ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​អូតង់​ថា​ នេះ​ជា​ពេល​វេលា​​ដែល​ត្រូវ​ស្វាគមន៍​​ហ្វាំងឡង់​និង​ស៊ុយអែត​​​ឱ្យ​ចូល​ទៅ​​ក្នុង​អង្គការ​នេះ​ហើយ


អគ្គលេខាធិការ​​អង្គការ​អូតង់​លោកJens Stoltenberg និង​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu ចូល​រួម​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​ Istanbul (អ៊ីស្តង់ប៊ុល)​នៃ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២។
អគ្គលេខាធិការ​​អង្គការ​អូតង់​លោកJens Stoltenberg និង​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu ចូល​រួម​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​ Istanbul (អ៊ីស្តង់ប៊ុល)​នៃ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២។

ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់បាន​តាំងចិត្ត​ថា នឹង​ធ្វើការជាមួយប្រទេស​តួកគី​ដើម្បី​ដោះស្រាយពី​ក្តីបារម្ភ​របស់​តួកគី​មុន​ពេល​ពួក​គេ​ក្លាយ​ជា​សមាជិករបស់​អង្គការ​អូតង់។ នេះ​បើតាម​ការ​ឱ្យ​ដឹងរបស់​ប្រធាន​អង្គការ​អូតង់​លោក Jens Stoltenberg កាលពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​លោក​បន្ថែម​ថា​នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​ស្វាគមន៍​ប្រទេស​ទាំង​ពីរ​នេះ​ចូល​ទៅ​ក្នុង​សម្ព័ន្ធភាពអង្គការ​អូតង់​ហើយ។ នេះ​បើ​យោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​តួកគី​ក្នុង​ពេល​កន្លង​មក​បាន​ចោទ​ប្រកាន់ប្រទេសហ្វាំងឡង់​និងស៊ុយអែត​ ថា​បានផ្តល់​ជម្រក​សុវត្ថិភាពដល់​ក្រុម​សកម្មប្រយុទ្ធKurdsខុសច្បាប់ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវកម្ម។

លោក Stoltenberg បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយជា​មួយរដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu ក្នុង​ទីក្រុង​ Istanbul (អ៊ីស្តង់ប៊ុល)​នៃ​ប្រទេស​តួកគី​ថា«ខ្ញុំ​យល់​ពី​ក្តី​បារម្ភរបស់​តួកគី»។

លោក​និយាយ​ថា ហ្វាំឡង់​និងស៊ុយអែត​មាន​បំណង​ធ្វើការយ៉ាង​ជិតស្និទ្ធ​ជា​មួយតួកគី​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង«អំពើ​ភេរវកម្ម»​ហើយ​វា«ក៏​ជា​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ»។

លោក​បន្ថែម​ថា៖ «នេះ​ជា​ពេលវេលាដែល​ត្រូវ​ស្វាគមន៍​ប្រទេស​ទាំង២​នេះ​ចូល​ជា​សមាជិកពេញលេញ​របស់​អង្គការ​អូតង់​ហើយ។ ការ​ចូល​រួម​របស់​គេ​ក្នុង​សម្ព័ន្ធភាព​នេះ​ នឹង​ធ្វើ​ឱ្យ​អង្គការ​នេះ​កាន់តែរឹងមាំ​ជាង​មុន​ហើយ​ប្រជាពលរដ្ឋ​ក៏​កាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន​ផង​ដែរ»។

ប្រទេស​ទាំង​ពីរ​នេះ​បាន​ងាកចេញ​គោលនយោបាយ​មិន​ចូល​បក្សសម្ព័ន្ធ​យោធា​ដែល​ខ្លួន​ប្រកាន់​យក​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​មក​ហើយ​ ​ហើយ​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​អូតង់​ជាបន្ទាន់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​បន្ទាប់​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក។

ប៉ុន្តែ​ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan បាន​គំរាមថា​នឹង​រាំង​ខ្ទប់ការចូល​ជា​សមាជិក​ភាពអង្គការ​អូតង់​របស់​ប្រទេស​ទាំង​២​នេះ​ដោយចង់​ឱ្យមាន​ការធ្វើ​សម្បទានមួយ​ចំនួន​ពី​ប្រទេស​ទាំង​២​នេះ​ជា​មុន​សិន។

មក​ដល់​ពេល​នេះ រដ្ឋ​ជា​សមាជិក​របស់​អង្គការ​អូតង់ទាំង​៣០ប្រទេស​បាន​ផ្តល់​សច្ចាប័ន​យល់​ព្រមលើ​ការទទួល​យក​ប្រទេស​ហ្វាំងឡង់និង​ប្រទេសស៊ុយអែតឱ្យ​ចូល​ជា​សមាជិករបស់​អង្គការ​នេះ​រួច​ហើយ​ លើក​លែង​តែ​ប្រទេស​តួកគី​និង​ប្រទេសហុងគ្រី​តែ​ប៉ុណ្ណោះ។

ការចូល​ជា​សមាជិកថ្មី​របស់​អង្គការ​អូតង់​នេះ តម្រូវ​ឱ្យ​មាន​ការយល់​ព្រម​ជា​ឯកច្ឆន្ទពី​បណ្តា​រដ្ឋ​ជា​សមាជិក​ទាំង​អស់៕

XS
SM
MD
LG