ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ខែ​អប្បបរមា​កម្មករ​ត្រូវ​ឡើង​ដល់​១៥៣​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧


តំណាង​និយោជក លោក ណាង សុធី និយាយ​ជាមួយ​អ្នកយកព័ត៌មាន​ក្រោយពី​បញ្ចប់​ការបោះឆ្នោត​កំណត់​ប្រាក់​ឈ្នួល នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
តំណាង​និយោជក លោក ណាង សុធី និយាយ​ជាមួយ​អ្នកយកព័ត៌មាន​ក្រោយពី​បញ្ចប់​ការបោះឆ្នោត​កំណត់​ប្រាក់​ឈ្នួល នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្រោយ​ការ​បោះឆ្នោត​ សំឡេង​ភាគច្រើន​គាំទ្រ​ចំនួន​១៤៨​ដុល្លារ ហើយ​តំណាង​ក្រសួង​ការងារ​បាន​ប្រកាស​ថា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បន្ថែម​ចំនួន​៥​ដុល្លារ​ទៀត​ ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​នេះ​ត្រូវ​ដំឡើង​ដល់​១៥៣​ដុល្លារ។

ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​បាន​សម្រេច​ជា​ផ្លូវ​ការក្នុង​ទឹក​ប្រាក់​ចំនួន១៥៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដោយដំឡើង​ចំនួន​១៣​ដុល្លារ​បន្ថែមសម្រាប់​ឆ្នាំ​២០១៧ លើ​ប្រាក់​ឈ្នួល​អប្បបរមាចំនួន​១៤០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​ត្រី​ភាគី​ ដែល​បាន​កំណត់​តួលេខ​៣​ប្រភេទ​ខុសគ្នា​ដើម្បី​ចរចា បាន​ជ្រើស​យកតួលេខ​រួម​មួយកំណត់​ដោយ​រដ្ឋាភិបាល។

គណៈកម្មការ​ប្រឹក្សា​ការងារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាសដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ជា​ផ្លូវការ​ត្រឹម​១៥៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដល់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧ ក្រោយ​ការ​បោះឆ្នោត​ជាសម្ងាត់​ដោយ​ត្រី​ភាគី​លើ​សំឡេង​២២​លើ​២៤។

ក្នុងការ​បោះឆ្នោត​នោះ​ ភាគី​សហជីព​ចំនួន​១៦​នាក់​ តំណាង​ឲ្យ​កម្មករ​ដែល​ស្នើចំនួន​១៧១ដុល្លារ ភាគី​តំណាងនិយោជក​ចំនួន​១៦​នាក់​ដែល​ស្នើ​១៤៧​ដុល្លារ និង​តំណាង​រដ្ឋាភិបាល​ចំនួន​១៤​នាក់​ដែល​ស្នើ​ចំនួន​១៤៨​ដុល្លារ។ ក្រោយ​ការ​បោះឆ្នោត​ សំឡេង​ភាគច្រើន​គាំទ្រ​ចំនួន​១៤៨​ដុល្លារ ហើយ​តំណាង​ក្រសួង​ការងារ​បាន​ប្រកាស​ថា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បន្ថែម​ចំនួន​៥​ដុល្លារ​ទៀត​ ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​នេះ​ត្រូវ​ដំឡើង​ដល់​១៥៣​ដុល្លារ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង លើក​ឡើង​ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​សម្រេច​នោះ​ថា ការ​កំណត់​ប្រាក់​ឈ្នួល​ដោយ​ត្រី​ភាគីចំនួន​១៥៣ដុល្លារ​នេះ​ គឺ​ជា​ប្រាក់​ឈ្នួល​អប្បបរមា​ ឬ​ជា​ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​កម្មករ​និយោជិត ដូច្នេះ​កម្មករ​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​នេះ​ទៅ​តាម​ការងារ​របស់​ពួកគេ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ទៅ​កាន់​អ្នក​កាសែត​ថា៖

«១៥៣​នេះ​ គឺ​សម្រាប់​កម្មករ​និយោជិត​ពេញ​សិទ្ធិ ហើយ​ក្រៅ​ពី​នេះ​អត្ថប្រយោជន៍ផ្សេង​ទៀត​ ក្នុង​ហ្នឹង​មានប្រាក់​រង្វាន់​ការងារ​ទៀង​ទាត់​១០​ដុល្លារ​មួយ​ខែ​ នៅ​រក្សា​ដដែល ប្រាក់​ធ្វើ​ដំណើរ​៧​ដុល្លារ ក៏​នៅ​រក្សា​ដដែល ប្រាក់​អតីតភាព​ដែល​មាន​ពី​២ដុល្លាររហូត​ដល់​១១​ដុល្លារ ក៏​នៅ​រក្សា​ដដែល អញ្ចឹង​ទេ​គឺបូក​ផ្សំ​ទៅ​ខ្ញុំ​គិត​ថា សម្រាប់​ឆ្នាំ​២០១៧ បង​ប្អូន​កម្មករ​និយោជិត​របស់​យើង​គឺ​ ប្រាក់​ឈ្នួល​អប្បបរមា​មាន​កំណើន»។

លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​ប្រាក់ឈ្នួល​នេះ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ​និយោជិត ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ទាំងអស់​គ្នា។

រូបឯកសារ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តី​ពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​លើក​ទី៧ នៅ​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ​ទី៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តី​ពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​លើក​ទី៧ នៅ​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ​ទី៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ អ៊ិត សំហេង បញ្ជាក់​បន្ថែម​ថា៖

«ខ្ញុំ​ក៏​អំពាវនាវ​ដែរ​ថា​ សូម​ឲ្យ​ទាំងអស់​គ្នា​គឺទទួល​យក​នូវសំណើ​នេះ ព្រោះ​នេះ​បាន​ក្លាយ​ទៅជា​បទដ្ឋាន​ហើយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​អនុវត្ត​ ហើយ​ក៏​អំពាវនាវឲ្យ​រោង​ចក្រ​សហ​គ្រាស គ្រឹះស្ថាន​ទាំង​ឡាយ​ចាប់​ពី​ខែ​មួយ​ទៅ​គឺ​ត្រូវ​អនុវត្ត ​បងប្អូន​កម្មករ​សហជីព​ទាំងឡាយ​ត្រូវ​ចូល​រួម​អនុវត្ត ក្រសួង​នឹង​ត្រួត​ពិនិត្យ​ហ្មត់ចត់ ហើយ​បើ​សិន​មាន​អ្នកណា​មិន​អនុវត្តតាម ក្រសួង​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់»។

តំណាង​និយោជក លោក ណាង សុធី លើក​ឡើង​ថា និយោជក​សាទរ​ចំពោះ​ការ​សម្រេច​នេះ ​ហើយ​លោក​រំពឹង​ថា កម្មករ​និយោជិត​នឹង​សប្បាយ​ចិត្ត​ទទួល​យក​ដូចគ្នា។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ជឿជាក់​ថា​ ដោយសារ​ការកំណើន​ជា​រៀង​រាល់​ឆ្នាំ​ដែល​ខាង​និយោជក​ក្នុងវិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​ស្បែក​ជើងផ្តល់​ជូន​បងប្អូន​នឹង​សប្បាយ​ចិត្ត ពីព្រោះ​កំណើន​ជា​រៀងរាល់​ឆ្នាំ ហើយ​ឆ្នាំ​ក្រោយ​យើង​នឹង​ឡើង​ជា​បន្ត​បន្ទាប់​ទៀត»។

ក្នុង​ការ​ប្រជុំ​បោះ​ឆ្នោត​សម្រេច​នេះ គេ​ឃើញ​មិន​មាន​ភាព​ចម្រូងចម្រាស​ដូច​ការសម្រេច​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០១៦​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ តំណាង​សហជីព​ហាក់​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេចនេះ​នៅ​ឡើយ។

រូបឯកសារ៖ លោក អាត់ ធន់ និង​អ្នកស្រី យ៉ាង សោភ័ណ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក អាត់ ធន់ និង​អ្នកស្រី យ៉ាង សោភ័ណ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

តំណាង​សហជីព លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លើក​ឡើង​ថា សហជីព​យល់​ព្រម​ទទួល​យក​ការ​សម្រេច​ប្រាក់​ឈ្នួល​នេះ ប៉ុន្តែ​លោក​ថា សហជីព​ទទួល​យក​ទាំង​មិន​ពេញ​ចិត្ត​ដោយ​សារ​ចំនួន​នេះ​នៅ​តែ​ធ្វើ​ឲ្យ​កម្មករមិន​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ ខណៈ​តម្លៃ​ទំនិញ​នៅ​តែ​មាន​ការ​កើន​ឡើង។

លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​សហជីព​យល់​ព្រម​ចំពោះ​ការ​សម្រេច​នេះ ប៉ុន្តែ​លោក​នឹង​រង់​ចាំ​មើលប្រតិកម្មរបស់​កម្មករ​និយោជិត​ថា​ពួកគាត់​នឹងតវ៉ា​ឬ​អត់។​ ទោះជា​យ៉ាងណា​ លោក​ថា ទាំង​សហជីព និង​កម្មករ​សុទ្ធ​តែ​កំពុង​មាន​សម្ពាធ​ពី​តុលាការនិង​និយោជក​ ដូច្នេះ​ការ​តវ៉ា​អាច​នឹង​ត្រូវ​ប្រឈម​ច្រើន។

លោក អាត់ ធន់ ​មាន​ប្រសាសន៍​ថា៖

«បើ​យើង​មើល​ស្ថានភាព​ ពួក​ខ្ញុំ​ដែល​ជា​អ្នក​ចរចា​សុទ្ធ​តែ​អ្នក​នៅ​ក្រោម​បណ្តឹង​ដែល​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ទាំងអស់​ ដែល​យើង​មាន​ការ​ពិបាក ហើយ​កម្មករនិយោជិត​មួយ​ចំនួន​ខ្ញុំ​គិត​ថា​ គាត់​ក៏​មាន​ការ​លំបាក​ក្នុង​ការ​តវ៉ា​ដែរ ព្រោះ​ថ្មីៗ​នេះ​ឃើញ​ថា​ មាន​ការរឹត​បន្តឹង​ពី​ខាង​និយោជក​ និង​ខាង​អាជ្ញាធរ​ច្រើន​ទៅលើ​ពួកគាត់​ អញ្ចឹង​ខ្ញុំ​គិត​ថា មាន​ការ​លំបាក ប៉ុន្តែ​ចំពោះ​លទ្ធផល​នេះ​ខ្ញុំ​គិត​ថា​មិន​មែន​ពួក​យើង​ពេញ​ចិត្ត​១០០​ភាគរយ​ទេ ប៉ុន្តែ​យើង​គិត​ថា​ប្រហែល​ជា​កម្មករ​មួយ​ចំណែក​ គាត់​អាច​ពិចារណា​ដែរ ដូច្នេះ​យើង​នឹង​ជជែក​គ្នា​ក្រោយ​ពេល​ភ្ជុំ​បិណ្ឌ​យើង​នឹង​ជជែក​គ្នា​ថា​ យើង​នឹង​ធ្វើ​យ៉ាង​ម៉េច​ជា​បន្ត​ទៀត​ យើង​នឹង​ជម្រាប​ជូន​តាម​ក្រោយ»។

មុន​ឆ្នាំ​២០១៣ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ​អាមេរិក ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​និង​អហិង្សា។ យ៉ាង​ហោច​ណាស់​មាន​កម្មករ​៥​នាក់​ស្លាប់ ​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​ក្នុង​បាតុកម្ម​ធំ​មួយ​នា​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

ក្រោយ​ការ​ចរចា​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ ដល់​១៤០​ដុល្លារ ​ប៉ុន្តែ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាម​រយៈ​ការបរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗបណ្តាល​ឲ្យគ្រោះ​ថ្នាក់​និង​ស្លាប់​បាត់​បង់​ជីវិត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG