ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ


ពលរដ្ឋ​ខ្មែរ​អាមេរិក​ប្រមាណ​៦០នាក់​បាន​ជួបជុំ​គ្នា ដើម្បី​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សៅរ៍ ទី១២ ខែ​កញ្ញា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA Khmer)

ប៉ុន្មាន​ថ្ងៃ​មុន​ការ​មក​ដល់​នៃ​ទិវា​សេចក្តី​ប្រកាស​ជា​សកល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​ប្រមាណ​ជាង​៦០នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​ដល់​លោក​ឯក​អគ្គរដ្ឋ​ទូត​ខ្មែរ​នៅ​អាមេរិក​កាល​ពី​ថ្ងៃទី​១២ ខែ​កញ្ញា កន្លង​ទៅ​នេះ។

ប៉ុន្មាន​ថ្ងៃ​មុន​ការ​មក​ដល់​នៃ​ទិវា​សេចក្តី​ប្រកាស​ជា​សកល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​ប្រមាណ​ជាង​៦០នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​ដល់​លោក​ឯក​អគ្គរដ្ឋ​ទូត​ខ្មែរ​នៅ​អាមេរិក​កាល​ពី​ថ្ងៃទី​១២ ខែ​កញ្ញា កន្លង​ទៅ​នេះ។

តំណាង​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​ខ្មែរ​អាមេរិក​មក​ពី​រដ្ឋ​ជាង​៦ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឲ្យ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា និង​គោរព​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បញ្ចេញ​មតិ។

លោក យ័ប គឹម ទឹង ប្រធាន​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ បាន​ឲ្យ​ដឹង​ថា ‍បាតុកម្ម​នេះ​គឺ​ធើ្វ​ឡើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ទៅ​តាម​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ មុន​ការ​មក​ដល់​នៃ​ទិវា​សេចក្តី​ប្រកាស​ជា​សកល​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ត្រូវ​នឹង​ថ្ងៃទី១៥ ខែ​កញ្ញា​នេះ។

«‍យើង​នាំ​គ្នា​ជួបជុំ​គ្នា ដើម្បី​ទាម​ទារ​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​យើង​ឲ្យ​ពិត​ប្រាកដ»។

ផ្អែក​តាម​ស្ថានភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សមាជិក​នៃ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន និង​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​សួន​ប្រជា​ធិបតេយ្យ​កាល​ពីខែ​កក្កដា ​ឆ្នាំ​២០១៤ ហើយ​និង​សកម្មជន​បរិស្ថាន​បី​នាក់​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​ហាម​ឃាត់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះ​កុង ។

​អាស្រ័យ​ហេតុ​នេះ លោក យ័ប គឹង ទឹង បាន​បញ្ជាក់​ថា បាតុកម្ម​នេះ​ក៏​ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោះ​លែង​សកម្មជន​ទាំង​នេះ។

«‍ហើយ​យើង​ក៏​យក​ឱកាស​នេះ សុំ​ឲ្យ​ដោះ​លែងអ្នក​ដែល​គេ​ទើប​ចាប់​ដាក់​គុក ជាពិសេស​គឺ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​សកម្មជន​អារ៉ែង និង​អ្នក​ផ្សេងៗ​ទៀត​ដែល​បាន​ជាប់​គុក»។

ក្រៅ​ពី​ការ​ស្នើ​សុំ​ទាមទារ​ទាំង​នេះ លោក ជា គឹមលី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ទ្វីប​អាមេរិក​ខាង​ជើង បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ញត្តិ​នេះ​ក៏​ដើម្បី​ជំរុញ និង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​លុប​បំបាត់​អំពើ​ពុក​រលួយ និង​ការ​កេង​ប្រវេ័ញ្ច​ធនធាន​ធម្មជាតិ។

«‍យើង​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ខិតខំ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ ការ​បូម​ខ្សាច់ និង​ការ​ជិះជាន់​យក​ដី​ធ្លី​របស់​ប្រជាជន​ខ្មែរ​យើង»។

អ្នក​ចូលរួម​បាតុកម្ម​ទាំង​អស់​គ្នា​បាន​កាន់​បដា​ស្តី​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ទង់​ជាតិ​សាសនា​ខ្មែរ និង​ទង់ជាតិ​ខ្មែរ និង​អាមេរិក ដោយ​ដើរ​ហែរ​ក្បួន​ជុំវិញ​ស្ថាន​ទូត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក ហើយ​ស្រែក​សួរ​ថា អ្វី​ដែល​យើង​ចង់​បាន​នោះ​គឺ លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។

លោកស្រី ថិត គឹម​ហ៊ុន ជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​មក​ពី​រដ្ឋ North Carolina យល់​ថា ការ​ចូល​រួម​របស់​លោក​ស្រី​ក្នុង​ថ្ងៃ​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ មាន​ន័យ​ថា ពលរដ្ឋ​ធម្មតា​ដូច​ជា​លោក​ស្រី​អាច​បញ្ចេញ​មតិ​ និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បាន ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

«‍វា​មាន​ន័យ ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​បាន​មក​បញ្ចេញ​មតិ។ ខ្ញុំ​ចង់​និយាយ​ពាក្យ​ដែល​ខ្ញុំ​ចង់​និយាយ​ក្នុង​ចិត្ត ដោយ​មិន​បាច់​ភ័យ​ខ្លាច​ថា ខ្ញុំ​នឹង​ត្រូវ​គេ​អូស​ចូល​គុក។ ខ្ញុំ​នឹង​ត្រូវ​កង​ប្រដាប់​អាវុធ​មក​បាញ់​ខ្ញុំ។ ខ្ញុំ​នឹង​ត្រូវ​ជាប់​គុក​ដូច​សកម្មជន​កន្លង​មក ដែល​គាត់​បញ្ចេញ​មតិ»។

ក៏​ប៉ុន្តែ លោក​ស្រី គឹមហ៊ុន យល់​ថា នៅ​ប្រទេស​កម្ពុជា​លទ្ធិ​ប្រជាធិបតេយ្យ​មិន​មាន​ទេ ពីព្រោះ​ថា ការ​បញ្ចេញ​មតិ និង​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប ដោយ​មាន​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ដែល​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ហើយ​លោក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ថា វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​រួបរួម​គ្នា និង​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិ​វិធី។

«‍មិន​ថា​យើង​ខ្មែរ​មក​ពី​ខាង​ណា ឬ​ខាង​ណា វា​គួរ​តែ​ដល់​ពេល​ដែល​យើង​រួបរួម​គ្នា ដើម្បី​ស្រោច​ស្រង់​ប្រទេស​យើង»។

តំណាង​ឲ្យ​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ក៏​បាន​លើក​យក​បញ្ហា​សិទ្ធិ​ពលករ បញ្ហា​ប្រាក់​បៀរវត្សរ៍​ទាប​សម្រាប់​គ្រូ​បង្រៀន ការ​ពង្រឹង​សមត្ថភាព និង​ការ​អប់រំ​របស់​យុវជន​កម្ពុជា​មក​និយាយ​តាម​មេក្រូ​នៅ​មុខ​ស្ថានទូត​កម្ពុជា ដោយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន និង​ពង្រឹង​កំណែ​ទម្រង់​លើ​វិស័យ​ទាំង​អស់​នេះ ដើម្បី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា។

បាតុកម្ម​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​សន្តិភាព ហើយ​តំណាង​ស្ថានទូត​កម្ពុជា​បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក ដើម្បី​បញ្ជូន​ទៅ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន៕

XS
SM
MD
LG