ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ


លោកស្រី Sarah Fox អ្នក​តំណាង​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក។ (Marcel Crozet/ILO)

​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​​ទទួល​បន្ទុក​សិទ្ធិ​ពលកម្ម​អន្តរ​ជាតិ​និង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​នា​សប្តាហ៍​ខាង​មុខ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​តំណាង​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្ស​កិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅដើម​សប្តាហ៍​ខាង​មុខ។ មន្ត្រីអង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​បាន​ប្រាប់​ VOAថា​ពួកគាត់​ជឿជាក់​ថា ​ដំណើរ​ទស្សន​កិច្ច​ដ៏​កម្រ​នេះ​ ​នឹង​ជួយ​ឱ្យ​មាន​ការគោរ​ពសិទ្ធិ​កម្មករ​និង​កាត់​បន្ថយភាពតានតឹង​នយោបាយ​ក្នុង​ប្រទេស​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិកទទួល​បន្ទុក​សិទ្ធិ​ពលកម្ម​អន្តរ​ជាតិ​និង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​នា​សប្តាហ៍​ខាង​មុខ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ ​ដែល​ VOA ​បាន​ទទួល​នាព្រឹក​ថ្ងៃ​សុក្រ។

​មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ ​សង្ឃឹម​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ជួយ​ឲ្យ​សិទ្ធិ​ការងារ​និង​ការ​គោរព​សិទ្ធិ​មិនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ ​បាន​ឲ្យ​ដឹង​ថា​ លោក​ស្រី Sarah Fox​ ​អ្នក​តំណាង​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​ និង​ប្រទេស​កម្ពុជា។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ស្រី​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​មុន​ពេល​បន្ត​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នា​ដើម​សប្តាហ៍​ខាង​មុខ។ នៅ​ក្នុង​ទស្សនកិច្ច​នា​ប្រទេស​កម្ពុជា​ដែល​ចាប់​ផ្តើម​នាថ្ងៃ​ច័ន្ទ​ខាង​មុខ​ ​អ្នកស្រី​ ​Sarah Fox​ ​នឹង​គ្រោង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អ្នកស្រី​តំណាង​ពិសេស​ ​Fox​ នឹង​គ្រោង​ជួប​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋា​ភិបាល​កម្ពុជា​អង្គការ​ពលកម្ម​ អង្គការ​សង្គម​ស៊ីវិល​ ​និង​ផ្នែក​ឯកជន​មួយ​ចំនួន ​ដើម្បី​លើក​ពីបញ្ហា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមួល​ផ្តុំ ការ​តស៊ូ​មតិ​ជំរុញ​ការងារ​ល្អ​ប្រសើរ​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមភាព​និង​កាលានុវត្តនភាព​ជា​ដើម»។

​លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​ ​ហៅ​កាត់​ថា​ Central ​បាន​ប្រាប់​ VOA​ ​ថា ​លោក​និង​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​មួយ​ចំនួន​ ​គ្រោង​នឹង​ជួប​អ្នក​ស្រី Sarah Fox ដើម្បី​បញ្ចាក់​ពី​ក្តី​បារម្ភ និង​ការ​វិវត្ត​ចុង​ក្រោយ​ជុំវិញ​សិទ្ធិ​មនុស្ស​និង​ការ​គោរព​សិទ្ធិ​ការងារ​ជា​ដើម។​

​«យើង​និង​ពន្យល់​ប្រាប់​គាត់​អំពី​ស្ថានភាព​ពិតប្រាកដ​របស់​កម្មករ​ ​ស្ថានភាព​ពិត​ប្រាកដ​របស់​សហជីព​ដែល​កំពុង​តែ​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​អាច​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​ផង​ដែរ។ ជាពិសេស​គឺការ​រៀបចំ​ច្បាប់​ថ្មីៗ​ ​និង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល។​ ​ជាពិសេស​ច្បាប់​សហ​ជិព​ថ្មី​ហ្នឹង​ ​ដែល​មាន​ការ​រឹតត្បិត​ ​ក៏ដូច​ជា​រឹតត្បិត​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព ​ក្នុង​ការ​ចរចារ​រួម​ ​ហើយ​ហ្នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី»។

​កាល​ពីដើម​ខែ​កក្កដា​កន្លង​ទៅ​ ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដ៏ធំមួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ដោយ​មិន​បាច់​បង់ពន្ធ​លើ​ទំនិញ​នានា ដូច​ជា​វ៉ាលីស​ ​កាបូប​ស្ពាយ​ ​កាបូបដៃ​ ​និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ​ពេល​ដែល​ធ្វើ​ដំណើរ​ជា​មួយ​របស់​ទាំង​នោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។
ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។

​តាម​រយៈ​ការអនុ​គ្រោះ​ពាណិជ្ជកម្មថ្មី​បន្ថែម​នេះ​ ​លោក​ ​មឿន តុលា​ សង្ឃឹមថា អ្នក​ស្រី​ ​Sarah Fox​ ​សហ​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិការងារ​ ​សិទ្ធិ​នយោបាយ​ ​និង​បន្ធូរបន្ថយ​បរិយាកាស​តាន​តឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​គ្មាន​ភាព​ភ័យ​ខ្លាច​នាពេល​ខាង​មុខ។

​«យើង​ចង់​ឱ្យ​អាមេរិក​ប្រើ​ Quota System​ ​ហ្នឹង​ឬ​ក៏​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​ហ្នឹង​ ​ក្នុង​លក្ខខ័ណ្ឌ​មួយ​សុំ​ឲ្យ​កម្ពុជា​ហ្នឹង​ ដោះ​ស្រាយ​នូវ​វិបត្តិ​នយោបាយ​ ឬ​ក៏​បើក​សិទ្ធិសេរីភាព​ឡើង​វិញ​ឲ្យ​កម្មករ​ និយោជិក​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន។ ហើយ​ជាពិសេស​ហ្នឹង​គឺ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​ ​គឺ​ឆ្នាំ​២០១៧​ ​និង​ឆ្នាំ​២០១៨​នេះ​ ​យើង​នឹង​មាន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​អញ្ចឹង​យើង​ចង់​ឃើញ​ស្ថានភាព​នយោបាយ​ឬក៏​ Political climate​ ​ហ្នឹង​មិនមាន​ភាព​គម្រាម​កំហែង»។

​ស្រប​គ្នា​នោះ​ដែរ​ ​លោក​ ​គង់ អាទិត្យ​ ​អគ្គលេខា​នៃ​សហភាព​ការងារ​កម្ពុជា​ (CLC) ក៏​បាន​បញ្ជាក់​ប្រាប់​ VOA​ ​ផង​ដែរ​ថា​ ​លោក​សង្ឃឹម​ថា​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​របស់​លោក​ស្រី​ ​Sarah Fox​ ​នា​សប្តាហ៍​ខាង​មុខ នឹង​ស្វែង​យល់​ពី​ការ​វិវត្ត​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា។

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​ក៏​រំពឹង​ថា​ លោក​ស្រី​តំណាង​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ក៏​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​លើ​សិទ្ធិ​កម្មករ សិទ្ធិ​ការងារ​និង​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​ច្បាប់​គ្រប់គ្រង​សហជីព​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដ៏ចម្រូង​ចម្រាស​ជាដើម។​

«វា​អត់​មាន​អី​ជា​ផល​ផ្ទាល់​ទេ​ តែ​ជា​លក្ខណៈ​សម្ពាធ​បែប​នយោបាយ​ខ្លះ​ទៅ​ខាង​រដ្ឋាភិបាល​ដើម្បី​ឱ្យ​បង្កើន​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចាត់វិធាន​ការណ៍​មក​លើ​សហជិព​ ​ដើម្បី​វា​មាន​ជា​លក្ខណៈ​ស្តង់ដា​បន្ថែម​ទៀត​ ​ហើយ​និង​ដើម្បី​សម្ពាធ​ពី​អន្តរជាតិ​មក​អំពី​អ្វី​ទៅ​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន»។

នា​ថ្ងៃ​សុក្រ​នេះ​ ​VOA​ ​មិន​អាច​ទំនាក់​ទំនង​សុំ​ក្តី​អធិប្បាយ​ពី​មន្ត្រី និង​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការងារ​កម្ពុជា​បាន​ទេ។

​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Sarah Fox អ្នក​តំណាង​ពិសេស​ទទួល​បន្ទុក​ ​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​នាថ្ងៃ​ច័ន្ទ​ខាងមុខ។

ការ​ប្រកាស​ការ​ធ្វើ​ដំណើរ​រទស្សន​កិច្ច​របស់​មន្ត្រី​ការ​បរទេស​អាមេរិក​រូប​នេះ​គឺ​មិន​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​តម្លើង​ប្រាក់​ខែ​គោល​អប្បបរមា​របស់​កម្មករ​កាត់ដេរ​ដល់​១៥៣ដុល្លារ​អាមេរិក​ពី​ចំនួន​១៤០ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​នេះ៕

XS
SM
MD
LG