ការធ្វើឃាតលោក Jamal Khashoggi អ្នកប្រឆាំងជនជាតិអារ៉ាប៊ីសាអូឌីតល្បីឈ្មោះម្នាក់ និងជាអ្នកសរសេរអត្ថបទក្នុងកាសែត Washington Post បានធ្វើឱ្យពិភពលោករង្គើកាលពីមួយឆ្នាំមុននេះ នៅពេលដែលសាធារណជនបានដឹងថា ភ្នាក់ងារមួយក្រុមរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្លាប់និងកាត់ដៃជើងលោកនៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។
លោក Khashoggi បានរិះគន់មេដឹកនាំអារ៉ាប៊ីសាអូឌីតអំពីការរំលោភលើសិទ្ធិមនុស្សច្រើនដង ការធ្វើទុក្ខបុកម្នេញក្រុមអ្នករិះគន់និងគោលនយោបាយគឃ្លើនក្នុងតំបន់ ដោយមានរួមបញ្ចូលទាំងមុខនាទីរបស់ពួកមេដឹកនាំទាំងនេះនៅក្នុងសង្គ្រាមស៊ីវិលបួនឆ្នាំនៅក្នុងប្រទេសយ៉េមែនផងដែរ។
បើតាមរបាយការណ៍បោះពុម្ពផ្សាយថាទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA បានសន្និដ្ឋានថា ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bi Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាឱ្យធ្វើឃាតលោក Khashoggi ហើយការណ៍នេះបាននាំឱ្យពួកសមាជិកសភាអាមេរិកថ្កោលទោសអាជ្ញាធរប្រទេសនេះជាសាធារណៈហើយបានខិតខំប្រឹងប្រែងបញ្ឈប់ការលក់អាវុធពីសហរដ្ឋអាមេរិកឱ្យព្រះរាជាណាចក្រនេះ។
លោកប្រធានាធិបតីអាមេរិក Donald Trump មិនបានធ្វើតាមសមាជិកនៃគណបក្សលោកទេ ដោយលោកបានជំរុញឱ្យមានការលក់អាវុធទាំងនេះ ដែលមានទឹកប្រាក់៨ពាន់១រយលានដុល្លារ ថែរក្សាទំនាក់ទំនងជាមិត្តភាពជាមួយប្រទេស អារ៉ាប៊ីសាអូឌីត ដែលលោកបាននិយាយយោងថាជាកំពែងការពារប្រឆាំងនឹងឥទ្ធិពលនៃប្រទេសអ៊ីរ៉ង់។ លោក Trump បាននិយាយទទូចថា សហរដ្ឋអាមេរិកមិនអាចបោះបង់ចោលការលក់សព្វាវុធយ៉ាងច្រើនឱ្យសម្ព័ន្ធមិត្តខ្លួននៅក្នុងភូមិភាគមជ្ឈឹមបូព៌ាបានទេ៕