ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ព្រមាន​ថា​ រដ្ឋាភិបាល​ស៊ីរី​កំពុង​ត្រៀម​ធ្វើ​ការ​អាវុធ​គីមី​ថ្មី​មួយ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ក្នុង​ពេល​ចុះ​ហត្ថលេខា​ច្បាប់​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ក្នុង​ពេល​ចុះ​ហត្ថលេខា​ច្បាប់​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ស.រ.អា.​និយាយ​ថា​ ខ្លួន​បាន​ដឹង​អំពី «ការ​ប្រុងប្រៀប» សម្រាប់​ធ្វើការ​វាយ​ប្រហារ​មួយ​ដោយ​អាវុធ​គីមី​ដោយ​កង​កម្លាំងរដ្ឋាភិបាល​ស៊ីរី​ស្រដៀង​គ្នា​នឹងការ​វាយ​ប្រហារ​មួយ​កាល​ពី​ខែ​មេសានៅក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេសស៊ីរី​ដែល​បាន​បណ្តាល​ឱ្យ​ស.រ.អា.​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ជា​ការ​តបត​វិញ។​

សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់ថ្ងៃ​ច័ន្ទ​ពី​លោក Sean Spicer អ្នកនាំ​ពាក្យ​សេតវិមានបាន​ព្រមានប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ថា​ប្រសិន​បើ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​មួយ​លើក​ទៀត នោះ «លោក និង​កងយោធា​លោក​នឹង​បង់​ខាត​ច្រើន»។

គ្មាន​ព័ត៌មាន ឬ​ភស្តុតាង​ចំៗ​អំពី​ការ​ប្រុង​ប្រៀប​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នេះ​ទេ។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​សរសេរ​តាម Twitter ថា​ ការ​វាយ​ប្រហារ​ថែម​ទៀត​ប្រឆាំង​នឹង​ពួក​ជន​ស៊ីវិលស៊ីរី​ «នឹង​ត្រូវ​បន្ទោស​លើ​រដ្ឋាភិបាល Assad ក៏​ប៉ុន្តែ​ក៏​ត្រូវ​បន្ទោស​ដែរ​លើ​ប្រទេស​រុស្ស៊ី ​និង​ប្រទេស​អ៊ីរ៉ង់​ដែល​គាំទ្រ​គាត់​ក្នុងការ​សម្លាប់​ប្រជារាស្ត្រ​ខ្លូន​ឯង»។

ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ីរ៉ង់​ជា​អ្នក​គាំទ្រសំខាន់ៗ​ដល់​រដ្ឋាភិបាល Assad ហើយ​បាន​ផ្តល់ការ​គាំទ្រ​ខាង​យោធា​នៅ​ក្នុង​ការ​ប្រយុទ្ធដ៏​សាំញ៉ាំ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម ​និង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។

គ្មាន​ប្រតិកម្ម​ជា​បន្ទាន់ពី​ប្រទេស​ស៊ីរី រុស្ស៊ី ឬ​ប្រទេស​អ៊ីរ៉ង់​អំពី​សេចក្តី​ថ្លែងការណ៍​នេះ​របស់​សេតវិមាន​នៅ​ឡើយ​ទេ។​

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៤ខែមេសា​លើ​ក្រុង​ Khan Sheikhoun បាន​បណ្តាល​ឱ្យមនុស្ស​ជាង​៨០​នាក់​ស្លាប់។​ ការ​ធ្វើ​វិភាគ​ដោយ​រដ្ឋាភិបាល​បារាំង​បាន​រក​ឃើញ​ថា​ឧស្ម័ន Sarin បាន​ត្រូវ​ប្រើប្រាស់រួម​គ្នា​ជាមួយ​ Hexamine ហើយ​ថា​ការ​ផលិត​សារធាតុគីមី​ស្រដៀង​គ្នា​នេះ​បាន​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​កាល​ពី​ឆ្នាំ២០១៣ដោយ​រដ្ឋាភិបាល​ស៊ីរី​ដែរ។​

លោក Assad បាន​ច្រាន​ចោល​ថា​កង​កម្លាំង​គាត់​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​អ្វី​ដែល​បានកើត​មាន​ឡើង​នៅ​ Khan Sheikhoun ទេ ដោយ​និយាយ​ថា​ឧប្បត្តិហេតុ​នេះ​ជា «ការ​ប្រឌិត» ដោយ​ស.រ.អា.​ដើម្បី​ធ្វើ​ឱ្យ​ការ​វាយ​ប្រហារ​យោធា​របស់​ខ្លួន​លើ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ជា​ការ​ត្រឹមត្រូវ។​ការ​វាយ​ប្រហារ​ដោយ​ស.រ.អា.​បាន​ត្រូវ​ចំ​មូលដ្ឋាន​កងទ័ព​អាកាស​មួយ​របស់​រដ្ឋាភិបាល​ស៊ីរី​ដែល​គេ​មាន​ជំនឿ​ថា​ជា​ប្រភព​នៃ​អាវុធ​គីមី​នោះ៕

XS
SM
MD
LG