ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ខ្វែង​គំនិត​គ្នាក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ​នៅ​ហុងកុងជុំវិញ​ការ​ធ្វើ​ពហិការ​ក្នុង​ការ​បន្ត​អាណត្តិ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ


រូប​ឯកសារ៖ លោក Alan Leong ចែក​ខិត្តប័ណ្ណ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១០។

ក្រុម​អ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យរបស់​ក្រុង​ហុង​កុង​ ​កំពុង​ជជែក​ដេញដោល​ថា​តើ​ពួកគេ​គួរ​តែ​ទទួល​យក​សំណើ​របស់​រដ្ឋាភិបាល​ដើម្បី​បន្ត​អាណត្តិ​របស់​ខ្លួន​រយៈពេល​១ឆ្នាំទៀត​ដែរ​ឬទេ​ បន្ទាប់​ពី​មាន​ការ​ប្រកាស​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នៅ​ពេល​ខាង​មុខ​នឹង​ត្រូវ​ពន្យារពេល​ដោយសារ​ក្តីបារម្ភ​ពី​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩នោះ។

ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​របស់​ចិន​គឺ​គណៈកម្មាការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​បាន​គាំទ្រ​សេចក្តី សម្រេច​មួយ​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ក្នុង​ការ​ពន្យារពេលការបោះឆ្នោត ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៦ ខែកញ្ញាខាង​មុខ​នេះ​។ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ផ្តល់​សំណើ​ដល់​អ្នក​តាក់តែង​ច្បាប់ដែលគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​ពន្យារពេល​អាណត្តិ​របស់​ខ្លួន​រហូត​ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១​ វិញ។

មក​ទល់​ពេល​នេះ អ្នក​តាក់តែង​ច្បាប់​ដែល​និយម​កណ្តាល ​ហាក់​ដូច​ជា​ចង់​ទទួល​យក​ការស្នើ​ឲ្យពន្យារពេល​នេះ ប៉ុន្តែ​អ្នក​តាក់តែង​ច្បាប់​វ័យ​ក្មេង​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​ពហិការ​រួម​គ្នា​មួយទាក់​ទង​នឹង​រឿង​នេះ​។

ឥទ្ធិពល​នយោបាយ

លោក Alan Leong ដែល​ជា​មេធាវី​ជើង​ចាស់​មួយ​រូប និង​ជា​ប្រធាន​គណបក្ស​ពលរដ្ឋ ឬ Civic Party បាន​និយាយ​ថា លោក​មិន​គាំទ្រ​ការ​ធ្វើ​ពហិការ​រួម​គ្នា​នោះ​ទេ។ លោក​បាន​អះអាង​ថា ការ​ធ្វើ​បែប​នេះ​មាន​ន័យ​ថា កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មិន​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​សៃវៀន​នយោបាយ​ហុងកុង​នោះ​ទេ។​

លោក Alan Leong បាន​បន្ថែមក្នុង​សម្តី​ដើម​ថា «ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​ចាកចេញ​ពី​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ តើ​យើង​នឹង​បញ្ចេញ​សំឡេង​របស់​យើង​តាម​វិធី​ណា? ប្រសិន​បើ​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ចង់​សម្ភាសន៍​អ្នក សម្បី​តែ​ងារ​ក្នុង ​[ក្នុង​ជួរ​រដ្ឋាភិបាល] ក៏អ្នក​មិនមាន​ផងនោះ»។

បុគ្គលល្បីល្បាញ​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម​អ្នក​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ ​គឺ​លោក Albert Ho​ ដែល​ជា​អតីត​ប្រធាន​សម្ព័ន្ធ​ហុងកុង គាំទ្រ​ជំហរ​របស់​លោក Leong។ លោក​បាន​និយាយ​ថា ការ​ធ្វើ​ពហិការ​ទាំង​ស្រុង​នឹង​សម្រេច​គោលដៅ​ក្នុង​ការ​ដាក់សម្ពាធ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ប្រមូលផ្តុំ​ការ​គាំទ្រ​ពី​អន្តរជាតិ​សម្រាប់​ក្រុង​ហុងកុងបាន​តិចតួចតែ​ប៉ុណ្ណោះ។

លោក Albert Ho បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​គិត​ថា​ការ​រក្សា​កៅអី​របស់​អ្នក​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ដែល​គួរ​ធ្វើ ហើយ​វា​ក៏​ផ្តល់​សារ​ថា អ្នក​តាក់តែង​ច្បាប់ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ នឹង​មិន​រត់​គេច​ ឬ​ដកថយ​នោះ​ទេ បើ​ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ»។

លោក Jimmy Lai ​ជា​អ្នក​ជំនួញមួយ​រូបដែល​ចូល​ចិត្តនិយាយមិន​សំចៃមាត់​លើក​ឡើងថា លោក​ក៏​គាំទ្រ​ជំហរ​ខាង​លើ​នេះ​ដែរ។ លោក Lai ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​ដោយសារ​តែ​ការ​ចោទប្រកាន់​ថា បាន​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុងហុងកុងនោះ ​បាន​និយាយ​ថា មាន​តែ​ការ​ធ្វើ​បែប​នេះ​ទេ​ ទើប​ក្រុម​ប្រឆាំងអាច​បញ្ឈប់មិន​ឱ្យ​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​សាងសង់​ដូចជា គម្រោង​ទស្សនៈ​អនាគត Lantau ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រូងចម្រាស និង​ត្រូវ​ចំណាយ​ទឹកប្រាក់​ដ៏ច្រើន​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ មាន​ចំនួន​យ៉ាងហោច​ណាស់​ ក៏ប្រមាណ​៨០ពាន់​លាន​ដុល្លារ​អាមេរិកផង​ដែរ។

