ខណៈមនុស្សរាប់ពាន់នាក់សម្រុកទៅចាក់វ៉ាក់សាំងនៅតាមគ្លីនិកសុខភាព និងនៅតាមកន្លែងចាក់វ៉ាក់សាំងនានាដែលត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសអេស៉្បាញ បុគ្គលិកសុខាភិបាល ក៏បានចេញទៅចាក់វ៉ាក់សាំងដល់មនុស្សមួយចំនួន ដែលជាក្រុមជនងាយរងគ្រោះបំផុតដោយសារវីរុសកូរ៉ូណាផងដែរ។
ទីភ្នាក់ងារសេវាសង្គម បានចាត់ទុកជនជាតិអេស្ប៉ាញជាងមួយលាននាក់ថា ជាក្រុមមនុស្សត្រូវការជំនួយម្ហូបអាហារ និងសេវាថែទាំសុខភាព នៅក្នុងប្រទេសដែលស្ថិតនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុបមួយនេះ។ មនុស្សខ្លះ ក្នុងបណ្តាក្រុមជនទាំងនេះ ស្ថិតនៅតែក្នុងផ្ទះ ហើយមិនអាចចេញទៅចាក់វ៉ាក់សាំងបាន តាមការអំពាវនាវរបស់អាជ្ញាធរ។
ដូច្នេះនៅលើកោះ Mallorca បុគ្គលិកសុខាភិបាល បានទៅចាក់វ៉ាក់សាំងឱ្យពួកគេនៅតាមផ្ទះតែម្តង។
អ្នកស្រី Pilar Rodriguez ជាគិលានុបដ្ឋាយិកាម្នាក់ក្នុងចំណោមគិលានុបដ្ឋាកបីនាក់ក្នុងក្រុង Sa Pobla ស្ថិតនៅលើដែនកោះនេះ ជាអ្នកចាក់វ៉ាក់សាំងកូវីដនៅក្នុងភូមិជិតក្រុងនេះ។
ពេលដើរចូលទៅក្នុងភូមិ អ្នកស្រី Rodriguez និងសហសេវិករបស់អ្នកស្រី ត្រូវបានស្វាគមន៍ដោយក្រុមនុស្សវ័យចំណាស់ ដែលពួកគេភាគច្រើនមិនអាចងើបពីកៅអី ឬគ្រែរបស់ពួកគេ។ អ្នកស្រី Rodriguez បាននិយាយថា អ្នកស្រីនិងសហសេវិកបានចាក់វ៉ាក់សាំងឱ្យមនុស្ស៧០នាក់នៅក្នុងផ្ទះពួកគេក្នុងតំបន់ជនបទនោះ។ ពួកគេបានទទួលវ៉ាក់សាំង Pfizer-BioNTech ដែលជាវ៉ាក់សាំងនាំមុខគេក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសអេស្ប៉ាញ។
អ្នកស្រី Rodriguez និងសហសេវិកអ្នកស្រីកាន់ធុងទឹកកកដាក់វ៉ាក់សាំង ដើរទៅកាន់ផ្ទះទីមួយ ដែលនៅទីនោះពួកគេរៀបចំចាក់វ៉ាក់សាំងកូវីដ។ ចេញពីផ្ទះទីមួយ ពួកគេដើរទៅកាន់ផ្ទះឯទៀតៗដោយមិនជិះក្នុងរថយន្តដែលរលាក់អាចធ្វើឲ្យវ៉ាក់សាំងខូចគុណភាព។ អ្នកស្រី Rodriguez បាននិយាយថា «មិនថាមានភ្លៀងឬខ្យល់ព្យុះអ្វីក៏ដោយ ក៏ក្រុមការងារអ្នកស្រីនៅតែទៅចាក់វ៉ាក់សាំងឲ្យមនុស្សចាស់ៗនៅតាមផ្ទះ»។
អាជ្ញាធរអេស្ប៉ាញ បានកំណត់ទីដៅចាក់វ៉ាក់សាំងនេះឱ្យដល់៧០%នៃប្រជារាស្ត្រពេញវ័យរបស់ផងខ្លួន គឺមនុស្សប្រមាណ៣៣លាននាក់មិនឱ្យហួសពីដំណាច់ខែសីហា។ បន្ទាប់ពីការយឺតយ៉ាវដោយសារមានការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំងដោយក្រុមហ៊ុនផលិតឱសថ ប្រទេសអេស្ប៉ាញ បានបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ហើយនៅពេលនេះ មានមនុស្សជិត១៣លាននាក់ បានចាក់វ៉ាក់សាំងនេះយ៉ាងហោចណាស់មួយដូសដែរ។
អាទិភាពរបស់រដ្ឋាភិបាល គឺចាក់វ៉ាក់សាំងឲ្យក្រុមមនុស្សវ័យចំណាស់ និងក្រុមជនងាយរងគ្រោះបំផុត។ រដ្ឋាភិបាលអេស្ប៉ាញ បានចាក់វ៉ាក់សាំងឱ្យប្រជារាស្ត្រ៩៥%ដែលមានអាយុច្រើនជាង៨០ឆ្នាំរួចរាល់ហើយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