ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ក្រសួង​ការបរទេស​​​សហរដ្ឋ​អាមេរិក​ម្នាក់​ចុះ​ចេញ​ពី​ដំណែង​ដោយសារ​ការ​ឆ្លើយ​តប​របស់​ប្រធានាធិបតី​ត្រាំ​អំពី​បញ្ហា​ជាតិ​សាសន៍


ក្មេង​ស្រី​ម្នាក់ឱប​មនុស្ស​ពេញ​វ័យ​ នៅ​ពេល​ដែល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ឈរ​ត្រៀម​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ពេល​មាន​ការ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក george floyd​។

មន្រ្តី​ក្រសួង​ការបរទេស​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ បាន​លា​ចេញ​ពី​ដំណែង​កាល​ពី​ថ្ងៃព្រហស្បតិ៍ដោយ​សារ​តែ​ការ​ឆ្លើយ​តប​របស់​ប្រធានាធិបតី ត្រាំ ដល់​ភាព​តាន​តឹង​ខាង​ជាតិ​សាសន៍​ទូទាំង​ប្រទេស​អំពី​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ​ដោយ​ប៉ូលិស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ Washington Post។

កាសែត ​Washington Post ​បាន​រាយការណ៍​ទៀត​ថា លោក​ស្រី ​Mary Elizabeth Taylor​ ឧបការី​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​ បាន​និយាយ​នៅ​ក្នុង​លិខិត​លា​ចេញ​ពី​ដំណែង​របស់​លោក​ស្រី​ថា​ «ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី ត្រាំ ជា​ការ​ផ្ទុយ​ទៅ​នឹង​តម្លៃ​និង​ជំនឿ​របស់​ខ្ញុំ»។ លោក​ស្រី​មាន​អាយុ​៣០​ឆ្នាំ​ជា​មនុស្ស​ក្មេង​បំផុត​ដែល​បាន​កាន់​កាប់​ដំណែង​នេះ ​ហើយ​លោក​ស្រី​ក៏​ជា​ស្រ្តី​ស្បែក​ខ្មៅ​លើក​ទី១​ដែល​កាន់​កាប់​ការងារ​នេះដែរ។

លោកស្រី​ Taylor​ បាន​និយាយ​នៅ​ក្នុង​លិខិត​លា​ចេញ​ពី​ដំណែង​របស់​លោក​ស្រី​ដែល​បាន​ផ្ញើរ​ជូន​លោក ​Mike Pompeo​ រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ដែល​បាន​ទទួល​ដោយ​កាសែត Washington Post ថា​ «អត្ថាធិប្បាយ​និង​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​ជុំវិញ​យុត្តិធម៌​ពូជ​សាសន៍​និង​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ជា​ការ​ផ្ទុយ​ទៅ​នឹង​តម្លៃ​និង​ជំនឿ​របស់​ខ្ញុំ។​ ខ្ញុំ​ ត្រូវ​តែ​ធ្វើ​ទៅ​តាម​មនសិការ​របស់​ខ្ញុំ​ហើយ​លា​ចេញ​ពី​ដំណែង​ជា​ឧបការី​រដ្ឋ​មន្រ្តី​ការបរទេស​ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​នេះ»។

ការ​លា​ចេញ​ពី​ដំណែង​របស់​លោក​ស្រី Taylor​ កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ចលាចល​ជា​ច្រើន​សប្តាហ៍​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ការ​សម្លាប់​លោក ​George Floyd​ ដោយ​ប៉ូលិស​ស្បែក​ស​នៅ​ក្នុង​ទីក្រុង​មីនីអាប់​ប៉ូលីស។ ពួក​បាតុករ​ បាន​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក ​Floyed​ និង​ជន​ស្បែក​ខ្មៅ​ដែល​ស្លាប់​ផ្សេង​ទៀត​ រួម​ជាមួយ​ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ដោះ​ស្រាយ​ភាព​ព្រៃ​ផ្សៃ​របស់​ប៉ូលិស​ បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​នៅ​តាម​ផ្លូវ៕

XS
SM
MD
LG