ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្តពលិក​អេស្ប៉ាញ​ម្នាក់​ចំណាយ​ពេល ៥០០ ថ្ងៃ​នៅ​ក្នុង​រូង​ភ្នំ


អ្នកស្រី Beatriz Flamini អ្នក​ដើរភ្នំជនជាតិអេស្ប៉ាញស្ថិត​ក្នុង​រូងភ្នំ​
អ្នកស្រី Beatriz Flamini អ្នក​ដើរភ្នំជនជាតិអេស្ប៉ាញស្ថិត​ក្នុង​រូងភ្នំ​

អ្នកស្រី Beatriz Flamini ដែល​ជា​អត្តពលិក​លំដាប់​ខ្ពស់​ជនជាតិ​អេស្ប៉ាញ​វ័យ ៥០ ឆ្នាំ បាន​ចេញ​ពី​រូង​ភ្នំ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃ​ទី ១៤ ខែ​មេសា ដែល​នៅ​ទីនោះ​អ្នកស្រី​បាន​រស់នៅ​ក្នុង​ជម្រៅ ៧០ ម៉ែត្រ​ក្រោម​ដី​អស់​រយៈពេល ៥០០ ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ពិសោធន៍​អំពី​ឥទ្ធិពល​នៃ​ភាព​ឯកោ​លើ​សតិ​និង​រាងកាយ​មនុស្ស។

ដោយ​មាន​ការ​ដាក់​កំហិត​ពី​ក្រុម​ការងារ​របស់​អ្នកស្រី​ដល់​បណ្តាញ​ផ្សព្វផ្សាយ​នានា​នៅ​ពេល​អ្នកស្រី​ចេញ​ពី​រូង​ភ្នំ​នោះ​ដើម្បី​ការពារ​មិន​ឱ្យ​អ្នកស្រី​មាន​អារម្មណ៍​ធុញថប់ អ្នកស្រី Flamini បាន​ចេញ​ពី​រូង Los Gauchos ជិត​ក្រុង Montril ហើយ​ញញឹម និង​បាន​បក់ដៃ​ទៅ​កាន់​ហ្វូង​មនុស្ស។

អ្នកស្រី Elena Mera ដែល​ជា​អ្នក​នាំពាក្យ​គម្រោង​ពិសោធន៍​ដែល​គេ​ស្គាល់​ថា Timecave នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អេស្ប៉ាញ EFE ថា ការ​ធ្វើ​ពិសោធន៍​ខាង​លើ​គឺ​ជា​គំនិត​ផ្ទាល់​របស់​អ្នកស្រី Flamini។

ក្នុង​នាម​ជា​អ្នក​មាន​បទ​ពិសោធន៍​ឡើង​ភ្នំ​តែ​ម្នាក់​ឯង និង​ជា​អ្នក​ជំនាញ​ផ្នែក​ផ្គត់ផ្គង់​សម្រាប់​ខ្លួន​ឯង អ្នកស្រី Flamini បាន​ទាក់ទង​ក្រុមហ៊ុន​ផលិតកម្ម Dokumalia កាលពី​ឆ្នាំ ២០២១ អំពី​គំនិត​នៃ​ការ​រស់នៅ​ក្នុង​រូង​ភ្នំ​តែ​ម្នាក់​ឯង​ដោយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ខាង​ក្រៅ​រយៈពេល ៥០០ ថ្ងៃ​នេះ។

យោង​តាម​ក្រុម​ការងារ​របស់​អ្នកស្រី អ្នកស្រី Flamini បាន​ចូល​ក្នុង​រូង​ភ្នំ​នោះ​កាលពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ដោយ​យក​នូវ​កាមេរ៉ា GoPro ចំនួន​ពីរ​គ្រឿង​ទៅ​ជាមួយ សៀវភៅ ៦០ ក្បាល ទឹក​មួយ​ពាន់​លីត្រ និង​គ្រឿង​បរិភោគ​ផ្សេងៗ។ អ្នកស្រី​មិន​មាន​មធ្យោបាយ​ដើម្បី​ឱ្យ​ដឹង​អំពី​ពេលវេលា​បាន​ទេ។ ពួកគេ​និយាយ​ថា អ្នកស្រី​បាន​ចំណាយ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ឱ្យ​មាន​រាងកាយ​មាំមួន គូរ​រូប និង​ចាក់​មួក​ពី​រោម​ចៀម។

អ្នកស្រី Flamini ត្រូវ​បាន​តាមដាន​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត អ្នក​ស្រាវជ្រាវ អ្នក​ជំនាញ​ផ្នែក​សិក្សា​រូង​ភ្នំ និង​អ្នក​ជំនាញ​ផ្នែក​ហ្វឹកហាត់​រាងកាយ ដែល​តាមដាន​អ្នកស្រី​គ្រប់​ជំហាន​លើ​ផ្នែក​សុខុមាលភាព​រាងកាយ​និង​ផ្លូវ​ចិត្ត បើ​ទោះបីជា​ពួកគេ​មិន​បាន​ទាក់ទង​អ្នកស្រី​ដោយ​ផ្ទាល់​ក៏ដោយ។

ទីភ្នាក់ងារ​ព័ត៌មាន EFE បាន​រាយការណ៍​ថា បទ​ពិសោធន៍​របស់​អ្នកស្រី​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​វិទ្យាសាស្រ្ត​នៅ​សាកលវិទ្យាល័យ​នានា​នៅ​ទីក្រុង Granada និង​ទីក្រុង Almeria និង​គ្លីនិក​ផ្នែក​ដំណេក​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ាឌ្រីដ។

ខណៈ​ក្រុម​ការងារ​របស់​អ្នកស្រី​អះអាង​ថា ពេលវេលា ៥០០ ថ្ងៃ​ក្រោម​ដី​ដោយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​ពិភព​ខាង​ក្រៅ​នេះ​គឺ​ជា​កំណត់ត្រា​ពិភពលោក​ថ្មី​មួយ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា អ្នក​នាំពាក្យ​សៀវភៅ​ឯកទគ្គកម្ម​ពិភពលោក Guinness មិន​អាច​បញ្ជាក់​បាន​ភ្លាមៗ​ថា​ការ​អះអាង​នេះ​ត្រឹមត្រូវ​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា




XS
SM
MD
LG