អវកាសយានិកពីរនាក់របស់អង្គការ NASA ត្រឡប់មកដល់ផែនដីវិញកាលពីថ្ងៃអាទិត្យ នៅក្នុងដំណើរដ៏លឿនមួយ ដោយប្រើយានអវកាសរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលបានចុះចតនៅឈូងសមុទ្រម៉ិកស៊ិក។
នេះ គឺជាដំណើរត្រឡប់មកផែនដីវិញពីអវកាសជាលើកដំបូងបង្អស់របស់សហរដ្ឋអាមេរិកក្នុងរយៈពេល ៤៥ ឆ្នាំមកនេះ ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនឯកជន ដើម្បីដឹកមនុស្សទៅនិងត្រឡប់ពីគន្លងអវកាស។ ដំណើរត្រឡប់មកវិញនេះបើកផ្លូវឲ្យក្រុមហ៊ុន SpaceX ធ្វើដំណើរម្ដងទៀត ដែលអាចនឹងធ្វើឡើងលឿនបំផុតនៅខែក្រោយ ហើយក៏អាចមានការផ្ដល់ជាសេវាសម្រាប់អ្នកទេសចរនៅឆ្នាំក្រោយនេះផងដែរ។
អវកាសយានិក គឺលោក Doug Hurley និងលោក Bob Behnken បានត្រឡប់មកដល់ផែនដីវិញ តាមយានអវកាស Endeavour របស់ក្រុមហ៊ុន SpaceX ក្នុងរយៈពេលមិនដល់មួយថ្ងៃផង បន្ទាប់ពីចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ និងរយៈពេលពីរខែបន្ទាប់ពីចេញដំណើរពីរដ្ឋ Florida។
ក្រោយពីត្រឡប់មកដល់ផ្ទះវិញនៅក្រុង Houston រដ្ឋតិចសាស់ កាលពីល្ងាចថ្ងៃអាទិត្យ ដោយមានក្រុមគ្រួសារ និងសហការីមួយចំនួនទទួលស្វាគមន៍ ដោយរួមមានទាំងលោក Musk ផង លោក Hurley បានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់ ពេលដែលឃើញអ្នកទាំងអស់គ្នានៅទីនេះ ក្រោយពីបានចេញដំណើរពីភពផែនដីនេះកាលពីប៉ុន្មានខែមុន»៕