ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​កូរ៉ូណា​ថ្មី​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី


បុគ្គលិក​សុខាភិបាល​កាន់​បដា​ នៅ​ពេល​ពួកគេ​ធ្វើ​ការ​តវ៉ា​ នៅ​មុខ​មន្ទីរពេទ្យ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង​ម៉ានីល កលាពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​កាន់​បដា​ នៅ​ពេល​ពួកគេ​ធ្វើ​ការ​តវ៉ា​ នៅ​មុខ​មន្ទីរពេទ្យ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង​ម៉ានីល កលាពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រី​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ថា ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ថ្មី​នេះ​កាន់តែ​យូរ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២០ នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ពេល​ខាង​មុខ។

ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​នឹង​ប្រទេស​ចិន ដូចជា​ប្រទេស​ជប៉ុន និង​វៀតណាម​ជា​ដើម កំពុង​ប្រឈម​នឹង​សម្ពាធ​ក្នុង​ប្រទេស​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ នៅ​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច​ថា ប្រទេស​ចិន​ប្រហែល​ជា​ដោះស្រាយ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​ប្រភេទ​ថ្មី​នេះ​ដោយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។

អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​បាន​និយាយ​ថា ការ​សង្ស័យ​ដែល​ថា​រដ្ឋាភិបាល​ចិន​មិន​បាន​រាយការណ៍​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ករណី​ឆ្លង​មេរោគ​នេះ​ដើម្បី​រក្សា​ស្ថិរភាព​សង្គម​នោះ នឹង​ជះ​ឥទ្ធិពល​ទៅ​ដល់​ប្រទេស​ជិតខាង ដែល​សង្ឃឹម​ថា​នឹង​អាច​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ថ្មី​នេះ​បាន​ដោយ​ខ្លួន​ឯង​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន។

ករណី​ឆ្លង​មេរោគ​នេះ​ភាគ​ច្រើន​គឺ​ស្ថិត​នៅ​តែ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ដែល​នៅ​ទី​នោះ មេរោគ​នេះ​ត្រូវ​បាន​គេ​ឃើញ​ដំបូង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន នៅ​ក្នុង​ទីក្រុង Wuhan។ មេរោគ​នេះ​បាន​ឆ្លង​ទៅ​ប្រទេស​នៅ​ទ្វីប​អាស៊ី​ចំនួន ៦ ផ្សេង​ទៀត។

មន្ត្រី​សុខាភិបាល​ម្នាក់​ត្រួតពិនិត្យ​សីតុណ្ហភាព​របស់​កសិករ​នៅ​កន្លែង​ត្រួតពិនិត្យ​មួយ​នៅ​ភូមិ​មួយ ក្នុង​ខេត្តVinh Phuc កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រី​សុខាភិបាល​ម្នាក់​ត្រួតពិនិត្យ​សីតុណ្ហភាព​របស់​កសិករ​នៅ​កន្លែង​ត្រួតពិនិត្យ​មួយ​នៅ​ភូមិ​មួយ ក្នុង​ខេត្តVinh Phuc កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ជម្លោះ​ដែន​សមុទ្រ ការ​ប្រជែង​ទាមទារ​អធិបតេយ្យ​ភាព និង​បញ្ហា​នានា​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២ រួម​ទាំង​ការ​សង្ស័យ​ចំពោះ​ប្រទេស​ចិន​រឿង​ដោះស្រាយ​ជាមួយ​ជាមួយ​នឹង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ គឺ​ជា​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ភ័យខ្លាច​របស់​ពលរដ្ឋ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

លោក Alex Chiang សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ National Chengchi University ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ និយាយ​ថា៖ «ប្រសិន​បើ​អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម អ្នក​នឹង​គិត​ថា ចិន​នឹង​ព្យាយាម​កែ​សម្រួល​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​ទាំង​នោះ។ ចិន​អាច​នឹង​មិន​សូវ​ធ្វើ​ការ​ទាមទារ និង​អាច​ពិចារណា​ស្រប​តាម​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​នោះ។ ប្រសិន​បើ​ចិន​ធ្វើ​ដូច​ពី​មុន ខ្ញុំ​គិត​ថា នឹង​មាន​បញ្ហា​កាន់​តែ​ខ្លាំង​នា​ពេល​អនាគត»។

ការ​ធ្វើ​ដូច​ពី​មុន​នេះ​ចង់​សំដៅ​លើ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ SARS ឬ​គេ​ហៅ​ថា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០០៣។ ពី​ដំបូង​ឡើយ រដ្ឋាភិបាល​ចិន​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​តិចតួច ទោះបីជា​មាន​សេចក្ដី​រាយការណ៍​ក្រៅ​ផ្លូវ​ការ​ថា ករណី​នៃ​ការ​ឆ្លង​មេរោគ​នេះ​កើន​ឡើង​ខ្លាំង​ក៏​ដោយ។

នៅ​ក្នុង​ទីក្រុង Wuhan កាលពី​ខែ​មករា បន្ទាប់​ពី​មាន​សេចក្ដី​ប្រកាស​ក្នុង​ទីក្រុង​នេះ​ជា​លើក​ដំបូង​ស្ដី​ពី​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស ៨ នាក់ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម។

អ្នក​វិភាគ​នៅ​ក្នុង​តំបន់​និយាយ​ថា ប្រទេស​ជិត​ខាង​ចង់​ដឹង​ពី​ការ​ពិត ដើម្បី​ឱ្យ​ពួកគេ​អាច​ដាក់​ចេញ​នូវ​បម្រាម​ធ្វើ​ដំណើរ ដែល​មាន​លក្ខណៈ​សមស្រប។ ការ​រឹតត្បិត​ធូររលុង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ស្រុក ប្រសិនបើ​ជនជាតិ​ចិន​នាំ​យក​មេរោគ​នោះ​ចូល​ទៅ​ក្នុង​ប្រទេស​ទាំង​នោះ ចំណែក​ឯ​ការ​រឹតត្បិត​តឹងតែង​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅ​ទ្វីប​អាស៊ី។

លោក Ibrahim Suffian ប្រធាន​កម្មវិធី​មួយ​នៃ​មជ្ឈមណ្ឌល Merdeka ដែល​ជា​អង្គការ​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​ថា៖ «បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​បាន​បង្ហាញ​ថា ការ​ឆ្លង​មេរោគ​នេះ​មាន​ចំនួន​ច្រើន​ជាង​ករណី​ឆ្លង​ដែល​បាន​រាយការណ៍​ផ្លូវការ​ទៅ​ទៀត។ ច្បាស់​ណាស់ មាន​ការ​សង្ស័យ​ខ្លះៗ​អំពី​ការ​ពិត​នៃ​ទិន្នន័យ​ដែល​រដ្ឋាភិបាល​ចិន​បាន​រាយការណ៍»។

លោក Jeffrey Kingston សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ Temple University ក្នុង​ប្រទេស​ជប៉ុន បាន​និយាយ​ថា ប្រទេស​ជប៉ុន​បាន​រង់ចាំ​រហូត​ទាល់តែ​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន​ចប់​នៅ​ចុង​ខែ​មករា ទើប​បង្កើន​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ជនជាតិ​ចិន ដោយសារ​តែ​ជប៉ុន​បាន​ព្យាយាម​បង្ហាញ «ភាព​គួរសម» មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ដែល​រំពឹង​ទុក​រួច​មក​ហើយ ចូល​មក​ដល់។

កប៉ាល់ Diamond Princess ស្ថិត​នៅ​ផែ Daikoku Pier Cruise Terminal ក្នុង​ក្រុង Yokohama ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់ Diamond Princess ស្ថិត​នៅ​ផែ Daikoku Pier Cruise Terminal ក្នុង​ក្រុង Yokohama ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ថា ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ថ្មី​នេះ​កាន់តែ​យូរ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២០ នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ពេល​ខាង​មុខ។

លោក Kingston បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា មនុស្ស​គ្រប់​គ្នា​កំពុង​តែ​មាន​ការ​ប្រយ័ត្នប្រយែង។ ឥឡូវ​នេះ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ច្រើន ហើយ​អាជ្ញាធរ​សួរ​អ្នក​ធ្វើ​ដំណើរ​ថា​ពួកគេ​មក​ពី​ណា និង​ដាក់​អ្នក​ដំណើរ​ដែល​បង្ហាញ​រោគ​សញ្ញា​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ ពួកគេ​ក៏​បាន​រឹតត្បិត​អ្នក​ធ្វើ​ដំណើរ​ដែល​មក​ពី​ទីក្រុង Wuhan ប្រទេស​ចិន មិន​ឲ្យ​ចូល​មក​ផង​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ភ័យខ្លាច​ថា វិធានការ​នេះ​មាន​ភាព​យឺតយ៉ាវ»។

ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​មាន​បញ្ហា​លំបាក​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​គ្នា ដោយសារ​តែ​បញ្ហា​កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ​មិន​បាន​ធ្វើ​ការ​សុំទោស​គ្រប់គ្រាន់​ចំពោះ​ការណ៍​ដែល​ជប៉ុន​ឈ្លានពាន​ទឹកដី​ចិន​កាល​ពី​ពេល​នោះ។

នៅ​ក្នុង​ប្រទេស​វៀតណាម ភ្នាក់ងារ​អន្តោប្រវេសន៍​នៅ​កន្លែង​ច្រក​ព្រំដែន​ដាច់​ស្រយាល​នានា​ជាមួយ​នឹង​ប្រទេស​ចិន​បាន​បដិសេធ​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​វៀតណាម​ចំពោះ​អ្នក​ណា​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ទោះ​បី​ជា​វា​ផ្ទុយ​ពី​គោល​នយោបាយ​ផ្លូវការ​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាជីវកម្ម​ឈ្មោះ Dezan Shira & Associates នៅ​ក្នុង​កំណត់​សម្គាល់ ស្រាវជ្រាវ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

រដ្ឋាភិបាល​វៀតណាម​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​មេរោគ​ថ្មី​នេះ​ជាង ១០ ករណី​រួច​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ប្រទេស​នេះ​ក៏​មាន​ភាព​រកាំរកូស​ជាមួយ​នឹង​ប្រទេស​ចិន​ទាក់ទិន​នឹង​រឿង​អធិបតេយ្យ​ភាព​ដែន​សមុទ្រ​ផង​ដែរ ហើយ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​ព្រំដែន​ជាមួយ​គ្នា​កាល​ពី​ទសវត្សរ៍ ១៩៧០។

រី​ឯ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​វិញ កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Rodrigo Duterte បាន​ស្នើ​ប្រជាពលរដ្ឋ​ឲ្យ «បញ្ឈប់​ការ​ភ័យខ្លាច និង​គំនិត​មិន​ចូលចិត្ត​ចិន» បន្ទាប់​ពី​ប្រទេស​របស់​លោក​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Manila Bulletin។

ប្រជាពលរដ្ឋ​ហ្វីលីពីន​ជា​ច្រើន​មាន​ការ​ខឹងសម្បា​នឹង​រដ្ឋាភិបាល​ចិន ដោយសារតែ​ចិន​បាន​ប្រជែង​កាន់កាប់​កោះ​តូចៗ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាំង​ពី​ឆ្នាំ ២០១២ មក។ ពលរដ្ឋ​ម្នាក់​បាន​បញ្ចេញ​មតិ​នៅ​លើ​គេហទំព័រ​ព័ត៌មាន Inquirer.net របស់​ហ្វីលីពីន ដោយ​បញ្ជាក់​ថា៖ «វា​មិន​មាន​អ្វី​អាក្រក់​នោះ​ទេ ប្រសិនបើ​យើង​ប្រុង​ប្រយ័ត្ន (ឬ​មាន​ការ​ភ័យខ្លាច​ចំពោះ​ចិន) នោះ»។

លោក​ប្រធានាធិបតី Duterte បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ហ្វីលីពីន​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ឆ្នាំ ២០១៦ ដោយសារ​លោក​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន។ ប៉ុន្តែ​ឥឡូវ​នេះ ពលរដ្ឋ​ហ្វីលីពីន​កំពុង​ជំរុញ​រដ្ឋាភិបាល​របស់​លោក Duterte ឱ្យ​ចាត់​វិធានការ​តឹងរ៉ឹង​ជាង​មុន ដោយសារ​តែ​ពលរដ្ឋ​ចិន​ចូល​មក​ក្នុង​ប្រទេស​ហ្វីលីពីន​កាន់​តែ​ច្រើន​ទៅៗ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ និង​ដើម្បី​ទេសចរណ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ University of the Philippines Diliman។

អ្នកស្រី​និយាយ​ថា ដោយ​មាន​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ថ្មី​នេះ «មនុស្ស​មួយ​ចំនួន​កំពុង​ព្យាយាម​ភ្ជាប់​បញ្ហា​ទាំង​នេះ​បញ្ចូល​គ្នា»។

នៅ​កោះ​តៃវ៉ាន់ មនុស្ស​ប្រហែល​ពាក់​កណ្ដាល​នៅ​ក្នុង​រដ្ឋធានី​តៃប៉ិ ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ទៅ​ក្រៅ ទោះបីជា​មាន​ការ​ណែនាំ​ផ្លូវ​ការ​ឱ្យ​កាត់​បន្ថយ​ការ​ពាក់​ម៉ាស់ ដោយ​ឲ្យ​ពាក់​តែ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ក៏​ដោយ។ មនុស្ស ១៦ នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ឆ្លង​មេរោគ​នេះ​នៅ​កោះ​តៃវ៉ាន់ ហើយ​អ្នក​ពាក់​ម៉ាស់​និយាយ​ថា ពួកគេ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​មេរោគ​នេះ​ដែល​មិន​អាច​ដឹង​បាន។

នៅ​ខែ​នេះ មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​បាន​ស្នើ​ជា​ថ្មី​សុំ​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក ទោះ​បី​ជា​ប្រទេស​ចិន​បាន​បដិសេធ​ក៏​ដោយ។ នៅ​ពេល​បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភពលោក​កំពុង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ​នៅ​លើ​ពិភពលោក។

ប្រទេស​ចិន​បាន​ទាមទារ​អធិបតេយ្យ​ភាព​លើ​កោះ​តៃវ៉ាន់ និង​បាន​ប្រើ​ឥទ្ធិពល​ការទូត​របស់​ខ្លួន​នៅ​លើ​សាកលលោក​ដើម្បី​ទប់ស្កាត់​តៃវ៉ាន់​មិន​ឱ្យ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ណា​មួយ៕

XS
SM
MD
LG