ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្នុង​ប្រទេស​ស្រីលង្កា​​បញ្ជា​ឱ្យ​ធ្វើ​ការវាយ​បង្រ្កាបលើ​ក្រុម​អ្នក​​ប្រឆាំង​តវ៉ា​ដើម្បី​រារាំង​កុបកម្ម


កងកម្លាំង​យោធា​ឈរ​យាម​ល្បាត​នៅ​ខាង​ក្រៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​នៅ​ក្នុង​ទីក្រុ​ងកូឡុំប៊ី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២។ (Photo by Ishara S. KODIKARA / AFP)

ក្រុម​ប៉ូលិស​ក្នុង​ប្រទេស​ស្រីលង្កា​ត្រូវ​បាន​បញ្ជាឲ្យ​បើក​ការវាយប្រហារនិង​បាញ់​គ្រាប់​ពិតៗ ដើម្បី​បញ្ឈប់​ការ​ធ្វើកុប្បកម្ម​ប្រឆាំងតវ៉ា បន្ទាប់ពី​ការដុត​បំផ្លាញរបស់​ក្រុមអ្នក​ប្រឆាំង​តវ៉ានៅ​ទីកន្លែង​មួយ​ចំនួន​ក្នុង​យប់​ទី២​មក។ នេះ​បើតាមមន្ត្រីជាន់ខ្ពស់​ស្រីលង្កា​មួយ​រូប​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFPនៅ​ថ្ងៃពុធ​នេះ។

ប៉ូលិស​ស្រីលង្កា​និយាយ​ថា មនុស្សចំនួន៨នាក់​បាន​ស្លាប់ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​មក ខណៈ​ដែលក្រុម​អ្នក​ប្រឆាំង​តវ៉ា​មាន​ការខឹង​សម្បាវិបត្តិ​សេដ្ឋកិច្ចដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។ ការប្រឆាំង​តវ៉ា​បាន​ក្លាយ​ទៅជា​អំពើ​ហិង្សារវាង​ក្រុម​អ្នក​ប្រឆាំង​និង​គាំទ្រ​លោក​ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa។

បើ​ទោះ​បី​ជា​មានបម្រាម​គោចរ​នៅ​ពេលរាត្រី​ក៏ដោយ ហើយ​កងកម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់ ត្រូវ​បាន​បញ្ជាឲ្យ​បាញ់នៅ​កន្លែង​កើត​ហេតុ​ដើម្បី​រារាំងមិន​ឱ្យ​មាន​ភាព​ជ្រួលច្របល់​កាន់​តែ​ខ្លាំងទៀត​ក៏ដោយ ក៏​ទីតាំង​សណ្ឋាគារ​ទំនើប​មួយ​កន្លែង​ដែលជាកម្មសិទ្ធិ​របស់​សាច់ញាតិរបស់​ប្រធានាធិបតី​ស្រីលង្កា​ត្រូវ​បាន​ក្រុមអ្នក​ប្រឆាំង​តវ៉ា​ ដុតកាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ម្សិលមិញ។

មន្ត្រី​កង​កម្លាំង​សន្តិសុខ​ជាន់​ខ្ពស់​ស្រីលង្កា​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា «វា​លែងជា​ការខឹង​សម្បា​ដែលកើត​ចេញ​ពីចិត្ត​របស់​គេ​ទៀត​ហើយ​ ប៉ុន្តែវា​បាន​ក្លាយ​ជា​ហិង្សា​ដែលមាន​ការ​រៀបចំ​ចាត់​ចែង​ឡើង។ ប្រសិន​បើ​យើង​មិនគ្រប់គ្រង​ស្ថានការណ៍​នោះទេ វា​នឹង​ក្លាយ​ជា​អំពើ​អនាធិបតេយ្យ​ទាំង​ស្រុង»។

មន្ត្រី​សន្តិសុខជាន់ខ្ពស់រូប​នេះបន្ត​ទៀត​ថា ក្រុមប៉ូលិស៨ម៉ឺន៥ពាន់​នាក់​ត្រូវ​បានគេ​បញ្ជា​ឱ្យ​ស្ថិត​នៅក្នុងស្ថានភាពប្រុងប្រៀប​ដើម្បី​វាយប្រហារ​និងប្រើ​គ្រាប់ពិតបាញ់ទៅ​លើក្រុម​ដែល​បង្ក​ចលាចល​នោះ។

បម្រាម​គោចរ​ក្នុង​ពេល​រាត្រី​ដែល​ត្រូវ​បាន​ដាក់​ភ្លាមៗបន្ទាប់​ពី​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃចន្ទ​ ហើយ​ត្រូវ​មាន​គម្រោង​នឹង​ដក​ចេញ​វិញ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ត្រូវ​បាន​ពន្យារពេលបន្ថែម២៤ ម៉ោង​ទៀត​ដោយសារ​តែ​មាន​អំពើ​ហិង្សា​នៅ​បន្ត​កើត​មាន​ឡើង។

ក្រុម​ប៉ូលិសក៏​បាន​បង្កើន​សន្តិសុខ​ការពារផង​ដែរ​ដល់​ចៅ​ក្រម​ស្រីលង្កា​មួយ​ចំនួន​ដែល​ជាគោល​ដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុមអ្នក​តវ៉ា​ទាំង​នោះ។

ភាព​ជ្រួលច្របល់​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​យប់​ថ្ងៃចន្ទ​ ខណៈ ពេលដែល​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាលដែល​មាន​ដំបង​ក្នុង​ដៃ​បាន​វាយប្រហារ​លើ​ក្រុម​បាតុករនៅ​ក្នុង​រដ្ឋធានី​កូឡំបូ​ដែល​កំពុងធ្វើ​បាតុកម្ម​តវ៉ា​ដោយ​អហិង្សាអស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចនិង​ទាមទារ​ឱ្យ​ប្រធានាធិបតីស្រី​លង្កាលោក Rajapaksa ចុះ​ចេញ​ពី​តំណែង។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោកNed Priceបាន​ប្រាប់ក្រុម​អ្នក​សារព័ត៌ មាន​ថា «យើងបាន​និយាយ​ថា ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​មិន​ត្រូវក្លាយ​ជា​កម្មវត្ថុ​នៃ​អំពើ​ហិង្សា​ឬ​ការបំភិត​បំភ័យ​ពី​ក្រុម​កម្លាំង​យោធា​ឬ​អង្គភាព​ស៊ីវិល​នោះ​ឡើយ»៕

XS
SM
MD
LG