ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​សង្ខេប​នៃ​សេតវិមាន ផ្ដោត​ខ្លាំង​លើ​លោក Kushner និង​លោកស្រី Merkel


លោក Sean Spicer ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​សេតវិមាន ទទួល​សំណួរ​មួយ​ ក្នុង​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង ទំនាក់ទំនង​ប្រទាំង​ប្រទើស​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា និង​សេតវិមាន ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​យ៉ាង​ពេញ​ទំហឹង។ លោក Sean Spicer ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​សេតវិមាន ដែល​មាន​លក្ខណៈ​ក្រេវក្រោធ បាន​ចំណាយ​ពេល​តិច​បំផុត​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​បង្អស់​របស់​លោក នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​លោក Trump បន្ទាប់ពី​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​អំពី​ទង្វើ​ដែល​ពួកគេ​ធ្វើ​មក​លើ​ប្រធានាធិបតី Trump មក។ រឿង​នេះ​បាន​កើត​ឡើង ពេល​ដែល​សេចក្ដី​រាយការណ៍​នានា បាន​ផ្សព្វផ្សាយ​អំពី​ការ​រង្គោះរង្គើ នៅ​ក្នុង​ចំណោម​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​នៃ​សេតវិមាន។

នៅ​ក្នុង​រយៈពេល​ភ្លាមៗ​បន្ទាប់ពី​សេតវិមាន​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​លោក​ប្រធានាធិបតី Donald Trump ថា​ជា​ជោគជ័យ​មក គេ​នឹក​ឃើញ​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​លោក Donald Trump នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

សេតវិមាន​បាន​ការពារ​ការ​ចោទ​សួរ​ណា ដែល​ពាក់ព័ន្ធ​នឹង​លោក Jared Kushner ដែល​ត្រូវ​ជា​កូន​ប្រសា និង​ជា​ទី​ប្រឹក្សា​របស់​លោក Trump។ លោក Kushner ត្រូវ​គេ​រាយការណ៍​ថា បាន​ពិភាក្សា​អំពី​ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សម្ងាត់​មួយ ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី មុន​ពេល​លោក Trump ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។

លោក Sean Spicer ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​សេតវិមាន បាន​បដិសេធ​មិន​ធ្វើ​ការ​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​របស់​សេចក្ដី​រាយការណ៍​ទាំង​នោះ ប៉ុន្តែ បាន​ស្នើ​ថា សេចក្ដី​រាយការណ៍​ទាំង​នោះ​ជា​សេចក្ដី​រាយការណ៍ ដែល​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ។

លោក Sean Spicer បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «អ្វី​ដែល​សំណួរ​របស់​អ្នក​សារព័ត៌មាន​ចង់​ផ្ដោត​នោះ គឺ​អំពី​ការ​ពិត​ជា​ច្រើន ដែល​មិន​មាន​ការ​គាំទ្រ​ពី​ប្រភព​ណា​ទាំង​អស់ ប៉ុន្តែ​គ្រាន់តែ​ជា​រឿងរ៉ាវ​ដែល​ផ្អែក​លើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន ដែល​បាន​លេច​ធ្លាយ​កន្លង​មក​តែ​ប៉ុណ្ណោះ»។

រឿងរ៉ាវ​របស់​លោក Kushner បាន​បែក​ធ្លាយ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក Trump ដែល​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Trump បាន​ទូន្មាន​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ថា បណ្ដា​ប្រទេស​ទាំង​នោះ​មិន​បាន​ចំណាយ​ថវិកា​គ្រប់គ្រាន់​លើ​ផ្នែក​ការពារ។

មេដឹកនាំ​ជា​ច្រើន​នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​លើក​ឡើង​របស់​លោក Trump។ ក្នុង​ចំណោម​មេដឹកនាំ​ទាំង​នោះ លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​និយាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា៖ «ពេលវេលា​ដែល​យើង​អាច​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​អ្នក​ដទៃ គឺ​ហួស​ពេល​ខ្លះ​ហើយ»។

អ្នក​ខ្លះ​យល់​ថា ការ​លើក​ឡើង​របស់​លោកស្រី Merkel ដូច​នេះ គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់​ឈប់​ទុក​ចិត្ត​សហរដ្ឋ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​ត​ទៅ​ទៀត​ហើយ។ ប៉ុន្តែ សេតវិមាន​បាន​បកស្រាយ​ការ​លើក​ឡើង​របស់​លោកស្រី Merkel ថា​ជា​ជោគជ័យ​ទៅ​វិញ ដោយ​លោក Sean Spicer បាន​បញ្ជាក់​ថា៖ «នេះ​គឺ​ប្រសើរ​ណាស់។ នេះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី Trump អំពាវនាវ​ចង់​បាន។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចែក​រំលែក​បន្ទុក​នៃ​ការ​ចំណាយ​ក្នុង​ចំណោម​សមាជិក​អង្គការ​អូតង់​ទាំង​អស់»។

លោក Spicer ក៏​បាន​ផ្ដល់​យោបល់​លើ​ការ​រាយការណ៍​ដែល​ថា លោក និង​មន្ត្រី​ផ្នែក​ទំនាក់ទំនង​ផ្សេង​ទៀត​នៃ​សេតវិមាន អាច​ត្រូវ​ដក​ចេញ​ពី​តំណែង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​សេតវិមាន។

តើ​នេះ​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ទៀត​ដែល​អាច​ទៅ​រួច​មែន​ទេ? ដោយសារ​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ពី​មុខ​កាម៉េរ៉ា​អ្នក​សារព័ត៌មាន​នៅ​ក្នុង​កម្រិត​តិច​តួច​តែ​ប៉ុណ្ណោះ លោក​ប្រធានាធិបតី Trump អាច​លើក​ឡើង​ពី​អ្វី​ដែល​លោក​ចង់​និយាយ ដោយ​ខ្លួន​លោក​ផ្ទាល់។

លោក Sean Spicer បាន​លើក​ឡើង​ដូច​នេះ​ថា៖ «នៅ​ទី​បំផុត អ្នក​នាំ​សារ​ដ៏​ប្រសើរ​បំផុត គឺ​លោក​ប្រធានាធិបតី Trump ខ្លួន​លោក​ផ្ទាល់។ លោក Trump តែងតែ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ»។

លោក Spicer មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ រឿង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ នៅ​ពេល​ដែល​លោក​បន្ទោស​អ្នក​សារព័ត៌មាន​នានា​អំពី​ការ​រាយការណ៍​របស់​ពួកគេ​អំពី​លោក Trump មុន​ពេល​ដែល​លោក​ចាកចេញ​ពី​បន្ទប់​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ចំណាយ​ពេល ២០ នាទី តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​នានា។

លោក Spicer បាន​និយាយ​ដូច​នេះ​ថា៖ «មូលហេតុ​ដែល​លោក​ប្រធានាធិបតី Trump មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត គឺ​ដោយសារ​មាន​សេចក្ដី​រាយការណ៍​មិន​ត្រឹមត្រូវ​ជា​បន្ត​រហូត និង​ការ​ប្រើប្រាស់​ប្រភព​មិន​ច្បាស់លាស់​ម្ដង​ហើយ​ម្ដង​ទៀត​ថា មាន​រឿងរ៉ាវ​នានា​កំពុង​តែ​កើត​ឡើង ដែល​តាម​ការ​ពិត មិន​មាន​រឿងរ៉ាវ​ដូច​នោះ បាន​កើត​ឡើង​នោះ​ទេ។ ខ្ញុំ​គិត​ថា ចំណុច​នេះ​គឺ​ជា​បញ្ហា»។

ការ​លើក​ឡើង​ដូច​នេះ​របស់​លោក Spicer គឺ​ជា​សញ្ញា​នៃ​រឿង​រ៉ាវ​នានា ដែល​អាច​នឹង​ចេញ​មក​ពី​ក្រុម​មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៃ​សេតវិមាន ដែល​កំពុង​រង​នឹង​ការ​ចោទ​ប្រកាន់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG