ប្រភពថាមពលកកើតឡើងវិញ ឥឡូវនេះមានចំនួន៣៥ភាគរយនៃអគ្គិសនីក្នុងប្រទេសអូស្ត្រាលី។
សេចក្តីសង្ឃឹមរបស់រដ្ឋាភិបាលថានឹងបង្កើនចំនួននេះ ឱ្យកើនដល់៨២ភាគរយនៅឆ្នាំ២០៣០ នឹងមិនអាចសម្រេចបានទេ។ នេះបើតាមសម្តីរបស់លោក Chris Bowen រដ្ឋមន្ត្រីទទួលបន្ទុកការប្រែប្រួលអាកាសធាតុនិងថាមពល។
លោកបានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីសប្តាហ៍មុនថា ការជឿនលឿនទៅមុខយឺតពេក ការគ្រប់គ្រងផែនការតឹងតែងពេក ហើយថាវិនិយោគទុនឯកជនក្នុងគម្រោងថាមពលបៃតង កំពុងគាំងដំណើរការ។
ក្រុមប្រឹក្សាថាមពលស្អាត ដែលតំណាងឱ្យក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យ និងក្រុមហ៊ុនផលិតថាមពលកកើតឡើងឯទៀតនោះ បាននិយាយថា៦ខែដំបូងនៃឆ្នាំ២០២៣ មានការចាប់ផ្តើមយ៉ាងយឺតបំផុត សម្រាប់ភាពច្បាស់លាស់លើគម្រោងថាមពលបៃតងតាំងពីឆ្នាំ២០១៧មក។
ជាការឆ្លើយតប រដ្ឋាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងពង្រីកកម្មវិធីមួយដែលទទួលបានការឧបត្ថម្ភថវិកាដោយអ្នកបង់ពន្ធ ដើម្បីជួយដល់គម្រោងផលិតថាមពលស្អាតថ្មីៗ។
ធ្យូងថ្មនិងឧស្ម័ន នៅតែគ្រប់ដណ្តប់លើវិស័យថាមពលនៃប្រទេសអូស្ត្រាលី សម្រាប់ផលិតអគ្គិសនីភាគច្រើន។ ក៏ប៉ុន្តែគ្រាដែលប្រទេសនេះងាកចេញពីប្រេងឥន្ទនៈផូស៊ីល (fossil) មានការបារម្ភអំពីអស្ថិរភាពនៅក្នុងប្រព័ន្ធថាមពល ក្នុងអំឡុងពេលផ្លាស់ប្តូរទៅប្រើថាមពលកកើតឡើងវិញ។
លោក Bowen បានប្រាប់ស្ថានីយទូរទស្សន៍ ABC របស់អូស្ត្រាលី កាលពីសប្តាហ៍មុនថា លោកគ្រោងធ្វើឱ្យការតាំងចិត្តផលិតថាមពលបៃតងរបស់ប្រទេសជាតិ មានដំណើរការដូចការគ្រោងទុកឡើងវិញ។
លោកបានបន្ថែមថា៖
«ក្នុងរោងចក្រផលិតថាមពលដែលប្រើប្រាស់ធ្យូងថ្ម ពួកអ្នកធ្វើការកំពុងបំពេញការងារយ៉ាងល្អប្រសើរ ដើម្បីធ្វើឱ្យរោងចក្រទាំងនោះ មានដំណើរការ ក៏ប៉ុន្តែរោងចក្រទាំងនោះកាន់តែចាស់ទៅ ហើយយើងមានការវិនិយោគទុនយ៉ាងច្រើនសន្ធឹក លើវិស័យថាមពលកកើតឡើងវិញ នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែយើងចង់សម្រេចឲ្យបានដើម្បីវិនិយោគទុនបោះជំហានទៅដល់ទីបញ្ចប់ ឱ្យបានឆាប់រហ័សជាងនេះ ហើយយើងចង់ឱ្យបោះជំហានទៅមុខ ក្នុងការរៀបចំផែនការឱ្យបានឆាប់រហ័ស»។
ប្រទេសអូស្ត្រាលីបានធ្វើសេចក្តីព្រៀងច្បាប់កំណត់យកឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ឱ្យបាន៤៣ភាគរយធៀបនឹងកម្រិតឆ្នាំ២០០៥ ហើយសម្រេចលុបបំបាត់ឱ្យអស់រលីង នៅឆ្នាំ២០៥០។
គោលដៅផ្តល់សេចក្តីត្រូវការថាមពល ៨២ភាគរយ ដែលចេញពីប្រភពថាមពលកកើតឡើងវិញ នៅឆ្នាំ២០៣០នោះ មិនមែនជាការតម្រូវតាមច្បាប់ទេ។
លោក Bowen ត្រូវគេរំពឹងថានឹងតំណាងឱ្យប្រទេសអូស្ត្រាលី នៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ នៅក្នុងទីក្រុង Dubai ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
មុនលោក Bowen ចាកចេញទៅចូលរួមក្នុងសន្និសីទកំពូលនេះ លោកមានគម្រោងផ្តល់សេចក្តីថ្លែងការណ៍មួយស្តីពីការប្រែប្រួលអាកាសធាតុប្រចាំឆ្នាំ ទៅឱ្យសភាសហព័ន្ធ ក្នុងទីក្រុង Canberra នៅសប្តាហ៍ក្រោយ។
ប្រទេសអូស្ត្រាលីបញ្ចេញឧស្ម័នពីការប្រើប្រាស់ធ្យូងថ្ម ក្នុងឆ្នាំ២០២២ លើសប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដល់ទៅ៤ដង បើគិតតាមចំនួនមនុស្ស។ នេះបើតាមអង្គការស្រាវជ្រាវថាមពលស្អាត មួយរបស់ចក្រភពអង់គ្លេស៕