ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍៖ ​ខ្សែភាពយន្ត​អាមេរិកាំង «Generation Startup‍» បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ភាព​ជា​សហគ្រិន


អ្នកស្រី Cheryl Miller Houser ផលិតករភាពយន្តអាមេរិកនិយាយទៅកាន់និស្សិតក្នុងមជ្ឈមណ្ឌលអាមេរិកាំងក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមុននឹងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ “Generation Startup” កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ផលិត​ករ​ភាពយន្ត​ ‍«Generation Startup‍» ​បកស្រាយ​អំពីក្តីសុបិន​ និង​ការលំបាក​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​ startup ពេលលោកស្រី ចងក្រង​ជា​ខ្សែភាពយន្ត​ឯកសារនេះ។

កំណត់​និពន្ធ៖ អ្នកស្រី​ Cheryl Miller Houser ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អាមេរិកាំង ​បាន​ចំណាយ​ពេល​១៧​ខែ​ដើម្បី​ដើរ​តាម​និស្សិត​ដែល​ទើប​បញ្ជប់​មហាវិទ្យាល័យ​ចំនួន​ប្រាំ​មួយ​នាក់​ ហើយ​ចងក្រង​ជា​ខ្សែភាពយន្ត​ឯកសារ ​អំឡុង​ពេល​ដែលពួកគេ​កំពុង​ដើរតាម​ក្តី​សុបិន​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​ startup ​ក្នុង​ទីក្រុង​ Detroit​ រដ្ឋ​ Michigan ​សហ​រដ្ឋ​អាមេរិក។​ កាលពី​សប្តាហ៍​កន្លង​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅមក​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា បាន​អញ្ជើញ​អ្នកស្រី ​Houser ​មក​បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារ​ថ្មី​របស់​អ្នក​ស្រី​គឺ​ “Generation Startup” ​ឲ្យ​ផលិតករ​និង​សហគ្រិន​កម្ពុជា​ទស្សនា។​ អ្នកស្រី​ Cheryl Miller Houser ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អាមេរិកាំង​ ដែល​ទទួល​បាន​ពាន​រង្វាន់​ ​បាន​ផ្តល់​ការ​សម្ភាស​ជាមួយ​ VOA ​ខ្មែរ​ថ្មីៗ​នេះ​អំពី​ខ្សែភាពយន្ត​ឯកសារ​ថ្មី​របស់​អ្នកស្រី​ដែល​និយាយ​អំពី​សារៈ​សំខាន់​ក្នុង​ការ​ដើរតាម​សុបិន បរាជ័យ​ និង​ការ​ប្រឈម​បញ្ហា​ថ្មីៗ។​

VOA៖ ​តើអ្នក​ស្រី​អាច​ពណ៌នា​ដោយ​សង្ខេប​បាន​ទេ​ថា តើ​ខ្សែ​ភាពយន្ត​ឯកសារ​«Generation Startup»​ និយាយអំពី​អ្វី?​

Cheryl៖ ​ច៎ា ​ខ្ញុំ​គឺ​ជា​ផលិតករ​ម្នាក់​ហើយ​ក៏ជា​សហ​ប្រធាន​នៃ​ខ្សែ​ភាពយន្ត​ឯកសារ​ «Generation Startup» ​ហើយ​ខ្សែភាពយន្ត​នេះនិយាយអំពី​និស្សិត​ដែល​ទើប​តែ​បញ្ចប់​មហា​វិទ្យាល័យ​ចំនួន​ប្រាំមួយ​នាក់ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ដែល​ពួកគេ​បាន​ចាប់​ផ្តើម​ ឬ​ចូល​រួម​ជាមួយក្រុម​ហ៊ុន​ថ្មី​ក្នុងទី​ក្រុង​មួយ​ក្នុង​សហ​រដ្ឋ​អាមេរិក​គឺ​ទីក្រុង Detroit ​ចំពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​នេះ​កំពុង​មាន​វិបត្តិ។ ​ដូច្នេះ​យើង​បាន​ថត​ពួកគេ​ដោយ​ប្រើ​ពេល​វេលា​យូរ។​ វាគឺជា​ដំណើរដ៏​លំបាក​មួយ​នៅ​ពេល​ដែល​ពួកគេ​បាន​ចាប់ផ្តើម ​ពួកគេ​បាន​ចាកចេញ​ឆ្ងាយ​ពី​កន្លែង​សុវត្ថិភាព​ (Comfort Zone)​ របស់​ខ្លួន។​ ពួកគេ​ពិត​ជា​គ្មាន​តម្រុយ​ទាល់តែ​សោះ​ថា​ ខ្លួន​កំពុង​ធ្វើ​អ្វី។​ អីចឹង​ សារ​ពិត​ប្រាកដ​នៃ​ខ្សែភាពយន្ត​មួយ​នេះ​គឺ​ថា ​យើង​អាច​រៀនសូត្រ​បាន​តាម​រយៈការ​សាកល្បង​ធ្វើ​អ្វី​មួយ​ ហើយ​មានតែ​ការ​ចាកចេញ​ពី​ទីតាំង​សុវត្ថិភាព(Comfort Zone)​របស់​ខ្លួន​ប៉ុណ្ណោះ ​ទើប​យើង​ពិតជា​អាច​អភិវឌ្ឍ​ខ្លួន​បាន។​

VOA៖ ​ហើយតើ​ហេតុ​អ្វី​បាន​ជា​អ្នកស្រី​ជ្រើស​យក​ខ្សែភាព​យន្ត​នេះ​មកចាក់​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា?​

Cheryl៖​ ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ដែល​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ជ្រើសរើស​យក​ «Generation Startup‍»។ ​ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​មកទី​នេះ ​ហើយ​ខ្ញុំ​ឆ្លើយ​ថា​ យល់​ព្រម។ ​ខ្ញុំ​មិន​ដែល​បាន​មក​កម្ពុជា​ទេ។​ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​មកទី​នេះ។ ​ហើយ​ពួកគេ​រើស​យក​ខ្សែភាព​យន្ត​នេះ​ ដោយសារ​តែ​ការបេ្តជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ជួយ​សហ​គ្រិន​និង​ផលិតករ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​នេះ។​ ដូច្នេះវា​គឺ​ជា​ខ្សែ​ភាពយន្ត​មួយ​ផលិត​ឡើង​ដើម្បី​លើក​ទឹកចិត្តទាំង​ផលិតករ​ភាពយន្ត ​និង​សហគ្រិន​ តាមពិត​ទៅគឺដូច​គ្នា។ ​ផលិតករ​ភាពយន្ត​ទាំង​អស់​គឺ​ជា​សហគ្រិន​ ឬ​ត្រូវ​តែ​ជា​សហគ្រិន។ ​អ្នកត្រូវ​តែ​មាន​ផលិត​ផល។ ​អ្នក​ត្រូវ​តែ​គិត​រក​វិធី​ដើម្បី​ទទួល​មូលនិធិ។ ​អ្នក​ត្រូវ​តែ​ស្វែងរក​ទស្សនិកជន ​ឬ​អ្នក​ចែកចាយ។ ​ហើយ​សហគ្រិន​រាល់​គ្នា​ត្រូវ​តែ​ជា​អ្នក​និទាន​រឿង ​(story teller) ​ដោយសារ​តែ​វាជាផ្នែក​មួយ​នៃការ​ផ្សព្វផ្សាយ​ផលិត​ផល​ និង​ស្វែងរក​អតិថិជន។ ​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់ ​អ្នក​ក៏ត្រូវ​តែ​ជា​អ្នក​និទាន​រឿង​ដែរ។ ​ដូច្នេះ​ពួកគេ​គឺ​តែមួយ ​និង​ដូច​គ្នា។​ វា​សុទ្ធ​តែ​ជា​ការ​លក់​ និង​និទាន​រឿង។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖​ ដូច្នេះ​តើ​អ្នក​រំពឹង​អ្វី​បន្ទាប់ពី​បញ្ចាំង​ខ្សែភាពយន្ត​នេះឲ្យយុវជន​កម្ពុជា ​និង​សហ​គ្រិន​កម្ពុជា​វ័យ​ក្មេង​ទស្សនា?​

Cheryl៖​ ច៎ា ​នេះជា​សំណួរ​ល្អ។ ​ខ្ញុំ​បាន​ចាក់​បញ្ចាំង​រឿង​នេះ​ទូទាំង​ពិភព​លោក។​ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​បន្តិចបន្តួច​ពី​ប្រទេស​កម្ពុជា​នោះ​គឺ​ពិត​ជា​ការ​រំភើប​មែនទែន។ ​វាគឺ​ជា​ការ​ចាប់​ផ្តើម​នៃ​វប្បធម៌​សហ​គ្រិន​ភាព ​និង​ ក្រុម​ហ៊ុន​ថ្មី​នៅ​ទីនេះ។​ អ្វី​ដែល​ខ្ញុំ​បាន​ឮ​ថែម​ទៀត​នោះ​គឺ​ថា​ អ្នក​នៅ​ទី​នេះ​មិន​ទាន់​បាន​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​ថា​ តើ​វា​លំបាក​យ៉ាង​ណា​ ហើយ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ក៏​អីចឹង​ដែរ។ ​នៅពេល​ដែល​អ្នកឮ​ពី​ក្រុមហ៊ុន​ Startup​ អ្នក​តែង​តែ​ឮ​និង​ស្គាល់​វា​ក្រោយ​ពី​ពេល​ដែល​ក្រុមហ៊ុន​នោះ​បាន​ជោគជ័យ​ហើយ​តែ​ប៉ុណ្ណោះ។ ​អ្នក​មិន​ដឹង​ទេ​ថា​ ​នៅពេល​ដែល​ពួកគេ​ចាប់ផ្តើម​ ពួកគេ​តស៊ូ​ ពួកគេបរាជ័យ​អ្វី​ខ្លះ​តាម​ផ្លូវ​ដែល​ពួកគេ​ដើរ​នោះ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ខ្សែភាព​យន្ត​នេះ​គឺ​បាន​បង្ហាញ​ឥត​លាក់​លៀម​ដោយសារ​យើង​បាន​ធ្វើការ​ថត​មួយ​ឆ្នាំ​កន្លះ។ ​ទស្សនិក​ជន​នឹង​បាន​ឃើញ​នូវ​ដំណើរ​មួយ​ដ៏​មាន​ភាព​តានតឹង។​ នៅចុង​បញ្ចប់​នៃ​ការបញ្ចាំងភាព​យន្ត ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ អ្នក​រស់​នៅ​ជា​មួយ​ពួកគេ​អំឡុង​ពេល​ដែល​ពួក​គេ​ប្រឹងប្រែង​ ហើយ​អ្នក​នឹង​មើល​ឃើញ​ថា ​ពួកគេ​បាន​ផ្លាស់ប្តូរ​ជាច្រើន។ ​ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន​ ដែល​មាន​សញ្ជាតិ​ខុស​គ្នា​ អាយុខុស​គ្នា​ ក្មេង​ស្រី ​ក្មេង​ប្រុស ​ស្រ្តី ​និង​មនុស្ស​ចាស់ ​ហើយ​ពួកគេទទួល​បាន​សារដូច​គ្នា​ ដែលសារ​នោះ​គឺ ​«ខ្ញុំ​ត្រូវ​តែ​ចេញ​ពី​ទីសុវត្ថិភាព(Comfort Zone) ​របស់​ខ្ញុំ​ដើម្បី​ជម្នះ​ខ្លួន​ឯង​ និង​អភិវឌ្ឍ​ខ្លួន​ឯង​ ហើយ​ខ្ញុំ​ក៏​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​រក​អត្ថន័យ​ក្នុង​ជីវិត​របស់​ខ្ញុំ»។​

VOA៖ អីចឹង​តើ​ការ​ចែក​រំលែក​បទពិសោធន៍​ និង​រឿងរ៉ាវ​តាម​រយៈខ្សែភាព​យន្ត​ឯកសារ​ដូច​ «Generation Startup‍»​បាន​ជួយ​ឲ្យ​សង្គម​យល់​អំពី​បញ្ហា​នេះ​យ៉ាង​ណា​ខ្លះ?​

Cheryl៖ ​ច៎ា ​នេះ​ជា​សំណួរ​ល្អ​មួយ​ទៀត​ហើយ។ ​ខ្សែភាពយន្ត​ឯកសារ​ នៅពេល​ដែល​ផលិត​បាន​ល្អ ​ខ្ញុំ​គិត​ថា​វា ​ជា​វិធី​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ការ​ផ្លាស់ប្តូរ​បេះដូង ​ចិត្ត​ និង​ជំរុញ​ទឹកចិត្ត​ទស្សនិក​ជន ​ដោយសារ​តែ​រូប​ភាព​ និង​ភ្លេង។ ​ហើយ​បើសិន​ជា​អ្នក​អាច​រក​តួម្នាក់​ដែល​អាច​ឲ្យ​អ្នក​ចូល​ក្នុង​អារម្មណ៍​របស់​គាត់​ វាគឺ​ជា​ការ​យល់ចិត្ត​ វា​គឺ​ជា​ដំណើរ​ផ្លូវចិត្ត​ជាមួយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ រហូត​ទាល់តែ​អ្នក​មាន​អារម្មណ៍​ថា​ អ្នក​ពិត​ជា​បាន​ធ្វើ​ដំណើរ​នេះ​មែន។​ ដូច្នេះ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​ផលិត​ភាព​យន្ត​ដែល​អាច​លើក​ទឹក​ចិត្ត​មនុស្ស។ ​ខ្ញុំ​ចង់​ផលិត​ភាព​យន្ត​ដែល​ចុង​បញ្ចប់​ ទស្សនិក​ជន​ម្នាក់ៗ​មាន​អារម្មណ៍​រំភើប​ ហើយ​ចាប់​ផ្តើម​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ផ្សេងទៀត​ឬ​ក៏​ផ្លាស់​ប្តូរ​អ្វី​មួយក្នុង​ជីវិត​របស់​ពួកគេ។ ​នៅ​ក្នុង​ពិភព​ startup ភាព​សម្បូរបែប​មិន​ទាន់​មាន​គ្រប់គ្រាន់​ទេ។ ​ខ្ញុំ​គិត​ថា​ ភាពជា​គំរូ​ក៏​មាន​សារៈ​សំខាន់​ដែរ​ ដើម្បី​ឲ្យ​ពួក​គេ​យល់​ថា ​«វ៉ាវ​ ពួក​គេ​អាច​ធ្វើ​បាន​ ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ»។​ ប៉ុន្តែ​ក៏​ដើម្បី​បង្ហាញ​ថា ​តាម​ពិត​ទៅ​វា​មាន​ការ​ពិបាក​យ៉ាង​ណា។​ តួ​ម្នាក់​ក្នុង​ភាពយន្ត​របស់​យើង​បាន​និយាយ​ថា ​«វា​មិន​សប្បាយ​នោះ​ទេ។​ អ្នក​មិន​មែន​ធ្វើ​វា​ដោយសារ​តែ​វា​សប្បាយ​នោះ​ទេ»។​ គាត់​និយាយ​អំពី​ការ​ដែល​គាត់​មិន​បាន​ចេញ​ទៅ​ក្រៅ​ជួប​មិត្ត​ភក្តិ​រាប់ខែ​មក​ហើយ។​ ខ្ញុំ​ចង់​និយាយ​ថា​ ក្មេងៗ​ទាំង​នេះ​ ​ពួកគេ​ធ្វើ​ការ​គ្មាន​ពេល​សម្រាក​ឡើយ។​ ដើម្បី​ចាប់ផ្តើម​ក្រុម​ហ៊ុន​មួយ ​យើង​ត្រូវ​លះ​បង់​ច្រើន​ណាស់។​ យើង​ត្រូវ​លះ​បង់​នៅ​ពេល​ដែល​យើង​ចង់​ធ្វើ​អ្វី​ដែល​លំបាក ​យើង​ត្រូវ​ខំប្រឹង​ធ្វើ​ការ​ខ្លាំង​បំផុត​ ដោយ​សារ​តែ​អ្នក​មិន​ដឹង​ថា​ តើវា​នឹង​ទៅជា​យ៉ាង​ណា ​ដោយសារ​តែ​អ្នក​ជុំវិញ​ខ្លួន​យើង​នឹង​ប្រាប់​អ្នក​ថា ​អ្នក​ឆ្កួត​ហើយ ​ហេតុអ្វី​បាន​ជាអ្នក​ធ្វើ​បែប​នេះ? ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រឹង​ប្រែង​ចេញ​ពី​ខ្លួន​ឯង។​

VOA៖ ​នៅពេល​ដែល​ដឹង​ថា​ វា​លំបាក​ហើយ ​តើ​វា​ជំរុញ​លើកទឹក​ចិត្ត​យើង​យ៉ាង​ណា​ដើម្បី​ចាប់​ផ្តើម​ក្រុម​ហ៊ុន​មួយ?​

Cheryl៖ ​សម្រាប់​អ្នក​ដែល​ចង់​ប្រឹងប្រែង​ធ្វើការ​ខ្លាំង ​ហើយ​ហ៊ាន​ប្រថុយ ​លទ្ធ​ផល​ដែល​ទទួល​បាន​គឺ​ជា​ទីពេញ​ចិត្ត​ មិនគួរ​ឲ្យ​ជឿ។ ​ខ្ញុំ​មិន​មែន​និយាយ​ថា​ វា​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ។​ ខ្ញុំ​ជា​ម្ចាស់​ក្រុមហ៊ុន ​ខ្ញុំ​ធ្វើការ​គ្មាន​ពេល​សម្រាក។ ខ្ញុំស្រឡាញ់អ្វី​ដែល​ខ្ញុំ​ធ្វើ។​ ខ្ញុំ​ក៏​បារម្ភ​ថា ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខែ​បុគ្គលិក និង​ថ្លៃ​ជួល​យ៉ាង​ណា។ ​ខ្ញុំ​បារម្ភ​ថា ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ជំនួញ​របស់​ខ្ញុំ​ដើរ។​ ប៉ុន្តែ​ខ្ញុំ​នឹង​មិនចង់​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។ ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ខ្ញុំ​ធ្វើ។​ ខ្ញុំ​ស្រឡាញ់​ការណ៍ដែល​ខ្ញុំ​អាច​បង្ហាញ​រឿង​រ៉ាវ​ទៅ​អ្នក​ដទៃ​បាន។ ​ ខ្ញុំ​ស្រឡាញ់​ការណ៍ដែល​ខ្ញុំ​អាច​សម្រេច​ចិត្ត​ថា​រឿង​អ្វី​ដែល​ខ្ញុំ​នឹង​បង្ហាញ។​

VOA៖​ អីចឹង​ជា​ចុងក្រោយ ​ដោយសារ​តែ​អ្នកស្រី​ជា​ផលិតផលករ​ខ្សែ​ភាពយន្ត​ ហើយ​អ្នកស្រី​ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយដោយ​ខ្លួន​ឯង។​ តើ​អ្នកស្រី​មាន​ដំបូន្មាន​អ្វីសម្រាប់​នាយក​ ឬសហ​គ្រិន​វ័យក្មេង​ដែលមាន​បំណង​ប្រាថ្នា​ចង់​ចាប់​ផ្តើម​ខ្លួន​ក្លាយ​ជា​សហគ្រិន។​ ​

Cheryl៖ ​ដំបូន្មាន​របស់​ខ្ញុំ​សម្រាប់​ផលិតករ​ភាពយន្ត​ និង​សហគ្រិន​នោះ​គឺ​ដូច​គ្នា។​ អ្នក​ត្រូវ​តែស្វែង​រក​បទ​ពិសោធន៍​ដោយធ្វើការ​ជាមួយ​មនុស្ស​ដែល​មាន​ភាព​វ័យ​ឆ្លាត ​និង​មានទេព​កោសល្យ​ខ្លាំង។ ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវធ្វើ ​បើសិន​ជា​គេ​ចង់​ឲ្យ​អ្នក​ទៅ​ទិញ​កាហ្វេ ​អ្នក​ត្រូវ​ទៅ​ទិញ​កាហ្វេ ​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​តែ​បាន​ធ្វើការ​នៅ​ជិត​មនុស្ស​ដែល​វៀងវៃ​ និង​ពូកែ ​ហើយ​រៀន​សូត្រ​ពីពួកគេ​ ដោយសារ​តែ​នោះ​ហើយ​ជា​របៀប​ដែល​អ្នក​រៀន​សូត្រ។​ នោះ​ជា​វិធី​ដែល​អ្នក​បង្កើត​បណ្តាញ​ ហើយ​ស្វែង​រក​អ្នក​ណែនាំ។​ វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​មាន​អ្នក​ណែនាំ​ ដោយសារ​ពួកគេ​នឹង​ជួយ​អ្នក​ណែនាំ​អ្នក ​និង​បើក​ទ្វារ​ឲ្យ​អ្នក។​ ពួក​គេ​ផ្តល់​ការ​ជឿ​ទុក​ចិត្ត​ឲ្យ​អ្នក។ ​បើសិនជា​អ្នក​ធ្វើ​ការ​ឲ្យ​អ្នកណា​ម្នាក់​ហើយ​គេ​ណែនាំ​អ្នក ​ឧទាហរណ៍​ថា​ បើសិនជា​អ្នក​ស្នើ​សុំ​រក​មូលនិធិ ​ម្នាក់​នោះ​អាច​ជា​ប្រធាន​ក្រុម ​ឬក៏​ផលិតករ​របស់​អ្នក ​ហើយ​គេ​នឹង​ប្រាប់​អ្នក​ឯ​ទៀត​ថា​ អ្នក​ជាមនុស្ស​គួរ​ឲ្យ​ទុកចិត្ត​បាន​ ហើយ​មាន​សមត្ថភាព​ដែលគួរ​តែ​ទទួល​បាន​មូលនិធិ​នោះ។ ​ខ្ញុំ​គិត​ថា ​វា​សំខាន់​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍។ ​ខ្ញុំ​គិត​ថា​ អ្នក​អាច​ធ្វើ​រឿង​អស្ចារ្យ​ក្នុង​វ័យ​ក្មេង។ ​ដូច្នេះ​ខ្ញុំ​មិន​មែន​និយាយ​ថា​ អ្នក​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​អ្នក​ណា​ម្នាក់​អស់២០​ឆ្នាំ​នោះ​ទេ។​ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​អ្នក​ត្រូវ​តែ​រក​បទ​ពិសោធន៍​ឲ្យ​ច្រើន​តាម​តែ​អ្នក​អាច​ធ្វើបាន​ ដោយសារ​នេះ​ជា​របៀប​ដែល​អ្នក​រៀន​សូត្រ​ហើយ​បង្កើត​ភាព​ជឿជាក់។​ នៅពេល​ដែល​អ្នក​ត្រូវ​បាន​រុញ​ចេញ​ពី​ទីសុវត្ថិភាព(Comfort Zone) ​កាន់តែ​ខ្លាំង​ ហើយ​ដឹង​ថា​ ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើ​បាន ​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​អ្វី​ខ្លះ ​ដោយសារ​យើង​គ្រប់គ្នា​មាន​ទាំង​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ។​ ហើយ​វា​ពិត​ជា​សំខាន់​ណាស់ក្នុង​ការ​រៀន​សូត្រ​ ដោយ​ធ្វើអ្វី​ទាក់​ទង​នឹង​ចំណុច​ខ្លាំង​របស់​ខ្លួន​យើង។ ​ហើយ​ដើម្បី​ដឹងបាន​ អ្នក​ត្រូវ​នៅ​ជុំវិញ​មនុស្ស​ដែល​ចំណុច​ខ្លាំង​របស់​ពួក​គេ​ជា​ចំណុច​ខ្សោយ​របស់​អ្នក៕

XS
SM
MD
LG