ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​ កំពង់​ផែ​ពាណិជ្ជកម្ម​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​មិន​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ទេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅ​មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (Reuters)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះ​ថា​ កំពង់ផែ​ទឹកជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​មិន​អាច​ប្រែ​ក្លាយ​ទៅ​ជា​ការ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស​ចិន​ទេ​ ព្រោះ​ការ​អភិវឌ្ឍ​បន្ថែម​លើ​កំពង់​ផែ​នោះ​បាន​ទទួលប្រាក់​កម្ចី​ និង​ការ​ជួយ​ជ្រោម​ជ្រែង​ផ្សេង​ទៀត​ពី​ប្រទេស​ជប៉ុន។​

ការ​អត្ថាធិប្បាយ​របស់​មេ​ដឹកនាំ​កម្ពុជា​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​កាលពី​ថ្ងៃ​អង្គារ​មិ្សលមិញ​ ក្នុង​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និង​វត្តមាន​ឯកអគ្គ​រាជទូត​ជប៉ុន​គឺលោក​ មីកាមិ​ ម៉ាសាហ៊ីរុ​ (Mikami Masahiro)​ផង​ដែរ។ ​

លោក​ហ៊ុន សែន​ បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ក្រុម​អ្នក​វិភាគ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថា​ បាន​និយាយ​ប្រតិដ្ឋ​បំប៉ោង​សភាព​ការណ៍​ថា ​ការ​អភិវឌ្ឍ​នានា​នៅ​កំពង់​ផែ​ទឹកជ្រៅ​ខេត្ត​ព្រះ​សីហនុ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​ចិន​ ​ ដូចអ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ស្រីលង្កា។

លោក​ហ៊ុន សែន​ថ្លែង​ថា៖​ «អញ្ចឹង​ទេ​ ខ្ញុំ​មិន​គិត​ថា​ អ្នក​ដែល​បាន​និយាយ​ថា​ អន្ទាក់​បំណុល​របស់​ចិន​លើ​បញ្ហា​កំពង់​ផែ​ព្រះសីហនុ ​ដូចដែល​គេ​និយាយ​ប្រៀប​ធៀប​ទៅ​នឹង​អន្ទាក់​បំណុល​របស់​ចិន​នៅ​ស្រីលង្កា​ វា​មិន​មែន​ជា​ការណ៍​ពិត​ ព្រោះកំពង់​ផែ​ទឹកជ្រៅ​ដែល​កំពុង​ធ្វើ​ពាណិជ្ជ​កម្ម​សព្វថ្ងៃ​នេះ​គឺ​ត្រូវ​រ៉ាប់​រង​ទទួល​ឲ្យ​ប្រាក់​កម្ចី​ និង​ជំនួយ​ពី​ប្រទេស​ជប៉ុន​ឯណេះ​វិញ​ទេ។​អ៊ីចឹង​ទេ​ សូម​ពួក​អ្នក​វិភាគ​មួយ​ចំនួន​ដែល​មិន​យល់​ដឹង​អំពី​ការណ៍ពិត​ ឈប់​និយាយ​បំភាន់​សភាព​ការណ៍​ទៅ ព្រោះ​កំពង់​ផែ​សព្វថ្ងៃ​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដឹក​ទំនិញ​ចេញ​ចូល​នេះ​ គឺ​កំពុង​តែ​មាន​ការ​រួម​ចំណែក​ ការ​កសាង​អ្វីៗ​គឺ​តាម​រយៈ​ជប៉ុន​ ហើយ​ជប៉ុន​ក៏​មាន​ទិញ​ភាគហ៊ុន​ ភាគហ៊ុន​មួយ​ចំនួន​នៅក្នុង​ហ្នឹង​ផង​ដែរ»។​

មេ​ដឹកនាំ​កម្ពុជា ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​នេះ​ ក៏​បាន​និយាយ​ដែរ​ថា​ ក្រុម​អ្នក​វិភាគ​ទាំង​នោះ​ហួស​ពី​តិរច្ឆាន​ ដែល​មិន​ស្គាល់​ពី​ប្រទេស​របស់​ផង​ខ្លួន។​ក្នុង​ពិធី​បើក​ការដ្ឋាន​នោះ​ លោក​ហ៊ុន សែន​ ក៏​បាន​កោត​សរសើរ​រដ្ឋាភិបាល​ក្រុង​តូក្យូ​ដែល​បាន​បន្ត​រួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ដំណាល​គ្នា​នឹង​ដៃ​គូ​អភវិឌ្ឍន៍ ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ផ្សេង​ទៀត៕

XS
SM
MD
LG