិច្ច​របស់​កម្ពុជា​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ខ្លះ​ជា​ពលករ​ចំណាក​ស្រុក ​និង​ខ្លះ​ទៀត​ជា​និស្សិត ​ដែល​កំពុង​ធ្វើការ​ និង​សិក្សា​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​បដិសេធ ​មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ​មក​កាន់​ប្រទេស​កម្ពុជា កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២០ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ​នៅ​គ្រា​នោះ​ ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​រួម​មាន អង្គការ​សមធម៌​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស និងអង្គការ​ Human Rights Watch ជាដើម។

វីអូអេ មិន​អាច​ទាក់​ទង​លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ​ នៅ​ត្រឹម​ម៉ោង​ផ្សាយ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ។​

​ប៉ុន្តែ កាល​ពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​ ​ចូល​ប្រទេស​វិញ​បាន​ ដោយ​មិន​ចាំ​បាច់​មាន​វិញ្ញា​បន​បត្របញ្ជាក់​សុខភាព​ថា ​គ្មាន​កូវីដ១៩ ​នោះ​ឡើយ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុកការអនុញ្ញាត​របស់​រដ្ឋាភិបាល​នេះ​ថា​ ​ពិត​ជា​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​ខ្លួន​នៅ​ម៉ាឡេស៊ី​នោះ អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន ​ប៉ុន្តែ​ពួក​គេ​លើក​ឡើង​ថា ​ពលរដ្ឋ​ខ្មែរ​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​ ១៥០ ​នាក់​នោះ បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុដោយសារ​តែ​ការ​បាត់បង់​ប្រភព​ចំណូល។​

ក្រុម​អង្គការ​ទាំង​នេះ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ឲ្យពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ជាប់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ​ដែល​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ បាន​វិល​មក​ប្រទេស​កំណើត​វិញ​ ដោយ​ផ្តល់ជូន​ពលរដ្ឋ​ទាំង​នោះ​នូវ​ការ​ថែទាំ​សុខភាព​ និង​ការ​ចេញ​ថ្លៃ​ចំណាយ​បន្ថែម​នានា ​ទាក់​ទង​នឹង​វិធានការ​សុខភាព ដើម្បី​ឲ្យ​ពួកគេ​ អាច​វិល​ត្រឡប់​ចូល​ប្រទេស​របស់​ខ្លួន​វិញ​បាន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG