អវកាសយានិកអាមេរិកាំងពីររូបបានហោះឡើងទៅកាន់ទីអវកាសកាលពីរសៀលថ្ងៃសៅរ៍ជាលើកដំបូងនៅលើរ៉ុកកែតផលិតដោយក្រុមហ៊ុនឯកជនមួយ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកើតឡើងជិតមួយទសវត្សបន្ទាប់ពីការបាញ់បង្ហោះរ៉ុកកែត ចុងក្រោយបង្អស់ដែលបញ្ជូនអវកាសយានិកពីទឹកដីអាមេរិក។
អវកាសយានិកលោក Doug Hurley និងលោក Bob Behnken បានចាប់ផ្តើមហោះទៅកាន់គន្លងផែនដីទាបនៅម៉ោង ៣:២២នាទី តាមកាលវិភាគ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅទីក្រុងCape Canaveral រដ្ឋ Florida។ ពួកគេហោះនៅលើរ៉ុកកែតដែលត្រូវបានរចនានិងសាងសង់ដោយក្រុមហ៊ុនឯកជនក្នុងរដ្ឋCalifornia មួយ គឺក្រុមហ៊ុន SpaceX Aerospace Co. របស់សេដ្ឋីពាន់លានលោក Elon Musk។ ពួកគេគ្រោងនឹងចូលចតនៅស្ថានីយ៍អវកាសអន្តរជាតិនៅថ្ងៃអាទិត្យនេះ។
ការប៉ុនប៉ងបាញ់បង្ហោះរ៉ុកកែកនេះលើកទី១ ត្រូវបានគ្រោងធ្វើនៅថ្ងៃពុធសប្តាហ៍មុន តែត្រូវបានពន្យារដោយសារអាកាសធាតុមិនល្អគឺមានខ្យល់ខ្លាំង នៅជិតមជ្ឈមណ្ឌលអវកាស Kennedy នៅភាគអាគ្នេយ៍រដ្ឋ Florida។
អវកាសយានិកហោះទៅលំហអាកាសពីសហរដ្ឋអាមេរិកចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១១។ ពេលនោះរដ្ឋបាលអវកាសជាតិ NASA បានបិតកម្មវិធីយានអវកាសរបស់ខ្លួន ហើយបានបង្ខំឱ្យសហរដ្ឋអាមេរិកពឹងផ្អែកលើការចាប់ដៃគូជាមួយទីភ្នាក់ងារអវកាសរុស្ស៊ី ដើម្បីដឹកអវកាសយានិកអាមេរិកាំងទៅកាន់ស្ថានីយអវកាសអន្តរជាតិ។
លោក Hurley និងលោក Behnken ធ្វើដំណើរទៅគន្លងផែនដីទាបនៅខាងក្នុងយានអវកាសថ្មីស្រឡាងមួយឈ្មោះថា Crew Dragon។ ពួកគេនឹងចំណាយពេលប្រហែល ១៩ម៉ោងមុនពេលព្យាយាមចូលចតនៅស្ថានីយ៍អវកាសអន្តរជាតិ។