កាសែត​ដ៏​ល្បីឈ្មោះរបស់​លោក Lai គឺ​កាសែត Apple Daily បាន​ចេញផ្សាយព័ត៌មាន​ទំព័រ ​មុខ ​កាល ពី​ថ្ងៃ​ទី​១៩ ខែសីហា ដោយ​ជំរុញ​ឱ្យ​អ្នក​តាក់តែង​ច្បាប់ដែលគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​បន្ត​អាណត្តិ​របស់​ពួកគេ។

សកម្មជនវ័យក្មេងជំនាន់​ក្រោយ

នៅ​ពេល​ជាមួយ​គ្នា​នេះ សកម្មជន​វ័យ​ក្មេង​នៅ​ក្នុង​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​អំពាវនាវ​ឱ្យ​សហការី​របស់​ពួកគេ​បោះបង់​ចោល​តំណែង​នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ ដើម្បី​ធ្វើ​ការ​តវ៉ា​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ពន្យារពេលការបោះឆ្នោតដើម្បី​បន្ត​អាណត្តិ​របស់​សមាជិក​ទាំង​អស់។

លោក Eddie Chu ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​បាន​និយាយ​ថា ប្រសិន​បើ​ក្រុម​ប្រឆាំង​ទទួល​យក​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច​អាច​នឹង​លើក​ឡើង​នូវ​ហេតុផល​ផ្សេងៗ​ទៀត ​ដើម្បី​ពន្យារពេលការបោះឆ្នោត​ក្រុមប្រឹក្សា​បាន​រហូត។

លោក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ធ្វើ​ពហិការ​រួម​គ្នា​មួយ ​អាច​នឹង​ផ្តល់​សារ​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា «បញ្ហា​នៅ​ក្នុង​ក្រុង​ហុងកុង​នៅ​តែ​មានដដែល​» ហើយដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុង​ហុងកុង​អាច​បន្ត​ការ​បោះឆ្នោត​របស់​ខ្លួន។

អ្នក​វិភាគ​និយាយ​ថា សកម្មជន​វ័យ​ក្មេង​ជាច្រើន​ជា​ទូទៅ​ មិន​ពេញ​ចិត្តនឹង​សកម្មភាពរបស់​ក្រុម​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ក្រុមប្រឹក្សា ហើយបានចោទប្រកាន់​ពួក​គេ​ថា មិន​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ចលនា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ហុងកុង​នោះ​ទេ។

ការ​ចាប់​យក​ភាព​ទន់ខ្សោយ

លោក Benny Tai ដែល​ជា​បញ្ញវន្ត​ច្បាប់ និង​សកម្មជន​ប្រជាធិបតេយ្យ​មួយ​រូប​បាន​បង្ហោះ​វីដេអូ​នៅ​យប់​ថ្ងៃទី២០ ខែសីហា​នៅ​លើ​ប្រព័ន្ធ​យូធូប ដោយ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​រួបរួម​គ្នា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

នៅ​ក្នុង​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា «អាកប្បកិរិយា​ដែល​មិន​អាច​បំបែក​បាន ឬ undivided attitude» លោក Benny Tai បាន​និយាយ​ថា វប្បធម៌​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ហុងកុង​មិន​ទាន់​មាន​ភាព​ចាស់ទុំ​នោះ​ទេ ហើយ​គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ចាប់​យក​ចំណុច​ខ្សោយ​នេះ​ ដើម្បី​បង្កើត​ជម្លោះ​នៅ​ក្នុង​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ភាគី​ទាំង​អស់​ត្រូវ​ប្រកាន់​យក​អាកប្បកិរិយា​ប្រកប​ដោយ​ការ​គិត​ពិចារណា ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក និង​អនុវត្ត​ការ​ឆ្លុះ​បញ្ចាំង​លើ​ខ្លួន​ឯង។ យើង​គួរ​ជៀសវាង​ការ​យល់​ច្រឡំ​ចំពោះ​គ្នា ការ​ទំនាក់ទំនង​ខុស និង​ជម្លោះ​ក្នុង​ក្រុម​របស់​យើង»។

លោក​បាន​និយាយ​ថា គោលដៅ​ធំ​បំផុត​របស់​ក្រុម​ទាំង​ពីរ​ គឺ​ក្រុមប្រជាធិបតេយ្យនិយម​កណ្តាល និង​ក្រុមប្រជា​ធិបតេយ្យ​និយម​កំណែទម្រង់គឺ​ដូច​គ្នា។ នោះ​គឺ​ការ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យដ៏​ពិត​ប្រាកដ​មួយ​មក​ឱ្យ​ក្រុង​ហុងកុង៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG