អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg និយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា «ឥឡូវនេះដល់ពេលហើយដើម្បីផ្តល់សច្ចាប័នយល់ព្រមលើប្រទេសហ្វាំងឡង់និងស៊ុយអែត» ដើម្បីក្លាយជាសមាជិកថ្មីរបស់អង្គការអូតង់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីជាមួយរដ្ឋមន្ត្រីការបរទេសតួកគីនោះ លោក Stoltenberg និយាយថាបញ្ហាសំខាន់មិននៅត្រង់ថាតើប្រទេសទាំងពីរនេះនឹងត្រូវទទួលបានការអនុម័តយល់ព្រមរួមគ្នាឬយ៉ាងណានោះឡើយ ក៏ប៉ុន្តែគឺថាការផ្តល់ការអនុម័តយល់ព្រមគួរតែត្រូវកើតមានឡើងក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlüt Çavuşoğlu និយាយថាតួកគីអាចធ្វើការពិនិត្យទៅលើការសុំចូលជាសមាជិករបស់ប្រទេសទាំងពីរនេះដាច់ដោយឡែកពីគ្នា។
ប្រទេសតួកគីនិងហុងគ្រី គឺជាសមាជិករបស់អង្គការអូតង់តែ២គត់ដែលនៅមិនទាន់ផ្តល់សច្ចាប័នយល់ព្រមដល់ការសុំចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត នៅក្នុងដំណើរការមួយដែលតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័នពីគ្រប់សមាជិកទាំងអស់របស់អង្គការអូតង់នោះ។
ប្រទេសហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការអូតង់នេះ ក្រោយពីរុស្ស៊ីចូលឈ្លានពានលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ។
ប្រទេសតួកគីបានបង្ហាញនូវភាពស្ទាក់ស្ទើររបស់ខ្លួនទៅលើប្រទេសស៊ុយអែត ដោយចោទរដ្ឋាភិបាលប្រទេសនេះថា មានចិត្តត្រាប្រណីខ្លាំងជ្រុលទៅក្រុមមួយចំនួនដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្មនោះ។
លោក Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាហ្វាំងឡង់និងស៊ុយអែតបានអនុវត្តគោលនយោបាយដែលទទួលស្គាល់ពីការព្រួយបារម្ភរបស់តួកគីរួចហើយហើយបញ្ហាភេរវកម្មនឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់នៅខែកក្កដាខាងមុខនេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍ដកស្រង់ពីទីភ្នាក់ងារព័ត៌មានAP។