ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អាស៊ី​អាគ្នេយ៍​នៅ​រដ្ឋ ​Connecticut ​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​សុខភាព​


អ្នកចូលរួមកំពុងផ្ចិតផ្ចង់ស្តាប់ការបកស្រាយរបស់អ្នកជំនាញអំពីតម្រូវការសេវាសុខភាពដែលសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut ត្រូវការ ដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង នៅរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA Khmer)
អ្នកចូលរួមកំពុងផ្ចិតផ្ចង់ស្តាប់ការបកស្រាយរបស់អ្នកជំនាញអំពីតម្រូវការសេវាសុខភាពដែលសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut ត្រូវការ ដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង នៅរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA Khmer)

ពលរដ្ឋ​ខ្មែរ​ ឡាវ ​និង​វៀតណាម​ប្រមាណ​១៥០​នាក់​បាន​ជួប​​ជុំ​គ្នា​ ​ដើម្បី​បកស្រាយ​ពី​តម្រូវ​ការ​ខាង​ប្រព័ន្ធ​សុខភាព​ដ៏​ចាំបាច់​មួយ ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បាក់​ស្បាត។

អ្នក​ផ្តល់​សេវា​សុខភាព ​និង​អ្នក​ជំនាញ​ខាង​សុខាភិបាល​បាន​ជួប​ជាមួយ​នឹង​ពលរដ្ឋ​មក​ពី​សហគមន៍​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​ Hartford​ ភាគ​ខាង​លិច​នៃ​រដ្ឋ Connecticut (ខូណិកធិឃឹត) ​កាល​ពី​ថ្ងៃ​អង្គារ​ទី២០​កន្លង​ទៅ​នេះ។ ​នេះ​ជា​កិច្ច​ប្រជុំ​ដ៏​កម្រ​មួយ​ដើម្បី​វាយ​តម្លៃ​លើ​តម្រូវការ​ខាង​ការ​ថែទាំ​សុខភាព​របស់​សហគមន៍​ទាំង​នេះ។​

ពលរដ្ឋ​ខ្មែរ​ ឡាវ ​និង​វៀតណាម​ប្រមាណ​១៥០​នាក់​បាន​ជួប​ជាមួយ​នឹង​សមាជិក​របស់​សម្ព័ន្ធ​ដើម្បី​សុខភាព​របស់​សមាគម​អាស៊ីអាគ្នេយ៍-អាមេរិកាំង ​និង​អ្នក​គាំពារ​សុខភាព​ពលរដ្ឋ​ខ្មែរ ​ដើម្បី​បកស្រាយ​ពី​តម្រូវ​ការ​ខាង​ប្រព័ន្ធ​សុខភាព​ដ៏​ចាំបាច់​មួយ ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បាក់​ស្បាត ​ដោយ​សារ​តែ​ពួកគេ​ធ្លាប់​បាន​ឆ្លង​កាត់​ជម្លោះ ​និង​អំពើ​ហិង្សា​ដោយ​សារ​សង្គ្រាម។​

លោកស្រី ​គួច ធានវី ​នាយិកា​សមាគម​គាំពារ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ ​បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​សហគមន៍​ទាំង​បី ​ឡាវ ​វៀតណាម ​និង​កម្ពុជា ​នៅ​រដ្ឋ ​Connecticut​ បាន​មក​ជួបជុំ​គ្នា ​និង​ចែក​រំលែក​បទ​ពិសោធន៍ ​និង​បញ្ហា​ប្រឈម​ខាង​សុខភាព​របស់​ពួក​គេ​ទៅ​វិញ​ទៅ​មក។​

«‍ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ​ជនជាតិ​អាស៊ី​ភាគ​អាគ្នេយ៍​យើង​មិន​ដែល​បាន​ជួប​ជុំ​គ្នា​ទេ​ ​ដូច​ថា ​ម្នាក់​ទៅ​ផ្សេង​ ម្នាក់​ទៅ​ផ្សេង។​ ហើយ​គោល​បំណង​របស់​យើង​គឺ​តែ​មួយ​ទេ​ គឺ​បញ្ហា​សុខភាព​របស់​សហគមន៍​យើង»។​

អ្នកចូលរួមមកពីសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៃរដ្ឋ Connecticut សហរដ្ឋអាមេរិក កំពុងចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីស្តាប់ពីបញ្ហាសុខភាពដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
អ្នកចូលរួមមកពីសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៃរដ្ឋ Connecticut សហរដ្ឋអាមេរិក កំពុងចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីស្តាប់ពីបញ្ហាសុខភាពដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)

លោក​ស្រី​ ធានវី ​បាន​បន្ថែម​ទៀត​ថា​ បញ្ហា​សុខភាព​នេះ​ជា​កត្តា​ប្រឈម​ដ៏​ចម្បង​មួយ​សម្រាប់​សហគមន៍​ទាំង​បី ​ដែល​ភាគ​ច្រើន​ពួក​គេ​មាន​បញ្ហា​ក្នុង​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ និង​អ្នក​ជំនាញ​ខាង​សុខភាព​ផ្សេងៗ​ទៀត ​ដោយ​ចំណាយ​ថវិកា​ច្រើន​លើ​សេវា​សុខភាព​នេះ។

«ជួយ​ដូច​ថា ​បន្ថយ​លុយ​កុំ​ឲ្យ​ចាយ​ច្រើន។​ អាហ្នឹង​ហើយ​ដែលកម្មវិធី​សុខភាព​ថ្មី។ ​ទី​មួយ​គឺ​ជួយ​ឲ្យ​អ្នក​ដែល​នៅ​រដ្ឋ ​Connecticut ​មាន​សុខភាព​ល្អ​ជាង​មុន។​ ទីពីរ​គឺ​ជួយ​ ដូច​ថា​ កុំ​ឲ្យ​លុយ​ចាយ​ដូច​លើក​មុន»។​

កម្មវិធី​នេះ​បាន​ចាប់​ផ្តើម​ឡើង ​ដោយ​មាន​អ្នក​តំណាង​បី​រូប​មក​ពី​សហគមន៍​នីមួយៗ​ និយាយ​រៀបរាប់​អំពី​ប្រវត្តិ​អតីត​កាល​របស់​ខ្លួន ​ជាពិសេស​គឺ​បទ​ពិសោធន៍​រត់​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មក​កាន់​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​សុខភាព ​អ្នក​តំណាង​មក​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខាង​សុខភាព ​និង​អ្នក​តាក់​តែង​ច្បាប់​ ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ ​បាន​យល់​ពី​កត្តា​ប្រឈម​ និង​តម្រូវការ​ខាង​សុខភាព​របស់​ពួក​គេ។

«‍នេះ​ជា​កម្មវិធី​ដ៏​សំខាន់​បំផុត​មួយ​ ហើយ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​មក​ចូលរួម​កម្ម​វិធី​បែប​នេះ។ ​ពលរដ្ឋ​ខ្មែរ​មិន​យល់​អំពី​បញ្ហា​នេះ​ទាំង​ស្រុង​នោះ​ទេ​ ពីព្រោះ​ថា​ ពួក​គេ​ខ្លះ​មិន​ព្រម​ទទួល​ស្គាល់​ថា​ ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិត្ត​នោះ​ទេ»។

អ្នកតំណាងបីនាក់នៃសហគមន៍ខ្មែរ ឡាវ និងវៀតណាម រៀបរាប់ពីបទពិសោធន៍ឆ្លងកាត់សង្គ្រាម និងអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួនទៅកាន់អ្នកចូលរួមក្នុងកម្មវិធីស្តាប់ពីបញ្ហាសុខភាព ដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង នៅរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
អ្នកតំណាងបីនាក់នៃសហគមន៍ខ្មែរ ឡាវ និងវៀតណាម រៀបរាប់ពីបទពិសោធន៍ឆ្លងកាត់សង្គ្រាម និងអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួនទៅកាន់អ្នកចូលរួមក្នុងកម្មវិធីស្តាប់ពីបញ្ហាសុខភាព ដែលរៀបចំឡើងដោយសម្ព័ន្ធសុខភាពដើម្បីសមាគមអាស៊ីអាគ្នេយ៍-អាមេរិកាំង នៅរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)

ការ​ពិភាក្សា​តុ​មូល​រវាង​អ្នក​គាំពារ​សុខភាព ​សាស្ត្រាចារ្យ​ខាង​វេជ្ជ​សាស្ត្រ ​និង​អ្នក​គ្រប់គ្រង​ឱសថ​ស្ថាន ​បាន​បង្ហាញ​ថា ​ជំងឺ​បាក់​ស្បាត​ដែល​សមាជិក​របស់​សហគមន៍​ទាំង​បី​នេះ​បាន​ឆ្លង​កាត់​គឺ​ជា​កត្តា​មួយ​ផ្នែក ​ដែល​បណ្តាល​ឲ្យ​ពួក​គេ​មាន​ជំងឺ​រុំារៃ​មួយ​ចំនួន ​ដូចជា ​ជំងឺ​ទឹក​នោម​ផ្អែម ​ជំងឺ​លើស​ឈាម ​និង​លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម។​

ក៏​ប៉ុន្តែ​សម្រាប់​សហគមន៍​ទាំង​បី​នេះ ​ការ​ស្វែង​រក​សេវា​សុខភាព​ដែល​មាន​គុណភាព​ដើម្បី​ព្យាបាល​ជំងឺ​ទាំង​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ដោយ​សារ​តែ​បញ្ហា​ភាសា ​និង​ការ​យល់​ដឹង​តិចតួច​ពី​ប្រព័ន្ធ​សុខភាព​នៅ​សហ​រដ្ឋ​អាមេរិក។ ហើយ​បើ​សិន​ជា​គ្មាន​ជំនួយ​ការ​ខាង​បក​ប្រែ​អាជីព​ទេ ​នោះ​អ្នក​ជំងឺ​មក​ពី​សហគមន៍​ទាំង​នេះ​មិន​អាច​ទទួល​បាន​ការ​ព្យាបាល ​និង​ថ្នាំ​ដ៏​សមរម្យ​សម្រាប់​ពួក​គេ​ទេ។ ​នេះ​បើ​យោង​តាម​លោក​ស្រី Megan Berthold ​សាស្ត្រាចារ្យ​ខាង​កិច្ចការ​សង្គម​នៃ​សាកល​វិទ្យាល័យ Connecticut ​ដែល​បាន​ចំណាយ​ពេល​បី​ឆ្នាំ​បម្រើ​ការងារ​សង្គម​កិច្ច​នៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​

«‍ភាសា​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ។ ​អ្នក​មក​ពី​សហគមន៍​ទាំង​នេះ​ច្រើន​នាក់​ណាស់​ដែល​មិន​ស្រួល​ក្នុង​ចិត្ត​ក្នុង​ការ​បកស្រាយ​អំពី​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ ​ឬ​ក៏​សួរ​សំណួរ​ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​កាន់​តែ​ច្បាស់​ពី​ការ​ព្យាបាល​ជំងឺ ​ដែល​សមរម្យ​សម្រាប់​ស្ថានភាព​របស់​ពួក​គេ»។​

អាស្រ័យ​ហេតុ​នេះ ​អ្នក​ផ្តល់​សេវា​សុខភាព​ដល់​ពួក​គេ​ត្រូវ​តែ​ស្វែងយល់​ពី​វប្បធម៌​ និង​ភាសា​របស់​សហគមន៍​ទាំង​នេះ ​ដើម្បី​ធានា​ថា​ ពួក​គេ​ទទួល​បាន​សេវា​សុខភាព​ដ៏​សមរម្យ​មួយ។ ​នេះ​បើ​យោង​តាម​លោកស្រី ​DJ Ida ចិត្ត​វិទូ ​និង​ជា​នាយិកា​សមាគម​សុខភាព​ផ្លូវ​ចិត្ត​របស់​សហគមន៍​អាស៊ី​ប៉ាស៊ីហ្វិក-អាមេរិកាំង។​

«‍វប្បធម៌ ​និង​ភាសា​ដើរ​តួ​សំខាន់​ណាស់​ក្នុង​ការ​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​បើ​សិន​ជា​អ្នក​ផ្តល់​សេវា​សុខភាព​មិន​យល់​ពី​តម្រូវការ​របស់​អ្នក​ជំងឺ​មក​ពី​សហគមន៍​ទាំង​នេះ​ទេ​ នោះ​មាន​ន័យ​ថា ​ពួក​គេ​មិន​បាន​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដ៏​មាន​គុណភាព​ល្អ​នោះ​ទេ»។​

លោកស្រី ​Ida ​ក៏​បាន​បន្ថែម​ទៀត​ថា ​ការ​ផ្តល់​សេវា​បកប្រែ​ភាសា​អាជីព​ដើរ​តួនាទី​សំខាន់ ​បើសិន​ជា​អ្នក​ផ្តល់​សេវា​សុខភាព​មិន​ចេះ​ភាសា​ផ្សេង ក្រៅ​ពី​ភាសា​អង់គ្លេស។​

«‍យើង​ត្រូវ​ការ​អ្នក​ផ្តល់​សេវា​សុខភាព​ ដែល​ទទួល​បាន​ការ​អប់រំ​ខាង​វប្បធម៌​ផង​ដែរ។ ​ហើយ​បើ​សិន​ជា​ពួក​គេ​មិន​ចេះ​ភាសា​ផ្សេង​ក្រៅ​ពី​ភាសា​អង់គ្លេស ​នោះ​យើង​ចាំ​បាច់​ត្រូវ​តែ​មាន​អ្នក​បក​ប្រែ​ភាសា​អាជីព»។​

ពលរដ្ឋមកពីសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut ប្រមាណ១៥០នាក់បានជួបជាមួយនឹងសមាជិកផ្តល់សេវាសុខភាព អ្នកជំនាញខាងពេទ្យ និងអ្នកគាំពារសុខភាពក្នុងសហគមន៍ដើម្បីបកស្រាយពីតម្រូវការសុខភាពរបស់ខ្លួន នៅមជ្ឈមណ្ឌលសហគមន៍ Elmwood នៅទីក្រុង West Hartford នៃរដ្ឋ​ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)
ពលរដ្ឋមកពីសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut ប្រមាណ១៥០នាក់បានជួបជាមួយនឹងសមាជិកផ្តល់សេវាសុខភាព អ្នកជំនាញខាងពេទ្យ និងអ្នកគាំពារសុខភាពក្នុងសហគមន៍ដើម្បីបកស្រាយពីតម្រូវការសុខភាពរបស់ខ្លួន នៅមជ្ឈមណ្ឌលសហគមន៍ Elmwood នៅទីក្រុង West Hartford នៃរដ្ឋ​ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)

លោកស្រី​ លី សំបូរ ​នាយិកា​ខាង​សេវា​បកប្រែ​ខាង​សុខភាព​ដល់​ជន​ភៀស​ខ្លួន​នៃ​អង្គការ​ Alameda ​បាន​លើក​ឡើង​ថា ​ដើម្បី​ផ្តល់​សេវា​សុខភាព​ដ៏​មាន​គុណភាព​ដល់​សហគមន៍​ទាំង​នេះ​ ​ អ្នក​ផ្តល់​សេវា​សុខភាព​ត្រូវ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំងឺ​ដោយ​ប្រើភាសា​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​យល់​ពី​ការ​ពិនិត្យ​រោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​លើ​សុខភាព​របស់​ពួក​គេ ​និង​ការ​ព្យាបាល​ជំងឺ​របស់​ពួក​គេ។​

«‍យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​មាន​សិទ្ធិទទួល​សេវា​ទៅ​តាម​ភាសា​ដែល​យើង​ដឹង យល់។ ​បើ​យើង​មិន​ចេះ​អង់គ្លេស ​យើង​ទៅ​ពេទ្យ ​យើង​មិន​អាច​ប្រាប់​ពេទ្យ​ថា​ យើង​ឈឺ​អី​ផង។​ ហើយ​គេ​មិន​អាច​យល់​ពី​ការ​គាំពារ​សុខភាព​យើង​បាន​ទេ។ ​មាន​ន័យ​ថា ​គេ​យក​តែ​លុយ​យើង​ ប៉ុន្តែ​គេ​មិន​គិត​ថា​ យើង​ទទួលសេវា​ហ្នឹង​បាន​ដោយ​របៀប​ណា​ទេ»។​

កម្មវិធី​ដែល​ស្តាប់​អំពី​បញ្ហា​សុខភាព​របស់​សហគមន៍​ទាំង​បី​នេះ​ក៏​មាន​ភ្ញៀវ​សំខាន់​ម្នាក់​តំណាង​ឲ្យ​អ្នក​គាំពារ​សុខភាព​ប្រចាំ​រដ្ឋ ​Connecticut ​គឺ​លោកស្រី​ Victoria Veltri ​ដែល​បាន​ចូលរួមស្តាប់​សមាជិក​មក​ពី​សហគមន៍​ទាំង​បី​នេះ ដែល​បានចែក​រំលែក​ក្តី​បារម្ភ​ពី​តម្រូវការ​សេវា​សុខភាព​ដ៏​សមរម្យ​សម្រាប់​ពួក​គេ។

«‍លុះ​ត្រា​តែ​យើង​ស្តាប់​អ្នក​ទាំង​អស់​គ្នា ​ទើប​យើង​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​វិធីសាស្រ្ត​ដែល​យើង​អាច​ផ្តល់​សេវា​សុខភាព​ដ៏​ប្រសើរ​ទៅ​តាម​តម្រូវការ​របស់​អ្នក​ទាំង​អស់​គ្នា​បាន»។​

លោកស្រី​ Veltri ​ក៏​បាន​បន្ថែម​ទៀត​ថា​ នៅ​ពេល​ដែល​មនុស្ស​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​សហគមន៍​មួយ​ ដើម្បី​បកស្រាយ​អំពី​តម្រូវការ​របស់​ពួក​គេ ​នោះ​មាន​ន័យ​ថា​ ប្រព័ន្ធ​សុខភាព​របស់​រដ្ឋាភិបាល​អាមេរិក​ត្រូវ​តែ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ពួក​គេ។​

«‍នេះ​គឺជា​សញ្ញា​ដ៏​ខ្លាំង​មួយ​ទៅ​កាន់​រដ្ឋ​របស់​យើង ​ឬ​ក៏​អាច​ទៅ​កាន់​ស្ថាប័ន​ដែល​ធំ​ជាង​រដ្ឋ​របស់​យើង ​ដែល​ថា​ លុះត្រា​តែ​យើង​រួម​បញ្ចូល​តម្រូវការ​របស់​សហគមន៍​ទាំង​អស់​នេះ​ទៅ​ក្នុង​ប្រព័ន្ធ​សុខភាព​របស់​យើង ​ទើប​យើង​អាច​ទទួល​បាន​ប្រព័ន្ធ​ផ្តល់​សេវា​សុខភាព​ដ៏​មាន​ប្រសិទ្ធភាព​បាន»។​

លោកស្រី​ គួច ធានវី ​យល់​ថា ​កម្មវិធី​ថ្ងៃ​នេះ​គឺជា​កសិណ​សាក្សី​ និង​ជា​ជោគជ័យ​មួយ​សម្រាប់​សហគមន៍​ខ្មែរ ​ឡាវ ​និង​វៀតណាម ​ក្នុង​ការ​ទាមទារ​បាន​នូវ​សេវា​សុខភាព​ដ៏​សមរម្យ។​

«‍ប្រហែល​ជា​នឹង​មាន​កម្មវិធី​មួយ​ទៀត​ដើម្បី​ជួបជុំ​គ្នា ​ដើម្បី​ជម្រាប​ប្រជាជន​ទាំង​អស់​ឲ្យ​ដឹង​ថា ​យើង​ធ្វើការ​ជឿន​លឿន​បាន​ដល់​ប៉ុណ្ណា។ ​ហើយ​ត្រូវ​ឲ្យ​គុណ​សម្បត្តិ​ទៅ​គាត់ ​ពីព្រោះ​គាត់​ហ្នឹង​ហើយ​ដែល​ជា​សាក្សី»។​

សម្រាប់​អ្នក​ចូលរួម​ជា​ច្រើន​នាក់ ​កម្មវិធី​នេះ​គឺជា​សញ្ញាណ​នៃ​សាមគ្គីភាព ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សហគមន៍​ខ្មែរ ​ឡាវ ​និង​វៀតណាម​នៅ​រដ្ឋ Connecticut​ សហរដ្ឋ​អាមេរិក​នេះ៕

XS
SM
MD
LG