ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រីលង្កា បដិសេធ​ថវិកា​សង្គ្រោះ​របស់​អង្គការ IMF និង​ងាក​ទៅ​ស្វែងរក​កម្ចី​ជាថ្មី​ពី​ចិន


រូបឯកសារ៖ ប្រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស​ស្រីលង្កា​លោក Ajith Nivard Cabraal ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច Thomson Reuters នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។

ប្រទេស​ស្រីលង្កា ​បាន​បដិសេធ​មិន​ទទួល​យក​ថវិកា​សង្គ្រោះ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​បាន​បញ្ជាក់​ថា ខ្លួន​មាន​បំណង​ស្វែងរក​កម្ចី​ថ្មី​មួយ​ទៀត​ពី​ប្រទេស​ចិន ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ផ្អែក​លើ​ទេសចរណ៍​របស់​ខ្លួន ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ​នានា​បាន​ព្រមាន​ថា ប្រទេស​ស្រីលង្កា​ អាច​នឹង​មិន​មាន​លទ្ធភាព​សង​បំណុល​បរទេស​ដែល​មាន​តម្លៃ​ប្រមាណ ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក ស្របពេល​ដែល​ប្រទេស​នេះ ​ប្រឹងប្រែង​ទប់ទល់​នឹង​ស្ថានការណ៍​លំបាក​នៃ​ថវិកា​បម្រុងទុក​របស់​ខ្លួន និង​ទំហំ​ដ៏​ធំ​នៃ​ឱនភាព​ថវិកា។

ប៉ុន្តែ​ប្រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស​ស្រីលង្កា​លោក Ajith Nivard Cabraal បាន​ច្រានចោល​ការ​អំពាវនាវ​របស់​សេដ្ឋវិទូ​ក្នុង​ប្រទេស ​និង​អន្តរជាតិ​ដែល​ចង់​ឲ្យ​ស្រីលង្កា​ស្វែងរក​ថវិកា​សង្គ្រោះ​របស់អង្គការ IMF និង​ស្វែងរក​ការ​កែប្រែ​លក្ខខណ្ឌ​បំណុល​ឡើងវិញ។

លោក Cabraal បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​រដ្ឋធានី​កូឡំុបូ ប្រទេស​ស្រីលង្កា​ថា៖ «អង្គការ IMF មិនមែន​ជា​ដំបង​ទិព្វ​នោះទេ។ នៅ​ក្នុង​ស្ថានភាព​បែបនេះ ជម្រើស​ផ្សេង​ពី​នេះ​ គឺ​ប្រសើរ​ជាង​ការ​ពឹងពាក់​លើ​អង្គការ IMF»។

លោក​បាន​បន្ថែម​ថា ការ​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​អំពី​កម្ចី​ថ្មី​ កំពុង​ស្ថិត​ក្នុង «ដំណាក់កាល​ចុងក្រោយ» ហើយ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ ​អាច​នឹង​ធ្វើឡើង​ដើម្បី​ផ្ទេរ​បំណុល​បច្ចុប្បន្ន​របស់​ស្រីលង្កា​ទៅឲ្យ​ចិន​ជា​អ្នក​គ្រប់គ្រង​វិញ។

លោក​លើកឡើង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​ នឹង​ជួយ​យើង​ក្នុង​ការ​សង​បំណុល។ ...ហើយ​កម្ចី​ថ្មី​របស់​ចិន​ នឹង​ជួយ​សម្រាល​ដល់​ការ​សង​បំណុល​របស់​យើង​ដែល​កំពុង​ជំពាក់​ចិន»។

ការ​លើកឡើង​របស់​លោក Cabraal នេះ​ បាន​ធ្វើឡើង ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស្រីលង្កា​លោក Gotabaya Rajapaksa អំពី​ការ​កែប្រែ​លក្ខខណ្ឌ​សង​បំណុល​ដល់​ចិន។

ប្រទេស​ចិន​ ​គឺជា​ម្ចាស់​បំណុល​ទ្វេភាគី​ដ៏​ធំ​បំផុត​របស់​ប្រទេស​ស្រីលង្កា។ បំណុល​បរទេស​របស់​ប្រទេស​ស្រីលង្កា​យ៉ាង​តិច ១០% មាន​ប្រទេស​ចិន​ជា​ម្ចាស់​បំណុល៕

XS
SM
MD
LG