កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅនេះ អ្នកយកព័ត៌មាននានាប្រចាំសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានដឹងថា ពេលនោះជាពេលវេលាចុងក្រោយដែលពួកគេឃើញលោក Sean Spicer ធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃដោយមានការថតជាវីដេអូនោះទេ។
លោក Spicer តំណាងឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដែលមានតួនាទីសំខាន់ទីពីរបន្ទាប់ពីប្រធានរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីដំបូងមក លោក Spicer បានកាន់តំណែងដ៏លំបាកមួយក្នុងនាមជាអ្នកនាំពាក្យរបស់លោកប្រធានាធិបតី Donald Trump។
លោក Sean Spicer អតីតប្រធានផ្នែកព័ត៌មានប្រចាំសេតវិមាន កាលពីធ្វើសន្និសីទព័ត៌មានដំបូងបំផុតនៅថ្ងៃទី ២១ ខែមករា កន្លងទៅនេះ បាននិយាយថា៖ «នេះជាចំនួនទស្សនិកជនដ៏ច្រើនបំផុតមិនដែលមានពីមុនមក ដែលចូលរួមមើលការស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំងអ្នកដែលមកចូលរួមផ្ទាល់ និងអ្នកដែលចូលរួមមិនផ្ទាល់នៅទូទាំងពិភពលោក»។
លោក Spicer បានចាកចេញទៅដោយមិនរង់ចាំឆ្លើយសំណួរណាមួយរបស់អ្នកសារព័ត៌មាននោះទេ ហើយឥរិយាបថបែបចូលចិត្តការប្រកែកតវ៉ារបស់លោកជាមួយនឹងអ្នកសារព័ត៌មានដែលគេឃើញតាមកញ្ចក់ទូរទស្សន៍នេះ ត្រូវបានគេធ្វើត្រាប់តាមបែបកំប្លែងលេងសើចក្នុងន័យរិះគន់នៅតាមកម្មវិធីទូរទស្សន៍នានា។
លោក Spicer ត្រូវបានគេគិតថាស្ថិតក្នុងស្ថានភាពស្រពិចស្រពិល បន្ទាប់ពីលោកបានធ្វើកំហុសខុសឆ្គងជាច្រើនដូចជាកំហុសដែលលោកបាននិយាយដូចខាងក្រោមជាដើម។
«យើងមិនបានប្រើអាវុធគីមីនៅក្នុងសង្គ្រាមលោកលើកទីពីរនោះទេ។ មានមនុស្សដែលគួរឲ្យស្អប់ដូចជាលោក Hitler ជាដើម ដែលលោកក៏នៅតែមិនប្រើអាវុធគីមីដែរ»។
អ្នកដែលត្រូវបានតែងតាំងជំនួសតំណែងលោក Sean Spicer ជាប្រធានផ្នែកព័ត៌មានរបស់សេតវិមាន គឺអនុប្រធានផ្នែកព័ត៌មានអ្នកស្រី Sarah Huckabee Sanders។ ប្រធានថ្មីរបស់អ្នកស្រី គឺហិរញ្ញធិការីលោក Anthony Scaramucci ដែលជាអ្នកមិនដែលមានបទពិសោធន៍ផ្នែកទំនាក់ទំនង ឬក៏ផ្នែករដ្ឋាភិបាលពីមុនមកទេ។ លោក Spicer ត្រូវបានគេរាយការណ៍ថា បានជំទាស់ចំពោះការតែងតាំងលោក Anthony Scaramucci នេះ។
លោក Trump ចង់តែងតាំងអ្នកណាដែលជាអ្នកគាំទ្រដំបូងៗនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ លោក Anthony Scaramucci ដែលជាប្រធានថ្មីផ្នែកទំនាក់ទំនងរូបនេះ ពីមុនធ្លាប់បានគាំទ្រសមាជិកគណបក្សសាធារណរដ្ឋដទៃទៀត និងធ្លាប់បានហៅលោក Trump ថាជាអ្នក «ប្រឆាំងនឹងអាមេរិក» និងជា «អ្នកនយោបាយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន»។
លោក Anthony Scaramucci បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនគួរនិយាយដូច្នោះអំពីលោក Trump នោះទេ។ លោកប្រធានាធិបតី Trump! ប្រសិនបើអ្នកកំពុងតែស្ដាប់ ខ្ញុំសូមអភ័យទោសលើកទី ៥០ ចំពោះការណ៍ដែលខ្ញុំបាននិយាយដូច្នោះ»។
ការផ្លាស់ប្ដូរបុគ្គលិកនេះបានធ្វើឡើង ពេលដែលសេតវិមានប្រឹងប្រែងបង្កើនអាទិភាពគោលនយោបាយរបស់ខ្លួន ស្របពេលដែលមានការលេចឡើងជាបន្តបន្ទាប់នូវទំនាក់ទំនងរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី៕
ប្រែសម្រួលដោយ ភី សុភាដា