ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វប្បធម៌​នវានុវត្តន៍​និង​ការ​បង្កើត​មុខ​ជំនួញ​ថ្មី​ក្នុង​ប្រទេស​ហ្កាណា​កំពុង​លូតលាស់


អ្នកច្នៃ​ផលិត​យានហោះ Josephine Fianu ពិនិត្យ​ឧបករណ៍ដ្រូន​ មុនពេល​បញ្ជូន​ឧបករណ៍ដ្រូន​ទៅ​មជ្ឈមណ្ឌល​ដ្រូន​ Omenako ក្នុង​ប្រទេស​ហ្គាណា។
អ្នកច្នៃ​ផលិត​យានហោះ Josephine Fianu ពិនិត្យ​ឧបករណ៍ដ្រូន​ មុនពេល​បញ្ជូន​ឧបករណ៍ដ្រូន​ទៅ​មជ្ឈមណ្ឌល​ដ្រូន​ Omenako ក្នុង​ប្រទេស​ហ្គាណា។

ប្រទេស​ហ្កាណា​ត្រូវបានគេចាត់​ទុក​ជាមជ្ឈមណ្ឌល​នៃការច្នៃ​ប្រឌិត​ថ្មី​នៅ​អាហ្រ្វិក​ខាងលិច​ ដោយសារ​តែ​មានការកើនឡើង​នូវ​ប្រជាជន​វ័យក្មេង​ ដែល​ព្យាយាម​រកដំណោះ​ស្រាយ​​ទៅ​លើ​បញ្ហាក្នុង​ស្រុក​។ នៅខែធ្នូ​នេះ​ ប្រទេស​ហ្កាណា​ នឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃសន្និសីទ​ពីរ​ផ្សេងគ្នា​ស្តីពី​នវានុវត្តន៍​និង​បច្ចេកវិទ្យា។

យុវជន​ Alhassan Baba Muniru ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​កែច្នៃ​សំរាម​ Recycle Up មាន​បំណងចង់សម្អាត​បរិស្ថាន​ធម្មជាតិ​នៅ​ប្រទេស​ហ្កាណា។

ប៉ុន្តែ​យុវជន​រូប​នេះ​ក៏​ចង់​បង្រៀន​ ផ្តល់​អំណាច​ និងគាំទ្រ​ឱ្យយុវជន​វ័យក្មេង​បន្ត​សកម្មភាព​អភិរក្ស​បរិស្ថាន​នេះដែរ​ ហើយ​ថែម​ទាំង​អាចរក​ថវិកា​បានតាមរយៈ​សកម្មភាព​ទាំងអស់​នេះ​ទៀត​ផង​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នវានុវត្តន៍​ទ្វីបអាហ្រ្វិក​នៅ​ខែ​ធ្នូ​ ក្នុង​រដ្ឋធានី​ Accra ​នេះ​ យុវជន​រូបនេះ​ នឹង​ជំរុញឱ្យ​មានការគាំទ្រ​បន្ថែមទៀត​ដល់អ្នក​ច្នៃ​ប្រឌិត​ថ្មី​វ័យក្មេង​ ជាពិសេស​យុវជន​ដែល​ធ្វើការងារ​ដើម្បី​ថែរក្សា​បរិស្ថាន។

យុវជន​រូបនេះ​ បាន​និយាយថា​៖ «ពួកយើង​មានគំនិត​បែបសហ​គ្រិនភាព​ តាំងពី​ពួកយើង​នៅរៀន​ថ្នាក់​វិទ្យាល័យ​ម៉្លេះ។​ ចំពោះ​ខ្ញុំ​ ពេលនេះ​ខ្ញុំអាច​ធ្វើការងារ​ទូទៅ​បាន​ ប៉ុន្តែ​សេរីភាព​ក្នុងការ​ធ្វើ​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ​ និងការ​ទទួល​ខុសត្រូវ​លើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ដោយ​ផ្ទាល់ ហើយ​និង​ធ្វើឱ្យ​សង្គមជាតិ​កាន់តែ​ប្រសើរឡើង​ គឺជាអ្វី​ដែលខ្ញុំ​រឹត​តែ​ចង់​ធ្វើ»។

ការងារ​មួយចំនួន​របស់​ក្រុមហ៊ុន​ Recycle Up រួមមាន​ការប្រមូល​ប្លាស្ទិក​តាម​សាលារៀន​ និងលក់​ទៅ​ឲ្យ​អ្នក​ត្រូវការ​វា ដូចជា​យុវជន​ Nelson Boateng ដែល​ក្រុមហ៊ុន​របស់​លោក​យក​បា្លស្ទិកទាំងនោះ​ទៅ​លាយជាមួយ​ខ្សាច់​ដើម្បី​ផលិត​ជា​ដុំ​ឥដ្ឋ។

យុវជន​ Muniru និងយុវជន​ Boateng បាន​ពិនិត្យ​មើល​រោងចក្រ​នៅ​ជាយរដ្ឋធានី​Accra​ ដែល​បានយកប្លាស្ទិកទៅ​កិនកម្ទេច​ ​រួច​រំលាយ​ ​បន្ទាប់​មក​យកវា​ទៅ​លាយ​ជាមួយ​នឹង​សារធាតុ​ផ្សេង​ទៀត ​ដើម្បី​ចាក់​ពុម្ព​ចេញជាដុំឥដ្ឋ ​សម្រាប់​ក្រាលផ្លូវ ផ្លូវ​លំ​ និង​អគារ​នានា។

យុវជន​ Boateng ដែលជា​អ្នកផលិត​ថង់ប្លាស្ទិក​ បាន​និយាយថា​ ការច្នៃ​ចេញជា​ដុំឥដ្ឋ​គឺជាវិធី​ដែលលោក​អាចជួយ​ធ្វើឱ្យ​បរិស្ថាន​ស្អាត​ និងផ្តល់​ការងារ​ដល់យុវជន​នានា។

យុវជន​ Muniru និយាយ​ថា ទោះ​ជា​ប្រទេស​ហ្កាណា​កំពុងត្រូវ​បានគេមើល​ឃើញថា ​មាន​ការងើប​ឡើង​ខាង​នវានុវត្តន៍​បែប​នេះ​ក៏​ដោយ ក៏​ប្រទេស​នេះត្រូវ​ការ​ហេដ្ឋារចនា​សម្ព័ន្ធ​បន្ថែមទៀត​ដើម្បីគាំទ្រ​ដល់​ធុរកិច្ច​ដែល​ល្អ​ចំពោះ​បរិស្ថាន។

យុវជន​ Boateng បាន​និយាយថា​៖ «សម្រាប់ការ​ធ្វើ​នវានុវត្តន៍​ក្នុង​ប្រទេស​ហ្កាណា​ វាមាន​ការលំបាក​ខ្លាំង​ណាស់​ ប្រសិន​បើយើងមិន​មានការ​តាំងចិត្ត​ខ្ពស់។ អ្នកអាច​នឹង​អស់​សង្ឃឹម​ពីព្រោះ​ និយាយ​ឲ្យ​ត្រង់ទៅ​ ពេលខ្ញុំ​ច្នៃ​ថង់ប្លាស្ទិករឹង​ ដែល​ជាកិច្ចការ​បំពុល​បរិស្ថាន​ ខ្ញុំរក​លុយបាន​ច្រើន​ណាស់។ ខ្ញុំ​មាន​លុយ​ ដូច្នេះ​គ្មាន​បញ្ហាអ្វី​កើត​ឡើង​ទេ។ ប៉ុន្តែ​ពេលដែល​ខ្ញុំផ្តើម​ធ្វើកិច្ចការ​ថ្មីនេះ​ អ្វីៗ​ខុស​ពី​មុន។ ពេល​ដែលខ្ញុំ​ទៅធនាគារ​ ធនាគារ​អត់យល់​ពីកិច្ចការ​នេះឡើយ​ ធនាគារចង់​ធ្វើកិច្ចការ​ណាដែល​មានលុយ​តែ​ប៉ុណ្ណោះ​។ ហើយប្រសិន​បើ​យើង​និយាយ​ថា​ យើង​កំពុង​ធ្វើ​កិច្ចការ​អ្វី​មួយ​ដើម្បី​ជួយ​បរិស្ថាន​ នោះនឹង​គ្មាននរណា​យកចិត្តទុក​ដាក់លើ​យើង​ឡើយ​»។

ការ​គាំទ្រឱ្យ​មានគំនិត​បង្កើតមុខជំនួញ​ខ្នាត​តូច​ថ្មី​ក្នុងស្រុក​ ត្រូវបាន​គេរំពឹងថា​នឹងត្រូវ​យក​ទៅពិភាក្សា​ក្នុងសន្និសីទ​មួយ​ផ្សេង​ទៀត​នៅខែធ្នូនេះ ក្នុង​រដ្ឋធានី ​Accra ​ ដែលជា​កិច្ចប្រជុំ​កំពូល​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​របស់​ប្រទេស​ហ្កាណា​លើក​ទី២។

អ្នកច្នៃ​ប្រឌិត​ថ្មី​ជនជាតិ​ហ្កាណា​មួយរូបទៀត​ ឈ្មោះ​ Andrew Quao កំពុង​ធ្វើការ​ដើម្បី​ជួយ​សម្រាល​បន្ទុកនៅ​តាមមន្ទីរពេទ្យ​ដោយប្រើប្រាស់​បច្ចេកវិទ្យា ដែលអាចឱ្យ​ឱសថ​សាស្រ្ត​ធ្វើរោគ​វិនិច្ឆ័យ​ និងតាម​ដាន​ជំងឺ​រ៉ាំរ៉ៃ​ និង​ជំងឺនានា​ក្នុងតំបន់​ត្រូពិក​បាន។

លោក​ Quao បាន​និយាយថា​ វិស័យ​សុខាភិបាល​ក្នុងទ្វីប​អាហ្រ្វិក​ តួយ៉ាង​ក្នុងប្រទេស​ហ្កាណា​ បាន​ទទួលផល​ពីដំណោះ​ស្រាយ​បែបនវានុវត្តន៍​នេះ។

លោក​ Quao និយាយ​ថា៖​ «ខ្ញុំគិតថា​វាកំពុង​រីកចម្រើន​ក្នុងផ្លូវត្រូវ​ហើយ ហើយក៏​ស្ថិត​ក្នុងបរិយាកាស​ល្អ​ដែរ ដោយ​មានការ​រួបរួមល្អ​ពីបុគ្គល​មាន​ទេពកោសល្យ​ក្នុងស្រុក​ មាន​បទពិសោធន៍​ និងអ្នកជំនាញ​នានា​។ យើងឃើញ​ថាប្រទេស​ហ្កាណា​ គឺជា​ចំណុចចាប់​ផ្តើមដ៏ល្អ​ ដូចឃើញ​ស្រាប់។ យើង​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់។ ​អ្នក​ធ្លាប់​បាន​ទទួល​ការ​សិក្សា​នៅ​បរទេស ដូចជា​ខ្ញុំដែលបានទទួលការ​អប់រំនៅ​សហរដ្ឋអាមេរិក​ បាន​ត្រឡប់​មកវិញ​ និង​នាំយក​មក​វិញ​នូវ​គំនិត​នវានុវត្តន៍​មក​អនុវត្ត​នៅ​ប្រទេស​វិញ»។

ទាំង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ កំពុងតែគាំ​ទ្រដល់​នវានុវត្តន៍​ សហគ្រិនភាព​ នឹង​រំពឹងថា​ នឹងមាន​ការគាំទ្រ​បន្ថែមទៀត​ពីកិច្ចប្រជុំ​កំពូល​នវានុវត្តន៍​ទ្វីប​អាហ្វ្រិក​ និង​បច្ចេកវិទ្យា​ហ្កាណា​ នា​ពេល​ខាងមុខ​នេះ​៕

ប្រែ​សម្រួល​ដោយ​លោក កោះ​ សុគន្ធី​


XS
SM
MD
LG