ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​​ស្រីលង្កា​​ចង់ចែករំលែក​អំណាច ខណៈ​ការ​ប្រឆាំង​តវ៉ា​កើនឡើង


ពលរដ្ឋ​មួយ​ក្រុម​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​អំឡុង​បម្រាម​គោចរ​​ ក្នុង​រដ្ឋធានី​កូឡុំបូ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២។

ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា​ សុខចិត្ត​ចែករំលែក​អំណាច​ជាមួយនិង​បក្ស​ប្រឆាំង​នៅ​ថ្ងៃចន្ទ​នេះ ខណៈ​មាន​ការ​កើន​ឡើង​នូវ​បាតុកម្ម​តវ៉ានៅ​ជុំវិញ​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង ដោយ​សារតែ​បញ្ហា​នៃការខ្វះខាត​ស្បៀងអាហារ​ ប្រេងសាំង និង​ថ្នាំពេទ្យ ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។​ ​

ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី Gotabaya Rajapaksa ទៅកាន់​សមាជិកសភា បាន​ធ្វើ​ឡើង​ខណៈ​ដែល​កងកម្លាំង​សន្តិសុខ ​បាន​ព្យាយាម​បង្ក្រាប​បាតុកម្ម​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់ថា​ជា​កង្វះនូវ​សេចក្តី​ត្រូវការ​ទំនិញ​ចាំបាច់​ផ្សេងៗ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំងពី​ប្រទេសនេះ​បាន​ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៤៨​ មក។

សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ការិយាល័យ​ប្រធានាធិបតី​បញ្ញាក់​ថា៖ «លោក​ប្រធានាធិបតី​អញ្ជើញ​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​រដ្ឋសភា​ឲ្យ​ទទួល​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី ហើយ​ចូលរួម​ក្នុងកិច្ច​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ​របស់​ប្រទេសជាតិ‍។»

សេចក្តីថ្លែង​ការណ៍​នេះ​សង្កត់​ថា ដំណោះស្រាយ​ចំពោះ​វិបត្តិ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នេះ គួរ​តែត្រូវ​ស្វែងរក «ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ‍» ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​នាំគ្នាចូលរួម​ក្នុង​ការធ្វើ​បាតុកម្ម​នៅ​តាមបណ្តាទីក្រុង​និងភូមិ​ស្រុក​នានា។

ការ​អញ្ជើញនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​គណៈរដ្ឋមន្ត្រី​២៦នាក់ លើកលែង ​តែ​លោក​ប្រធានាធិបតី Rajapaksa និង​បងប្រុស​របស់​លោក​គឺ​នាយករដ្ឋមន្ត្រី Mahinda Rajapaksa បាន​ដាក់​ពាក្យ​លាលែង​ពីតំណែង នៅ​ក្នុង​កិច្ចប្រជុំមួយ​កាលពីយប់​ថ្ងៃអាទិត្យ។ នាយក​ធនាគារ​កណ្តាល​របស់​ប្រទេស​ស្រីលង្កា​លោក​ Ajith Cabraal ​ក៏​បាន​ដាក់​ពាក្យ​លាឈប់​ពីតំណែង​ដែរ​នៅ​ថ្ងៃចន្ទ​នេះ។​

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ដែល​មាន​សំឡេង​លាន់​រំពង​តែ​ដោយ​សន្តិវិធី​ នៅទូទាំង​ប្រទេស​កោះ​ដែលមាន​ពលរដ្ឋ​២២​លាននាក់ ដើម្បី​ស្តីបន្ទោស​លើវិធី​ដោះស្រាយ​វិបត្តិ​របស់​លោក Rajapaksa។

ពួក​សកម្មជន​បាន​និយាយ​ថា​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ធំជាងនេះ នៅ​តាម​ទីក្រុង​សំខាន់ៗ​មួយចំនួន​នៅ​ថ្ងៃចន្ទ ដើម្បី​បង្ខំ​ឲ្យ​លោក Rajapaksa និង​ក្រុម​គ្រួសារ​លោក ដែល​ពីមុន​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នេះ ឲ្យ​ចុះចេញ​ពីតំណែង៕

XS
SM
MD
LG