ត្រីបបែល Maugean ជាប្រភេទត្រីដែលមានតាំងពីបុរាណមក ហើយដែលត្រូវបានរកឃើញនៅកន្លែងតែមួយគត់ក្នុងពិភពលោក គឺនៅកំពង់ផែ Macquarie នៅឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Tasmania ដែលជារដ្ឋកោះនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី។
ដែនជម្រករបស់ត្រីនេះមានទំហំប្រហែល ១០០ គីឡូម៉ែត្រការ៉េ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែកម្រិតអុកស៊ីសែនទាប និងគុណភាពទឹកមិនល្អ។ គេបានប៉ាន់ស្មានថា ចំនួនត្រីបបែល Maugean បានថយចុះពីប្រហែល ៣.០០០ ទៅ ១.៥០០ ក្បាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កំពង់ផែ Macquarie បានក្លាយទៅជាតំបន់ឧស្សាហកម្មកាន់តែខ្លាំង ដោយមានការចិញ្ចឹមត្រីសាលម៉ុន និងការផលិតវារីអគ្គិសនីផងដែរ។ កំពង់ផែនេះមានច្រកចូលតូចចង្អៀត រាក់ និងមិនមានទឹកហូរចេញចូលពីមហាសមុទ្រទៀងទាត់នោះទេ។
អ្នកស្រី Alexia Wellbelove អ្នកគ្រប់គ្រងយុទ្ធនាការអំបូរសត្វដែលរងការគំរាមកំហែងនៅសមាគមអភិរក្សសមុទ្រអូស្ត្រាលី បានប្រាប់វីអូអេថា កាកសំណល់ដែលកើតចេញពីការចិញ្ចឹមត្រីសាលម៉ុនកំពុងធ្វើឱ្យមានការប៉ះពាល់នៅតំបន់នោះ។
អ្នកស្រីថ្លែងដូចនេះថា៖ «កាកសំណល់ត្រីធ្វើឱ្យអុកស៊ីសែនពីកំពង់ផែត្រូវបាត់បង់ ដូច្នេះត្រីបបែល Maugean មានជម្រកកាន់តែតិចទៅៗ ហើយនៅពេលដែលវាពងនៅបាតភក់ ពងត្រីទាំងនោះមិនមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីបង្កកំណើតបាននោះទេ។ រឿងនេះកំពុងឈានដល់ចំណុចធ្ងន់ធ្ងរមួយ។ យើងត្រូវឈ្វេងយល់ពីរបៀបដែលយើងអាចនាំយកអុកស៊ីសែនចូលក្នុងតំបន់ផែនេះ»។
ត្រីបបែលមានរាងសំប៉ែតរាបស្មើ និងមានទ្រវែង៤ជ្រុងដូចចតុកោណកែងស្រដៀងនឹងពន្លឺកាំរស្មី ប៉ុន្តែមានកន្ទុយក្រាស់ខ្លី ហើយវាពងនៅក្នុងភក់។
ក្រុមអ្នកវិទ្យាសាស្ត្របារម្ភថា ពួកវាអាចផុតពូជក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ឬអាចត្រូវបានបំផ្លាញដោយអាកាសធាតុធ្ងន់ធ្ងរ។
អ្នកស្រី Wellbelove បានថ្លែងថា អូស្ត្រាលីត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីការពារអំបូរសត្វងាយរងគ្រោះ។ អ្នកស្រីបន្ថែមដូចនេះទៀតថា៖ «ប្រសិនបើយើងបាត់បង់អំបូរសត្វកម្រទាំងនោះ វាមានន័យថា សមុទ្រនិងដីរបស់យើងមិនមានគុណភាពល្អនោះទេ ដូចនេះយើងត្រូវឈ្វេងយល់ថា តើត្រូវធ្វើដូចម្តេចឱ្យប្រសើរឡើង ដើម្បីអាចមានបរិស្ថានរស់នៅប្រកបដោយភាពល្អបំផុតបាននោះ»។
ខណៈដែលត្រីបបែល Maugean បច្ចុប្បន្នត្រូវបានដាក់ក្នុងបញ្ជីសត្វជិតផុតពូជនោះ ស្ថានភាពអភិរក្សរបស់ត្រីនេះកំពុងត្រូវបានវាយតម្លៃឡើងវិញ។
លោក Tanya Plibersek រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ០៧ ខែកញ្ញាកន្លងទៅថា រដ្ឋាភិបាលត្រូវតែ «ចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីបញ្ចៀសពីការផុតពូជ[នៃប្រភេទអម្បូរសត្វកម្រទាំងនោះ]»។
ត្រីបបែលជាអម្បូរសត្វត្រីមួយក្នុងចំណោមអម្បូរសត្វចំនួន ១១០ ប្រភេទ ដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការស្តារឡើងវិញ ក្រោមផែនការសកម្មភាពសម្រាប់ពពួកអម្បូរសត្វដែលរងការគំរាមកំហែងជិតផុតពូជក្នុងប្រទេសអូស្ត្រាលី។ លោក Plibersek ក៏បានថ្លែងផងដែរថា រដ្ឋាភិបាលនឹងវិនិយោគទឹកប្រាក់ចំនួនជាង ១លាន ៣សែនដុល្លារអាមេរិក ដើម្បីបង្កើតកម្មវិធីបង្កាត់ពូជជួយសង្រ្គោះត្រីបបែល Maugean។
ទិវាជាតិស្តីពីប្រភេទសត្វរងការគំរាមកំហែងជិតផុតពូជ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ខែកញ្ញានៅក្នុងប្រទេសអូស្ត្រាលី ដែលជាខួបនៃការស្លាប់របស់សត្វខ្លាពូជ Tasmaniaចុងក្រោយបង្អស់ក្នុងឆ្នាំ ១៩៣៦៕