ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនគាំទ្រគម្រោងរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ាក្នុងការធ្វើច្បាប់ផ្តល់សិទ្ធិរស់នៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់។ ក្រុមប្រជាពលរដ្ឋខ្មែរខ្លះចង់ឃើញសភាកែប្រែច្បាប់ជនអន្តោប្រវេសន៍ដែលអាចផ្តល់សិទ្ធិដល់ជនអន្តោប្រវេសន៍បានរស់នៅជួបជុំគ្រួសារក្នុងប្រទេសអាមេរិកបន្ទាប់ពីពួកគេបានប្រឹងប្រែងឆ្លងកាត់ការរស់នៅដ៏លំបាកជាច្រើនឆ្នាំមកនោះ។
ក្រុមប្រជាពលរដ្ឋខ្មែរអាមេរិកាំងបានថ្លែងថា សហរដ្ឋអាមេរិកជាពិសេសគណបក្សទាំងពីរគួរតាក់តែងច្បាប់យ៉ាងណាដែលអាចអនុញ្ញាតិដល់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់បានជ្រកកោណក្នុងប្រទេសអាមេរិកនិងរួចផុតពីការបណ្តេញត្រឡប់ទៅកាន់ប្រទេសដើមវិញ។
អត្ថាធិប្បាយយ៉ាងដូច្នេះគឺយោងទៅលើបទបញ្ជានិតិប្រតិបត្តិរបស់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលអាចអនុញ្ញាតឲ្យជនអន្តោប្រវេសន៍គ្មានសំបុត្រស្នាមរាប់លាននាក់ជៀសផុតពីការបណ្តេញចេញពីសរអា។ រឿងនេះត្រូវក្រុមសមាជិកសភាគណបក្សសាធារណរដ្ឋដែលនឹងគ្រប់គ្រងសភាទាំងពីរថ្នាក់តាំងចិត្តថានឹងតបតហើយសម្តែងនូវការខឹងសម្បារយ៉ាងខ្លាំង។
លោក អ៊ិន សួន អាយុ៦១ឆ្នាំមានស្រុកកំណើតនៅឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងឆ្នាំ១៩៨២ លោកបានមករស់នៅក្នុងក្រុងអូកឡែន (Oakland) រដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេបង្អស់ក្នុងប្រទេសអាមេរិក។ លោកបានអះអាងថា ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទៅប្រទេសដើមវិញចោលក្រុមគ្រួសារ កូនកើតក្នុងប្រទេសនេះនឹងមានផលវិបាកច្រើនដូចជាការប៉ះទង្គិចដល់ជីវភាពនិងការរស់នៅ ហើយជាពិសេសការប៉ះទង្គិចផ្លូវចិត្ត។
«ទី២ គួរតែកុំដេញគ្នាទៅវិញអី កុំនិរទេសគ្នាទៅវិញអី គឺគួររកវិធានការ ត្រូវតែជួយសង្គ្រោះពួកគេ ហើយមានកិច្ចការសង្គមកិច្ចជាច្រើនត្រូវតែលៃលកឲ្យបាន ដិតដល់»។
ទោះជាយ៉ាងណាក៏ដោយលោកគាំទ្រឲ្យមានការបញ្ជូនទៅវិញចំពោះជនដែល ប្រព្រឹត្តអំពីឧក្រិដ្ឋ តែមិនមែនជនអន្តោប្រវេសន៍ដែលខំប្រឹងធ្វើការនិងតស៊ូ ដោយគ្រាន់តែចង់បានការរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ។
«ខ្ញុំពិចារណាមើលការយកមកជជែក ដេញដោលអំពីជនអន្តោប្រវេសន៍ហ្នឹងគឺ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មដែលជនអន្តោប្រវេសន៍ប្រព្រឹត្តហើយពិបាកនឹង តាមដាន ពិបាកនឹងរក។ នេះទី១។ ហើយទី២ វាដូចជាមានភាពរញ៉េរញ៉ៃ ជាពិសេសដូចខាងខ្ញុំនៅរដ្ឋកាលីហ្វ័រញ៉ាហ្នឹង វាមានជនអន្តោប្រវេសន៍ខុសច្បាប់ខ្លះ លបលាក់លួចនៅធ្វើការងារ ហើយផ្នែកខាងឈ្មួញ ផ្នែកខាងក្រុមហ៊ុន ដែលបើកតូចតាចធ្វើកិច្ចការហ្នឹង យកជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងមកធ្វើការដល់មកធ្វើការទៅអត់បានបង់ពន្ធដារជូនរដ្ឋាភិបាល»។
លោកបានបន្ទរតាមការអះអាងរបស់មន្ត្រីលោកប្រធានាធិបតីខ្លះដែលថា ការអនុញ្ញាតិដល់ជនអន្តោប្រវេសន៍ខុសច្បាប់ស្នាក់នៅក្នុងប្រទេសអាមេរិកដោយការធ្វើច្បាប់នោះអាចធ្វើឲ្យគ្រួសារមានសុភមង្គល ពួកគេធ្វើការបង់ពន្ធបង្កើនសេដ្ឋកិច្ចប្រទេស ប្រសិនបើគេធ្វើការជាមួយក្រុមហ៊ុននានា។ ឧទាហរណ៍ដូចជាការបេះផ្លែឈើ ធ្វើជាងសំណង់ជាដើមដែលលោក អ៊ិន សួន ថា ពន្ធដារកន្លងមកបាត់យ៉ាងច្រើនដោយសារតែគ្មានការគ្រប់គ្រងជនអន្តោប្រវេសន៍ច្បាស់លាស់។
លោក ហ៊ូ តេង អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកមក រស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨២ ជាជាងសំណង់ចូលនិវត្តន៍។ បច្ចុប្បន្នលោករស់នៅក្នុងក្រុងហ្វ៊ីឡាឌែលហ្វា (Philadelphia) រដ្ឋភេនស៊ីនវេនៀ (Pennsylvania)។ លោកថាច្បាប់មនុស្សអ្នកធ្វើ ហើយមនុស្សក៏អាចកែប្រែបានដែរ ដែលលោកថាជាការល្អដែលគណបក្សទាំងពីរធ្វើការរួមគ្នាដើម្បីរកច្រកចេញណាមួយចំពោះការអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍បានរស់នៅស្របច្បាប់។
«គំនិតរបស់ខ្ញុំៗជឿជាក់ថាយើងធ្វើយ៉ាងណាបង្កើតច្បាប់ថ្មីឲ្យគ្នាមានសិទ្ធិជ្រកកោណ រស់នៅឲ្យពេញលក្ខណៈដូចជាមនុស្សប្រជាធិបតេយ្យ ដូចគេដូចឯងនៅក្នុងសាកលលោក ដែលគេកាន់លទ្ធិប្រជាធិបតេយ្យ ហើយការបញ្ជូនទៅនឹងក៏ខ្ញុំជឿថាវាខុសឆ្គងចំពោះច្បាប់សិទ្ធិមនុស្សរបស់យើងហ្នឹងព្រោះគ្នាមករស់នៅ៥ឆ្នាំ១០ឆ្នាំឬក៏កើតនៅទីនេះអញ្ចឹង ហើយដល់យើងបញ្ជូនទៅហាក់ដូចជាមិនសមរម្យចំពោះខ្ញុំ»។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកហាក់បីដូចជាមិនមែនប្រទេសគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេប្រសិនបើគេបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅប្រទេសកំណើតវិញក្រោយពីគេបានរស់នៅអស់រយៈពេលជាយូរឆ្នាំហើយនោះ។
«កាលណាគ្នារស់នៅទីនេះបានសេចក្តីថាគ្នាខំរកការងារធ្វើរកទីជម្រក ហើយគ្នាដែលខំរត់ពួនពីណាពីណី ខំរត់មកនៅទីនេះទាំងខុសច្បាប់ បានសេចក្តីថា ដូចគ្នាដល់ត្រើយហើយ។ បានសេចក្តីថាដល់ពេលគ្នាដល់ត្រើយហើយយើង បញ្ជូនគ្នាទៅវិញ វាហាក់ដូចជាខកចិត្តធំសម្បើមដែរសម្រាប់ជីវិតគ្នាម្នាក់ៗ។ យើងប្រៀបធៀបថា ឧបមាថាខ្លួនយើងវិញ ធ្វើអញ្ចឹងវិញ ពេលគេចាប់បញ្ជូនទៅវិញតើយើងខកចិត្តប៉ុន្មាន?»
ពីទីក្នុងក្រុងស៊ីអាថល (Seattle) រដ្ឋវ៉ាស៊ីនតោន លោក លែរី សេង ជាបុគ្គលិកក្រុមហ៊ុនប៊ូអ៊ីង ដែលមានស្រុកកំណើតនៅខេត្តតាកែវ ហើយបានមករស់នៅក្នុងប្រទេសអាមេរិកក្នុងឆ្នាំ១៩៨៨។
លោកបានថ្លែងថា ជាការល្អប្រសិនបើសភាអាមរិកាំងកែប្រែច្បាប់ឲ្យស្របតាម ស្ថានការណ៍បច្ចុប្បន្ន និងផ្តល់ឱកាសឲ្យជនអន្តោប្រវេសន៍ខុសច្បាប់បានរស់នៅ សមស្របតាមច្បាប់វិញ។ ហើយលោកបានកោតសរសើរដល់លោកប្រធានាធិបតីអូបាម៉ានិងគណបក្សប្រជាធិបតេយ្យមានបំណងកែច្បាប់ដើម្បីឲ្យជនអន្តោប្រវេសន៍ខុសច្បាប់បានរស់នៅស្របច្បាប់ ប្រកបកិច្ចការបង់ពន្ធជូនរដ្ឋបានមានជីវភាពនិងសុខភមង្គលក្នុងគ្រួសារបាន។
«ស្ថានការណ៍ហ្នឹង ខ្ញុំធ្លាប់ជាជនភៀសខ្លួនម្នាក់មករស់នៅលើទឹកដីសរអានេះ ខ្ញុំមានការពិសោធច្រើនក្នុងជីវិតពីព្រោះជនភៀសខ្លួននីមួយៗដែលរត់ចេញពី ប្រទេសរបស់ខ្លួនហ្នឹងដោយសារមានការរស់នៅមិនប្រកបទៅដោយសេរីភាព ជីវភាពហ្នឹងដុនដាប ម្ល៉ោះហើយគ្នាស្វែងរកទីកន្លែងដែលពោរពេញទៅដោយ សុភមង្គលសម្រាប់គ្រួសារនិងអនាគតរបស់កូនចៅ»។
យ៉ាងណាក៏ដោយលោក យ័ប គឹមទឹង ប្រជាពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋវីជីនៀ ហើយជាសកម្មជនសិទ្ធិមនុស្សបានអះអាងថា ការបញ្ជូនចេញក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ប្រទេសវិញជារឿងធ្វើលំបាកផ្លូវចិត្តនិងបាត់សុភមង្គលក្នុងគ្រួសារ។ តែលោកបានឃើញថា សរអាមានការគោរពច្បាប់និងជជែកវែកញែកខ្លាំងរឿងផ្លូវច្បាប់ មិនអាចស្ថាប័នណាមួយចេះតែមានអំណាចធ្វើអ្វីតាមចិត្តបានទេ។
«វាពិបាកដែរ តែពួកនោះចូលមកនៅស្រុកគេខុសច្បាប់ ម្ល៉ោះហើយគេត្រូវអនុវត្ត ច្បាប់ដើម្បីជំរុញពួកហ្នឹងចេញទៅវិញ តែនៅសរអា ខ្ញុំឃើញម្យ៉ាងគឺថា គេមិន ទាត់ធាក់ប្រជាជន គេឲ្យប្រជាជនមានសិទ្ធិដូចថា រកមេធាវី រកអីតាមច្បាប់ដើម្បី ធ្វើតំណាងគេ។ ម្ល៉ោះហើយគេមិនធ្វើរបៀបឃោរឃៅដូចយើងធ្លាប់ឃើញនៅក្នុង ប្រទេសផ្សេងៗទៀត»។
លោកបានបន្ថែមថា ជាការល្អមួយក្នុងប្រទេសអាមេរិកដែលមន្ត្រីយកប្រជាពលរដ្ឋធ្វើជាចៅហ្វាយ ជជែកគ្នា ដេញដោលគ្នាឲ្យពលរដ្ឋបានដឹងនិងពិចារណា។
«ប៉ុន្តែ ខ្ញុំយល់ថា នេះជាការល្អ ពីព្រោះការគោរពច្បាប់ ចេះខ្លាចគ្នាទៅវិញទៅ មក អញ្ចឹងជាការល្អព្រោះ បើមិនអញ្ចឹងទេ អ្នកដែលមានអំណាចច្រើនតែ រំលោភសិទ្ធិប្រជាជនឬមួយក្រុមមួយផ្សេងទៀតធ្វើឲ្យអត់មានយុត្តិធម៌។ ដល់ ពេលនៅស្រុកអាមេរិកាំងគេមានច្បាប់អញ្ចឹងទៅ ទោះបីជាប្រធានាធិបតីយើងមើលទៅឃើញថាមានអំណាចខ្លាំងមែនក៏ដោយ ក៏ប៉ុន្តែត្រូវតែគោរពច្បាប់ បើមិនគោរពច្បាប់ទេ គេអាចធ្វើបាបប្រធានាធិបតីហ្នឹងបាន»។
ពលរដ្ឋខ្មែរជិតកន្លះលាននាក់កំពុងរស់នៅក្នុងប្រទេសអាមេរិកក្រោយពីភៀសខ្លួនមកពីប្រទេសកំណើតដោយសារសង្គ្រាម ដោយសាររបបខ្មែរក្រហមនិង ដោយសារការធ្វើទុក្ខបុកម្នេញផ្សេងៗ ដែលគេដឹងមានមួយចំនួនក៏កំពុងរស់នៅ ខុសច្បាប់ឬគ្មានសញ្ជាតិអាមេរិកាំងដែរ ហើយពួកគេអាចទទួលផលប្រយោជន៍ ពីបទបញ្ជានិតិប្រតិបត្តិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែរ។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បានចោទលោកប្រធានាធិបតី ថាបានរៀបចំឲ្យមានការលើកលែងទោស ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជាការរំលោភលើអំណាចរបស់លោក។ តែមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យមួយចំនួននៅក្នុងរដ្ឋសភា និងក្នុងព្រឹទ្ធសភាបានសរសើរលោកប្រធានាធិបតីអូបាម៉ា ចំពោះសេចក្តីក្លាហានរបស់លោក ហើយបាននិយាយថា លោករក្សាសេចក្តីថ្លៃថ្នូរក្នុងគ្រួសារ ដោយបញ្ឈប់ការបែកបាក់គ្រួសារ ដោយសារការបណ្តេញចេញពីប្រទេសនោះ។ ទោះជាយ៉ាងណាក៏ដោយ សភាទាំងពីរថ្នាក់ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋមានសំឡេង ភាគច្រើននោះ អាចនឹងធ្វើការប្រឆាំងនឹងបទបញ្ជានីតិប្រតិបត្តិសប្តាហ៍មុនរបស់លោកប្រធានាធិបតី ក្រោយពេលបុណ្យអរព្រះគុណរបស់អាមេរិកាំង (Thanksgiving) នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកានេះ៕