ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វីប​អឺរ៉ុប​ប្រឈម​នឹង​រលក​ថ្មី​នៃ​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កុមារា​ម្នាក់​ដើរ​ដឹក​ឆ្កែ​របស់​ខ្លួន​ជាមួយ​នឹង​ឪពុក​នៅ​តាម​ផ្លូវ​ដែល​គ្មាន​មនុស្ស​ដើរ​ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ក្រុង Ronda ប្រទេស​អេស៉្បាញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ កុមារា​ម្នាក់​ដើរ​ដឹក​ឆ្កែ​របស់​ខ្លួន​ជាមួយ​នឹង​ឪពុក​នៅ​តាម​ផ្លូវ​ដែល​គ្មាន​មនុស្ស​ដើរ​ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ក្រុង Ronda ប្រទេស​អេស៉្បាញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២០។

រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ហើយ​បាន​អនុម័ត​ការ​បិទ​សកម្មភាព​សង្គម​ជុំ​ថ្មី​នៅ​ទូទាំង​ប្រទេស នៅពេល​ដែល​ខ្លួន​កំពុង​ទប់ទល់​នឹង​ការ​កើនឡើង​ជា​ថ្មី​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។

នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Pedro Sanchez បាន​និយាយ​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ការ​ពិត​គឺ​ថា ទ្វីប​អឺរ៉ុប​និង​ប្រទេស​អេស្ប៉ាញ​បាន​ជួប​ប្រទះ​នូវ​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩»។

លោក​បាន​បន្ថែម​ថា៖ «ស្ថានភាព​នៅ​ពេល​នេះ​គឺ​ធ្ងន់ធ្ងរ»។

ទាំង​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​បារាំង​ដែល​បាន​អនុម័ត​បម្រាម​គោចរ​នៅ​ពេល​យប់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ មាន​ការ​ឆ្លង​ជាង ១ លាន​ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ​សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។

មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​របស់​សហភាព​អឺរ៉ុប បាន​ចូលរួម​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ការ​ជូន​ដំណឹង​ព្រមាន​អំពី​ការ​កើនឡើង​ថ្មី​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។

អ្នកស្រី Andrea Ammon ប្រធាន​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​របស់​សហភាព​អឺរ៉ុប បាន​និយាយ​ថា ទ្វីប​អឺរ៉ុប​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​សាធារណៈ និង​ប្រឈម​នឹង «ស្ថានការណ៍​នៃ​រោគ​រាតត្បាត​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង»។

ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​អស់​នៅ​ទ្វីប​អឺរ៉ុប លើកលែង​តែ​ប្រទេស​ស៊ីប អេស្ដូនី ហ្វាំងឡង់ និង​ក្រិក​តែ​ប៉ុណ្ណោះ គឺ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់ «គួរ​ឲ្យ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ» នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដូច​ទៅ​នឹង​ចក្រភព​អង់គ្លេស​ដែរ៕

XS
SM
MD
LG